ការនាំចេញអង្ករកម្ពុជាទៅហ្វីលីពីន កើនឡើងជាង ៣ពាន់ភាគរយ នៅរយៈពេល ៨ខែឆ្នាំនេះ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ការនាំចេញអង្ករកម្ពុជាទៅហ្វីលីពីន កើនឡើងជាង ៣ពាន់ភាគរយ នៅរយៈពេល ៨ខែឆ្នាំនេះ

ការនាំចេញអង្ករកម្ពុជាទៅហ្វីលីពីន កើនឡើងជាង ៣ពាន់ភាគរយ នៅរយៈពេល ៨ខែឆ្នាំនេះ

ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនិងស្ថាប័នពាក់ព័ន្ធ កម្ពុជាបាននាំចេញអង្ករជាង ១២ម៉ឺន ២ពាន់តោន ទៅកាន់ប្រទេសហ្វីលីពីន ក្នុងរយៈពេល ៨ខែ ឆ្នាំ២០២៦នេះ ឬស្មើនឹងជាង ១៥,៤% នៃបរិមាណនាំចេញអង្ករសរុបជាង ៧៩ ម៉ឺនតោន។ តួលេខនេះបង្ហាញថា ការនាំអង្ករទៅហ្វីលីពីនមានការកើនឡើងយ៉ាងខ្លាំងរហូតដល់ទៅជាង ៣ពាន់ភាគរយ បើធៀបនៅរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥។ នេះបើតាមទិន្នន័យរបស់សហព័ន្ធអង្ករកម្ពុជា។
 
កំណើននៃការនាំចេញនេះកើតមានស្របពេលដែលរាជរដ្ឋាភិបាលខិតខំធ្វើពិពិធកម្មមធ្យោបាយដឹកជញ្ជូន ដើម្បីលើក កម្ពស់ការប្រកួតប្រជែងនៃអង្ករកម្ពុជា។ ជាក់ស្តែង នៅថ្ងៃទី១៦ ខែកញ្ញានេះ កម្ពុជាបានបង្ហាញមធ្យោបាយដឹកជញ្ជូនផ្លូវទឹកថ្មីសម្រាប់នាំចេញអង្ករដោយផ្ទាល់ទៅកាន់ទីផ្សារប្រទេសហ្វីលីពីន។
 
ពិធីសម្ពោធ “ការដឹកជញ្ជូនអង្ករ ១ម៉ឺនតោនតាមផ្លូវទឹកដោយនាវាដឹកទំនិញរាយ” រវាងក្រុមហ៊ុន City Rice និង Dilai Trading នេះ ធ្វើឡើងនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្រោមអធិបតីភាពឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
 
ការនាំចេញអង្ករកម្ពុជាតាមនាវាទំនិញរាយ គឺសម្រេចបានតាមរយៈការផ្ដល់ការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លើការប្រើប្រាស់កំពង់ផែស្វយ័តព្រះសីហនុ ហើយជោគជ័យនេះ គឺកើតចេញពីការសហការ និងសម្របសម្រួលយ៉ាងជិតស្និទ្ធពីកំពង់ផែស្វយ័តព្រះសីហនុ។
 
តាមការបញ្ជាក់របស់សហព័ន្ធអង្ករកម្ពុជា អង្ករដែលមានកិច្ចសន្យាទិញរួចហើយសម្រាប់ខែកញ្ញា ដល់ខែធ្នូឆ្នាំនេះ ត្រូវបានគេរំពឹងថានឹងមានចំនួនជាង ៨ម៉ឺន ៧ពាន់តោនបន្ថែមទៀត ដែលនឹងធ្វើឱ្យបរិមាណនាំចេញសរុបទៅហ្វីលីពីនក្នុងឆ្នាំ២០២៦ ឈានដល់ប្រមាណជិត ២១ម៉ឺនតោន។
 
នេះគឺជាការកើនឡើងដ៏ធំបើប្រៀបធៀបនឹងឆ្នាំមុនៗ ហើយក៏ជាកត្តាសំខាន់មួយ ដែលរួមចំណែកក្នុងការព្យាករណ៍ឆ្ពោះទៅកាន់ការនាំចេញអង្ករច្រើនជាង ១ លានតោន នៅឆ្នាំ២០២៦នេះ ដែលជាការបំបែកឯតទគ្គកម្មនាំចេញ៩៤ម៉ឺនតោនកាលពីឆ្នាំ ២០២៥ ។
 
ឯកឧត្តម ឌិត ទីណា មានប្រសាសន៍ថា សមិទ្ធិផលនេះកើតចេញពីការខិតខំប្រឹងប្រែងរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលហ្វីលីពីន ព្រមទាំងវិស័យឯកជននៃប្រទេសទាំងពីរ ក្នុងការបើកទីផ្សារថ្មីនៅហ្វីលីពីន និងការតភ្ជាប់វិស័យឯកជន ដើម្បីផ្ដល់អត្ថប្រយោជន៍ទៅវិញទៅមក ដោយកម្ពុជាទទួលបានទីផ្សារថ្មី ហើយហ្វីលីពីនទទួលបានប្រភពអង្ករថ្មី ដើម្បីចូលរួមធានាសន្តិសុខស្បៀង។
 
ឯកឧត្តមរដ្ឋមន្រ្តីក្រសួងកសិកម្ម គូសបញ្ជាក់ទៀតថា មធ្យោបាយដឹកជញ្ជូនថ្មីនេះជួយបង្កើនប្រសិទ្ធភាព និងភាពប្រកួតប្រជែងរបស់អង្ករកម្ពុជាលើទីផ្សារអន្តរជាតិ ព្រមទាំងកាត់បន្ថយចំណាយនិងពេលវេលាដឹកជញ្ជូន ហើយធានានូវការផ្គត់ផ្គង់អង្ករដែលមានគុណភាពខ្ពស់ទៅទីផ្សារហ្វីលីពីនប្រកបដោយស្ថិរភាព។
 
ដូចគ្នានេះដែរ លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញផ្នែកសេដ្ឋកិច្ច យល់ឃើញថា ការនាំចេញអង្ករទៅកាន់ទីផ្សារហ្វីលីពីន តាមសាឡង់ នឹង ជួយកាត់បន្ថយថ្លៃដើម ដែលជំរុញឲ្យកម្ពុជាអាចនាំចេញអង្ករកាន់តែច្រើនទៅកាន់ទីផ្សារហ្វីលីពីន ក៏ដូចជាទីផ្សារអន្តរជាតិផងដែរ។
 
ចំណែកលោក សុខ សុថា អ្នកជំនាញកសិកម្ម យល់ឃើញថា ការផ្លាស់ប្តូរមធ្យោបាយដឹកជញ្ជូនពីកប៉ាល់កុងទឺន័រមកតាមសាឡង់នេះ គឺអាចកាត់បន្ថយការចំណាយផ្សេងៗ និងពេលវេលាបានច្រើនជាងមុន ព្រោះគ្មានភាពស្គុគស្មាញច្រើនដូចមុន ដែលជំរុញឲ្យកម្ពុជាសម្រេចបានការនាំអង្ករចេញ ១លានតោន នៅឆ្នាំ២០២៦ ប្រសិនបើគ្មានការរំខានពីការប្រែប្រួលអាកាសធាតុធ្ងន់ធ្ងរ។
 
អ្នកជំនាញកសិកម្មរូបនេះ ក៏បានកត់សម្គាល់ឃើញថា តាមរយៈការដឹកជញ្ជូននេះ កម្ពុជាអាចបង្ខិតទីផ្សារក្នុងតំបន់មកជិត និងរហ័សជាងមុនប្រកបដោយការប្រកួតប្រជែងតម្លៃបានយ៉ាងល្អ ព្រមទាំងកាត់ផ្តាច់របាំងទីផ្សារអង្ករ និងកសិផលកម្ពុជាដទៃទៀតនាពេលអនាគត ជាពិសេសទីផ្សារហ្វីលីពីន ដែលមានតម្រូវការអង្ករយ៉ាងច្រើនក្នុងមួយឆ្នាំៗ។ កន្លងមកមានតែប្រទេសវៀតណាម និងថៃប៉ុណ្ណោះ ដែលបាននាំចូលអង្ករយ៉ាងច្រើនទៅកាន់ទីផ្សារប្រទេសនេះ។
 
យោងតាមទិន្នន័យផ្លូវការរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងរយៈពេល ៨ខែឆ្នាំនេះ កម្ពុជា សម្រេច បាន ការ នាំចេញ អង្ករ ជាង ៧៩ ម៉ឺនតោន ទៅកាន់គោលដៅចំនួន ៦៦ ដែល គិត ជាទឹកប្រាក់ជាង ៤៦៤លានដុល្លារ៕ 

ខន ណារី AMS

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា