អតីតទាហានជើងគោកនឹងមកដឹកនាំស្ថានទូតអាមេរិកនៅភ្នំពេញ ដើម្បីពង្រីកពាណិជ្ជកម្ម និងការវិនិយោគ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អតីតទាហានជើងគោកនឹងមកដឹកនាំស្ថានទូតអាមេរិកនៅភ្នំពេញ ដើម្បីពង្រីកពាណិជ្ជកម្ម និងការវិនិយោគ

អតីតទាហានជើងគោកនឹងមកដឹកនាំស្ថានទូតអាមេរិកនៅភ្នំពេញ ដើម្បីពង្រីកពាណិជ្ជកម្ម និងការវិនិយោគ

លោក Christopher Anderson អតីតទាហាននៃកងទ័ពជើងគោកអាមេរិក នឹងមកធ្វើជាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ដើម្បីជំរុញទំនាក់ទំនងទ្វេភាគីកម្ពុជា-អាមេរិក បន្ទាប់ពីកៅអីនេះនៅទំនេរអស់រយៈពេលរហូតជាង២ឆ្នាំ។
 
យោងតាមសេចក្ដីប្រកាសរបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦នេះ លោករដ្ឋមន្ត្រីការបរទេសអាមេរិក Marco Rubio បានរៀបចំពិធីស្បថចូលកាន់តំណែងជូនលោកឯកអគ្គរដ្ឋទូត Christopher Anderson មុនពេលលោកចូលខ្លួនមកដឹកនាំស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា។ បេសកម្មរបស់លោក គឺជំរុញទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងកម្ពុជា ឱ្យឈានទៅកាន់ជំពូកថ្មីមួយ ដោយលើកកម្ពស់ផលប្រយោជន៍របស់សហរដ្ឋអាមេរិក ព្រមទាំងគាំទ្រកម្ពុជាឱ្យកាន់តែរឹងមាំ និងមានវិបុលភាព។
 
ក្នុងទំនាក់ទំនងសេដ្ឋកិច្ច-ពាណិជ្ជកម្ម អាមេរិកគឺជាទីផ្សារនាំចេញធំបំផុតមួយ និងជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់កម្ពុជា ដោយទំហំពាណិជ្ជកម្មទ្វេភាគីបានកើនឡើងជាលំដាប់គួរឲ្យកត់សម្គាល់។
 
យោងតាមទិន្នន័យផ្លូវការរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ទំហំពាណិជ្ជកម្មកម្ពុជា ជាមួយដៃគូអន្តរជាតិ​សរុប សម្រេចបានជាង ៥០ពាន់លានដុល្លារ ក្នុងរយៈពេល ៨ខែ ឆ្នាំនេះ ​ក្នុងនោះ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-អាមេរិក សម្រេចបានជាង ១១ពាន់លានដុល្លារ គឺកើនឡើងជិត ៣០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
 
ជាអតីតទាហាននៃកងទ័ពជើងគោកសហរដ្ឋអាមេរិក លោកឯកអគ្គរដ្ឋទូត Anderson នឹងមកដល់រាជធានីភ្នំពេញ ដោយបំពេញការងារផ្តោតលើការពង្រីកពាណិជ្ជកម្ម និងការវិនិយោគ ការពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខ និងការធ្វើការរួមគ្នាជាមួយដៃគូកម្ពុជា ដើម្បីកម្ចាត់បណ្តាញឆបោក ដែលបានលួចយកប្រាក់រាប់ពាន់លានដុល្លារពីប្រជាជនអាមេរិក និងប្រជាជននៅជុំវិញពិភពលោក។ នេះបើតាមការបញ្ជាក់របស់ស្ថានទូតអាមេរិក។
 
សហរដ្ឋអាមេរិក ក៏បានអះអាងពីការប្តេជ្ញាចិត្ត ក្នុងការប្រយុទ្ធប្រឆាំងនឹងបទល្មើសឆ្លងដែន និងធ្វើការជាមួយកម្ពុជា ក្នុងការទទួលបានលទ្ធផលសម្រេចជាក់ស្ដែង ព្រមទាំងលើកទឹកចិត្តឱ្យកម្ពុជាធ្វើការស៊ើបអង្កេត និងចាត់វិធានការច្បាប់យ៉ាងម៉ឺងម៉ាត់ប្រឆាំងនឹងបណ្តាញឧក្រិដ្ឋជន ដែលប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធអនឡាញផងដែរ។
 
សូមបញ្ជាក់ថា ការប្រយុទ្ធប្រឆាំងក្រុមឆបោកអនឡាញគឺជាអាទិភាពមួយរាជរដ្ឋាភិបាលកម្ពុជា។ ក្នុងរយៈពេលជាង ៦ខែចុងក្រោយនេះ អាជ្ញាធរកម្ពុជាបានកសាងសំណុំរឿង ៤០៨ករណីទៅតុលាការ ពាក់ព័ន្ធនឹងជនត្រូវចោទជិត ៣ ៥០០នាក់ រួមមាន មេខ្លោង និងគូកនមកពី២៩សញ្ជាតិ។
 
​ក្រៅពីនេះ ជនបរទេសជាង ៤សែននាក់ត្រូវបានបណ្តេញចេញ និងស្ម័គ្រចិត្តចាកចេញពីកម្ពុជា។ អាជ្ញាធរក៏បានជួយសង្គ្រោះជនបរទេសជាង ២ម៉ឺន ២ពាន់នាក់​ឱ្យត្រឡប់ទៅប្រទេសរបស់ពួកគេវិញផងដែរ៕

ខន ណារី AMS

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា