អាកាសយានដ្ឋានអន្តរជាតិភ្នំពេញនឹងក្លាយជាសួនច្បារពោធិ៍ចិនតុង គ្រោងបើកដំណើរការឆាប់ៗ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាកាសយានដ្ឋានអន្តរជាតិភ្នំពេញនឹងក្លាយជាសួនច្បារពោធិ៍ចិនតុង គ្រោងបើកដំណើរការឆាប់ៗ

អាកាសយានដ្ឋានអន្តរជាតិភ្នំពេញនឹងក្លាយជាសួនច្បារពោធិ៍ចិនតុង គ្រោងបើកដំណើរការឆាប់ៗ

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានប្រកាសថា អាកាសយានដ្ឋានអន្តរជាតិភ្នំពេញនឹងក្លាយជាសួនច្បារពោធិ៍ចិនតុង ដែលគ្រោងនឹងបើកឱ្យសាធារណជន​ចូលទស្សនាកម្សាន្តលេងនៅឆាប់ៗខាងមុខនេះ។​ ការប្រកាសរបស់សម្ដេចនាយករដ្ឋមន្ត្រីធ្វើឡើងនៅក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ មន្ទីរពេទ្យ ហ្លួង ម៉ែ នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦។
 
 
សួនច្បារដ៏ធំមួយនេះ កន្លងមកបានបើកដំណើរការសាកល្បងក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ និងទទួលបានការចាប់អារម្មណ៍ពីប្រជាពលរដ្ឋជាច្រើន ដោយមានអ្នកចូលមកកម្សាន្តរាប់ពាន់នាក់។​ សម្តេចធិបតី មានប្រសាសន៍ថា សួនច្បារពោធិ៍ចិនតុងនេះ នឹងអនុញ្ញាតឱ្យមានការរៀបចំការប្រគុំតន្ត្រី ការតាំងពិព័រណ៍ និងកម្មវិធីផ្សេងៗ។​ ជាក់ស្តែង នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៦ ​នឹងមានការរៀបចំពិធីរត់ម៉ារ៉ាតុង និងពិព័រណ៍រថយន្តនៅក្នុងសួនច្បារដ៏ធំនេះ​។  ដោយឡែក នៅក្នុឱកាសរដូវបុណ្យភ្ជំបិណ្ឌខាងមុខនេះ អតីតព្រលានយន្តហោះពោធិ៍ចិនតុងក៏នឹងបើកជាថ្មីឲ្យប្រជាពលរដ្ឋអាចចូលដើរលេងកម្សាន្តផងដែរ។
 
សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ទីតាំងសួនច្បារពោធិ៍ចិនតុង ឬអតីតព្រលានយន្តហោះពោធិ៍ចិនតុង គឺមានភាពអំណោយផល សម្រាប់​ស្រូបយកខ្យល់អាកាស ពីព្រោះទីតាំងនោះមាន​ខ្យល់អាកាសបរិសុទ្ធជាងទីតាំង ផ្សេងៗ​នៅក្នុងរាជធានីភ្នំពេញ​។ 
 
សម្តេ​ចធិបតី បានថ្លែងថា កាលពីសប្តាហ៍មុន សម្តេចទើបតែបានទៅត្រួតពិនិត្យមើលពីការរៀបចំហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងសួនច្បារពោធិ៍ចិនតុងនេះ។ សម្តេច​ក៏បានណែនាំឱ្យមានការរៀបចំទីតាំងស្ថានីយអ្នកដំណើរ ឬ ​Terminal ដែលទុកចោល ទៅជាកន្លែងប្រជុំនានាសម្រាប់ជួលឱ្យវិស័យឯកជន ជាជាងទុកចោលឧបភោគបរិក្ខារអគ្គិសនីដែលបណ្តាលឱ្យខូច។  
 
អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឬអាកាសយានដ្ឋានពោធិ៍ចិនតុង ត្រូវបានសាងសង់ឡើងនៅឆ្នាំ ១៩៥៤ ដែលមានទំហំផ្ទៃដី ៣៨៦ហិកតា។​ ទីតាំងអតីព្រលានយន្តហោះនេះត្រូវបានបិទដំណើរការកាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥ ក្រោយពេល​បើកដំណើរការអាកាសយានដ្ឋានអន្តរជាតិតេជោ៕

សៅ សុខអេង

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា