ក្រសួងរៀបចំដែនដី ប្តេជ្ញាបន្តពង្រឹងគុណភាព និងបង្កើនមុខងារសេវាសាធារណៈអនឡាញ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រសួងរៀបចំដែនដី ប្តេជ្ញាបន្តពង្រឹងគុណភាព និងបង្កើនមុខងារសេវាសាធារណៈអនឡាញ

ក្រសួងរៀបចំដែនដី ប្តេជ្ញាបន្តពង្រឹងគុណភាព និងបង្កើនមុខងារសេវាសាធារណៈអនឡាញ

ក្រសួងរៀបចំដែនដី ប្តេជ្ញាបន្តពង្រឹងគុណភាព និងបង្កើនមុខងារសេវាសាធារណៈអនឡាញ ដើម្បីឆ្លើយតបនឹងតម្រូវការអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចសម័យឌីជីថល និងផ្តល់ភាពងាយស្រួលបំផុតជូនដល់សាធារណជន។

ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកទឹកចិត្តឱ្យក្រុមការងាររៀបចំសេវាអនឡាញ បន្តពង្រឹងគុណភាព និងសហការជាមួយដៃគូ ពិនិត្យលទ្ធភាពបង្កើនមុខងារ និងភាពចាំបាច់របស់សេវាសាធារណៈអនឡាញ តាមរយៈការចងក្រងព័ត៌មានលម្អិតចាំបាច់ទាំងអស់នៅលើគេហទំព័រ Portal រួមមួយ ដែលអាចឆ្លើយតបបានគ្រប់លក្ខខណ្ឌតម្រូវរបស់ភាគីពាក់ព័ន្ធ ប្រកបដោយតម្លាភាព ប្រសិទ្ធភាព និងសុវត្ថិភាព ស្របតាមការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចសម័យឌីជីថល ។

កិច្ចប្រជុំពិភាក្សាលើការផ្ដល់សេវាសាធារណៈអនឡាញរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ត្រូវបានរៀបចំឡើង នារសៀលថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២៦ នៅទីស្ដីការក្រសួង ក្នុងគោលបំណងពិនិត្យលើវឌ្ឍនភាពនៃការរៀបចំប្រព័ន្ធទិន្នន័យឌីជីថល និងស្ថាបត្យកម្មបច្ចេកវិទ្យា ដើម្បីធានាថា ការផ្ដល់សេវាជូនប្រជាពលរដ្ឋ និងវិស័យឯកជន អាចធ្វើឡើងប្រកបដោយភាពរហ័សរហួន តម្លាភាព និងសុវត្ថិភាពខ្ពស់ ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានគូសបញ្ជាក់ថា កន្លងមក គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ តែងតែមានការព្រួយបារម្ភ និងប្រុងប្រយ័ត្នខ្ពស់លើការវាយតម្លៃអចលនវត្ថុ ឬសំណង់ដែលជាទ្រព្យបញ្ចាំ ដោយសារកង្វះខាតទិន្នន័យច្បាស់លាស់ក្នុងពេលជាក់ស្ដែង។ ដូច្នេះ តាមរយៈការដាក់ឱ្យដំណើរការប្រព័ន្ធសេវាសាធារណៈអនឡាញនេះ ក្រសួងរំពឹងថា នឹងជួយកាត់បន្ថយហានិភ័យដល់ធនាគារ តាមរយៈការផ្ដល់ទិន្នន័យត្រឹមត្រូវ និងអាចទុកចិត្តបាន, ជំរុញឱ្យធនាគារហ៊ានផ្ដល់ទំហំកម្ចីទូលំទូលាយជាងមុន, បានកាន់តែលឿន និងអាចឈានដល់ការកាត់បន្ថយអត្រាការប្រាក់ ដែលជាកាតាលីករជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ ។

ឯកឧត្តម សាយ សំអាល់ បានបន្ថែមថា ក្រសួងរៀបចំដែនដី កំពុងសហការយ៉ាងជិតស្និទ្ធជាមួយក្រុមការងារបច្ចេកវិទ្យា ដើម្បីអភិវឌ្ឍប្រព័ន្ធ Software ឱ្យមានលក្ខណៈស្វ័យប្រវត្តិ ក្នុងការគ្រប់គ្រងប្រតិបត្តិការទិញ-លក់ និងការដកស្រង់ទិន្នន័យអចលនទ្រព្យ។ ប្រព័ន្ធនេះតម្រូវឱ្យមានការកំណត់អត្តសញ្ញាណម្ចាស់ទ្រព្យច្បាស់លាស់ ក្នុងនោះត្រូវមាន ID និងព័ត៌មានផ្ទៀងផ្ទាត់ត្រឹមត្រូវ ព្រមទាំងការភ្ជាប់ប័ណ្ណសម្គាល់អចលនវត្ថុ (ប្លង់រឹង) ចូលទៅក្នុងប្រព័ន្ធកណ្តាល ដើម្បីធានាថា អ្នកស្នើសុំគឺជាម្ចាស់កម្មសិទ្ធិពិតប្រាកដ និងជៀសវាងភាពស្មុគស្មាញ ឬការខាតបង់ពេលវេលារបស់ប្រជាពលរដ្ឋក្នុងការអញ្ជើញមកក្រសួងផ្ទាល់ ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានណែនាំដល់មន្ត្រីជំនាញ និងក្រុមការងារ ត្រូវត្រៀមលក្ខណៈឱ្យបានរួចរាល់ជានិច្ចក្នុងការឆ្លើយតប និងដោះស្រាយរាល់សំណូមពរ ឬបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ និងដៃគូអភិវឌ្ឍន៍។ ក្រសួងនឹងបន្តដើរតួនាទីជាស្ពានតភ្ជាប់ និងជាអាជ្ញាធរនិយ័តករដ៏រឹងមាំ ដើម្បីធានាថាវិស័យអចលនវត្ថុ និងសំណង់នៅកម្ពុជា ផ្ដល់នូវផលចំណេញ និងទំនុកចិត្តខ្ពស់បំផុតដល់សង្គមជាតិទាំងមូល។ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏ប្តេជ្ញាបន្តពង្រឹងគុណភាពសេវាអនឡាញនេះឱ្យកាន់តែល្អប្រសើរ ដើម្បីឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចសម័យឌីជីថល និងផ្តល់ភាពងាយស្រួលបំផុតជូនដល់សាធារណជនផងដែរ ៕

អត្ថបទ៖ វណ្ណលុក
រូប៖ គ្រី សម្បត្តិ

ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក

ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា