កម្ពុជា-បារាំង បន្តពង្រឹងកិច្ចសហប្រតិបត្តិការឆ្ពោះទៅភាពជាដៃគូយុទ្ធសាស្ត្រ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជា-បារាំង បន្តពង្រឹងកិច្ចសហប្រតិបត្តិការឆ្ពោះទៅភាពជាដៃគូយុទ្ធសាស្ត្រ

កម្ពុជា-បារាំង បន្តពង្រឹងកិច្ចសហប្រតិបត្តិការឆ្ពោះទៅភាពជាដៃគូយុទ្ធសាស្ត្រ

ក្នុងជំនួបជាមួយលោកឧត្តមសេនីយ៍ទោ ស្តេហ្វាន រីឈូ (Stephane Richou) ប្រធាននាយកដ្ឋានទំនាក់ទំនងសន្តិសុខ និងការពារជាតិនៃក្រសួងអឺរ៉ុប និងការបរទេសបារាំង នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅអគ្គបញ្ជាការដ្ឋានឯកឧត្តម ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-បារាំង ដែលមានការរីកចម្រើនជាបន្តបន្ទាប់ និងកំពុងរៀបចំផែនទីបង្ហាញផ្លូវ ដើម្បីលើកកម្រិតទំនាក់ទំនងរវាងប្រទេសទាំងពីរ ឆ្ពោះទៅជាដៃគូយុទ្ធសាស្ត្រ។
 
ឯកឧត្តមបានរំលឹកពីតួនាទីរបស់បារាំងក្នុងដំណើរការស្វែងរកសន្តិភាពនៅកម្ពុជា តាមរយៈសន្និសីទទីក្រុងប៉ារីស ដែលឈានទៅដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ១៩៩១ ព្រមទាំងការគាំទ្រដល់ការអភិវឌ្ឍកម្ពុជាលើវិស័យជាច្រើនផងដែរ។ ឯកឧត្តមអគ្គមេបញ្ជាការក៏បានថ្លែងអំណរគុណដល់កងទ័ពបារាំង ដែលបានចូលរួមបណ្តុះបណ្តាលធនធានមនុស្សរបស់កងយោធពលខេមរភូមិន្ទ តាមរយៈអាហារូបករណ៍ និងវគ្គបណ្តុះបណ្តាលជាច្រើន ជាពិសេសការបណ្តុះបណ្តាលសម្រាប់បេសកកម្មថែរក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិ​។
 
ជាងនេះទៅទៀត ឯកឧត្តម វង្ស ពិសេន បានបង្ហាញពីបំណងបន្តពង្រីកកិច្ចសហប្រតិបត្តិការយោធាលើការបណ្តុះបណ្តាលធនធានមនុស្ស ការផ្លាស់ប្តូរទស្សនកិច្ច និងព័ត៌មាន ការប្រយុទ្ធប្រឆាំងភេរវកម្ម សន្តិសុខសាយប័រ ឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរមនុស្ស គ្រឿងញៀន បទល្មើសឆបោកតាមបច្ចេកវិទ្យា ព្រមទាំងការងារមនុស្សធម៌ សង្គ្រោះគ្រោះមហន្តរាយ បេសកកម្មរក្សាសន្តិភាព ការចូលចតនាវា និងលំហាត់ហ្វឹកហ្វឺនរួមផងដែរ។
 
ដោយឡែក លោកឧត្តមសេនីយ៍ទោ ស្តេហ្វាន រីឈូ បានកោតសរសើរសមត្ថភាពរបស់កងទ័ពកម្ពុជា ក្នុងការបន្សាបគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលអាចជាបទពិសោធន៍សម្រាប់ចែករំលែកដល់បណ្តាប្រទេសផ្សេងទៀតនៅអាស៊ាន។ ប្រធាននាយកដ្ឋានទំនាក់ទំនងសន្តិសុខ និងការពារជាតិបារាំង​ បានវាយតម្លៃវិជ្ជមានចំពោះសិក្ខាកាមកងទ័ពកម្ពុជា ដែលបានសិក្សា​នៅប្រទេសបារាំង ដោយបញ្ជាក់ថា សិក្ខាកាមកម្ពុជាបានបង្ហាញពីសមត្ថភាពភាសាបារាំង និងបានបង្កើតមោទនភាពសម្រាប់ប្រទេសកម្ពុជាផងដែរ។
 
ក្នុងពេលបំពេញបេសសកម្មនៅកម្ពុជា លោក ស្តេហ្វាន រីឈូ ​ក៏បានអញ្ជើញទៅធ្វើទស្សនកិច្ចនៅសាលានាយទាហាន​សកម្មត្មាតពង ដែល​​កិច្ចសហប្រតិបត្តិការការពារជាតិបារាំង-កម្ពុជា បានអនុញ្ញាតឱ្យមានការបណ្តុះបណ្តាលនាយទាហាននៃកងយោធពលខេមរភូមិន្ទរាប់រយនាក់ អស់រយៈពេល ៣០ឆ្នាំមកហើយ៕

សេង បារាំង AMS

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា