អាល្លឺម៉ង់ ហាម អ៊ីរ៉ង់ កុំឱ្យនាំសង្គ្រាមចូលទឹកដី អ៊ីរ៉ាក់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាល្លឺម៉ង់ ហាម អ៊ីរ៉ង់ កុំឱ្យនាំសង្គ្រាមចូលទឹកដី អ៊ីរ៉ាក់

អាល្លឺម៉ង់ ហាម អ៊ីរ៉ង់ កុំឱ្យនាំសង្គ្រាមចូលទឹកដី អ៊ីរ៉ាក់

ប៊ែរឡាំង ៖ លោក Friedrich Merz អធិការបតីអាល្លឺម៉ង់ កាលពីថ្ងៃ អង្គារ បានប្រាប់អ៊ីរ៉ង់កុំឱ្យនាំសង្គ្រាមចូលទៅក្នុងទឹកដីប្រទេសអ៊ីរ៉ាក់ តាមរយៈក្រុមប្រដាប់អាវុធដែលខ្លួនគាំទ្រ ហើយត្រូវបញ្ឈប់សកម្មភាពបង្កអស្ថិរភាពនៅមជ្ឈិមបូព៌ាជាបន្ទាន់។

បើតាម Anadolu, មេដឹកនាំអាល្លឺម៉ង់រូបនេះ បានជំរុញដូច្នេះ នៅពេលធ្វើសន្និសិទកាសែតរួមគ្នាមួយ ជាមួយលោក Ali Al-Zaidi នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ នៅទីក្រុងប៊ែរឡាំង។

មិនបង្អង់យូរ លោក Merz ទាមទារថា ការគាំទ្ររបស់អ៊ីរ៉ង់ចំពោះក្រុមប្រដាប់អាវុធនានានៅទូទាំងតំបន់ត្រូវតែបញ្ចប់ភ្លាមៗ និងប្រាប់ឱ្យទីក្រុងតេហេរ៉ង់កុំពង្រីកសង្គ្រាមថែមទៀតចូលទៅក្នុងទឹកដីប្រទេសអ៊ីរ៉ាក់។

លោក Merz ដែលមានវ័យ៧០ឆ្នាំរូបនេះ ថែមទាំងជំរុញអ៊ីរ៉ង់ត្រូវតែបញ្ចប់ការបិទផ្លូវទឹកនៅច្រកសមុទ្រហ័រមូសទាំងស្រុង ហើយសំខាន់បំផុតនោះ គឺត្រូវបញ្ឈប់កម្មវិធីនុយក្លេអ៊ែរយោធារបស់ខ្លួនជាបន្ទាន់។

អធិការបតីអាល្លឺម៉ង់រូបនេះ ក៏បានអះអាងផងដែរថា ទីក្រុងប៊ែរឡាំងគាំទ្រគំនិតផ្តួចផ្តើមរបស់រដ្ឋាភិបាលអ៊ីរ៉ាក់ ក្នុងការដកហូតអាវុធពីក្រុមប្រដាប់អាវុធដែលគាំទ្រដោយអ៊ីរ៉ង់ ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងស្តារសន្តិភាព និងសន្តិសុខ។

ជាមួយគ្នានេះ មេដឹកនាំទាំងពីរក៏បានជជែកពីស្ថានភាពនៅសមុទ្រក្រហម ជាផ្លូវទឹកដែលក្រុមឧទ្ទាមហ៊ូធីពង្រីកការគ្រប់គ្រងនៅតាមបណ្តោយឆ្នេរសមុទ្រយេម៉ែន និងបានកាន់កាប់កោះ Mayyun នៅច្រកសមុទ្រ Bab el-Mandeb។

លោក Merz សង្កត់ធ្ងន់ថា បច្ចុប្បន្ន ក្រុមហ៊ូធីកំពុងត្រួតត្រាទីតាំងយុទ្ធសាស្ត្រជុំវិញច្រកសមុទ្រ Bab el-Mandab និងកំពុងវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលនៅអារ៉ាប៊ីសាអូឌីត ដែលធ្វើឱ្យស្ថានភាពទីផ្សារថាមពលអន្តរជាតិកាន់តែដុនដាបខ្លាំងឡើង។

លោកថា សហគមន៍អន្តរជាតិនឹងមិនឈរអោបដៃនៅស្ងៀមឱ្យក្រុមហ៊ូធីយកការដឹកជញ្ជូនតាមផ្លូវទឹកសមុទ្រក្រហមធ្វើជាចំណាប់ខ្មាំងបានឡើយ ដោយអាល្លឺម៉ង់កំពុងជជែកជាមួយសហភាពអឺរ៉ុប និងដៃគូក្នុងតំបន់ ដើម្បីស្វែងរកវិធានការរួមគ្នាឆ្លើយតបវិបត្តិនេះ៕

ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា