សម្តេចធិបតី ៖ ខេត្តសៀមរាបមិនអនុញ្ញាតឱ្យមានការវិនិយោគលើកាស៊ីណូឡើយ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សម្តេចធិបតី ៖ ខេត្តសៀមរាបមិនអនុញ្ញាតឱ្យមានការវិនិយោគលើកាស៊ីណូឡើយ

សម្តេចធិបតី ៖ ខេត្តសៀមរាបមិនអនុញ្ញាតឱ្យមានការវិនិយោគលើកាស៊ីណូឡើយ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានប្រកាសថា ខេត្តសៀមរាបមិនត្រូវបាន​​អនុ​ញ្ញា​តឱ្យមានការវិនិយោគលើកាស៊ីណូនោះឡើយ។ រាជរដ្ឋាភិបាលសុខចិត្តឲ្យមានការអភិវឌ្ឍវិស័យអ្វីផ្សេង តែការអភិវឌ្ឍកាស៊ីណូដាច់ខាតមិនត្រូវបានអនុញ្ញា​តឡើយ ទោះជាដួលរលំដោយសារតែគ្មានកាស៊ីណូក៏ដោយ។
 
 
ការបញ្ជាក់របស់សម្តេចធ្វើឡើងនៅក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការមន្ទីរពេទ្យ ហ្លួង ម៉ែ នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦នេះ។ សម្តេចធិបតី ក៏បានណែនាំឱ្យពិនិត្យឡើងវិញនូវអាជីវកម្មកាស៊ីណូនៅកម្ពុជា ដែលជាផ្នែក​តូចមួយប៉ុណ្ណោះនៃវិស័យសេវាកម្ម​ និងទេសចរណ៍។
 
ជំហរដ៏ម៉ឺងម៉ាត់នេះត្រូវបានអ្នកឃ្លាំមើលសង្គម និងអ្នកជំនាញខាងវិស័យទេស​ចរណ៍ស្វាគមន៍ និងគាំទ្រផងដែរ ដោយអ្នកខ្លះថែមទាំងស្នើឲ្យលុបចោលល្បែងស៊ីសងនៅទូទាំងប្រទេសតែម្តង។
 
 
មិនខុសពីលោកបណ្ឌិត ឈត ប៊ុនថង ប្រធានផ្នែកទំនាក់ទំនងវប្បធម៌ អប់រំ និងទេសចរណ៍នៃវិទ្យាស្ថានទំនាក់ទំនង​​អន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីបាស៊ីហ្វិក (PATA) ក៏ស្នើឲ្យលុបកាស៊ីណូទាំងអស់ចោលដែរ។
 
 
សូមបញ្ជាក់ថា នៅកម្ពុជាមានកាស៊ីណូ​ស្របច្បាប់សរុបចំនួន ​១៩៥ទីតាំង។ ក្នុងរយៈពេល១ឆ្នាំកន្លងទៅ សមត្ថកិច្ចបានចាត់វិធានការច្បាប់លើកាស៊ីណូចំនួន ២៧កន្លែង ដែលពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយបានដកហូតអាជ្ញាបណ្ណ ១៨កាស៊ីណូ និងព្យួរអាជ្ញាបណ្ណ ៩កាស៊ីណូ។ អាជ្ញាធរ ក៏កំពុងបន្តត្រួតពិនិត្យ និងចាត់វិធានការតាមច្បាប់ចំពោះទីតាំងពាក់ព័ន្ធនឹងការលេងល្បែងស៊ីសងអនឡាញដោយខុសច្បាប់។ ចាប់ពីខែតុលា ខាងមុខតទៅ ​ការភ្នាល់​អនឡាញនៅគ្រប់កាស៊ីណូទូទាំងប្រទេស នឹងត្រូវហាមឃាត់៕

សេង បារាំង AMS

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា