កម្ពុជាទាមទារឱ្យថៃគោរពច្បាប់អន្តរជាតិនៅក្នុងវេទិកាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជាទាមទារឱ្យថៃគោរពច្បាប់អន្តរជាតិនៅក្នុងវេទិកាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ

កម្ពុជាទាមទារឱ្យថៃគោរពច្បាប់អន្តរជាតិនៅក្នុងវេទិកាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ

នៅក្នុងសម័យប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ កម្ពុជាបានទាមទារឱ្យភាគីថៃគោរពច្បាប់អន្តរជាតិឱ្យបានខ្ជាប់ខ្ជួន និងបានអំពាវនាវដល់សហគមន៍អន្តរជាតិ ឱ្យបង្កើនកិច្ចការពារលើស្ត្រី និងកុមារដែលជាជនងាយរងគ្រោះនៅក្នុងស្ថានភាពជម្លោះប្រដាប់អាវុធ និងក្រោយជម្លោះ។

កម្ពុជាបានទាមទារឱ្យមានការគោរពច្បាប់មនុស្សធម៌អន្តរជាតិ ដើម្បីការពារស្ត្រី និងកុមារក្នុងស្ថានភាពជម្លោះ ព្រមទាំងអំពាវនាវឱ្យភាគីថៃគោរពសេចក្តីថ្លែងការណ៍រួម និងច្បាប់អន្តរជាតិជាធរមាន។

នៅក្នុងសម័យប្រជុំលើកទី៦៣ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស នាថ្ងៃទី១៦ ខែកញ្ញា នាទីក្រុងហ្សឺណែវ ឯកឧត្តម កែ សុវណ្ណ ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ បានថ្លែងបទអន្តរាគមន៍យ៉ាងសំខាន់ក្រោមរបៀបវារៈទី៣ ស្តីពីកិច្ចសន្ទនាអន្តរកម្មលើរបាយការណ៍វិភាគរបស់ឧត្តមស្នងការអំពីសិទ្ធិមនុស្សរបស់ស្ត្រី និងកុមារក្នុងស្ថានភាពជម្លោះ និងក្រោយជម្លោះ។

ឯកឧត្តមឯកអគ្គរាជទូតបានរំលេចយ៉ាងច្បាស់អំពីផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរនៃជម្លោះប្រដាប់អាវុធមកលើប្រជាជនស៊ីវិល ជាពិសេសក្រុមជនងាយរងគ្រោះដូចជាស្ត្រី និងកុមារ។ ឯកឧត្តមបានលើកឡើងពីបញ្ហាប្រឈមជាក់ស្តែងរបស់ប្រជាជនកម្ពុជាជាង ២ម៉ឺននាក់ ក្នុងនោះមានស្ត្រីជាង ៩ ៤០០នាក់ និងកុមារ ៦ពាន់នាក់ ដែលបន្តស្ថិតក្នុងស្ថានភាពភៀសខ្លួននៅឡើយ ព្រមទាំងផ្ទៃដីកម្ពុជា ដែលកំពុងរងផលប៉ះពាល់ដោយសារគ្រាប់បែកចង្កោម និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ បន្សល់ទុកថ្មីៗនេះដោយយោធាថៃ។

ចាប់តាំងពីជម្លោះព្រំដែនកម្ពុជា-ថៃនាពេលថ្មីៗនេះ ការអង្កេតនៅតាមខេត្តចំនួនប្រាំពីររបស់កម្ពុជាបានរកឃើញផ្ទៃដីរងផលប៉ះពាល់ជិត ៤ពាន់គីឡូម៉ែត្រការ៉េ ក្នុងនោះជិត ៣ពាន់គីឡូម៉ែត្រការ៉េ មានការបំពុលដោយគ្រាប់បែកចង្កោម។ គ្រាប់បែកចង្កោមមិនទាន់ផ្ទុះទាំងនេះ មិនត្រឹមតែរារាំងដល់ការវិលត្រឡប់មកវិញដោយសុវត្ថិភាពនៃសហគមន៍ភៀសខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបន្តបង្កគ្រោះថ្នាក់ដល់ប្រជាជនស៊ីវិល ជាពិសេសស្ត្រី និងកុមារ ដោយបន្សល់ទុកនូវផលវិបាករយៈពេលវែងសម្រាប់ជំនាន់ក្រោយៗទៀត។

ឈរលើមូលដ្ឋាននេះ កម្ពុជាបានអំពាវនាវយ៉ាងទទូចឱ្យគ្រប់ភាគីគោរពឱ្យបានពេញលេញនូវច្បាប់អន្តរជាតិ ច្បាប់មនុស្សធម៌ និងច្បាប់សិទ្ធិមនុស្ស ដើម្បីធានាសុវត្ថិភាព និងការពារប្រជាជនស៊ីវិលពីផលប៉ះពាល់ដ៏អាក្រក់នៃសង្គ្រាម។

ជាមួយគ្នានេះដែរ ឯកឧត្តម កែ សុវណ្ណ ក៏បានបដិសេធដាច់អហង្ការចំពោះការចោទប្រកាន់ដែលគ្មានមូលដ្ឋានពីសំណាក់ភាគីថៃ។ ឯកឧត្តមបានធ្វើការបំភ្លឺយ៉ាងលម្អិតជុំវិញដើមហេតុនៃការចាប់ផ្តើមអំពើអរិភាព បញ្ហាមីន ការខូចខាតបេតិកភណ្ឌវប្បធម៌ ជាពិសេសប្រាសាទព្រះវិហារ ព្រមទាំងរបាយការណ៍របស់អង្គការសហប្រជាជាតិពាក់ព័ន្ធនឹងការភៀសសឹក និងការបំផ្លាញហេដ្ឋារចនាសម្ព័ន្ធស៊ីវិល។

បន្ថែមលើនេះ តំណាងកម្ពុជាក៏បានចង្អុលបង្ហាញពីសកម្មភាពខុសច្បាប់របស់កងទ័ពថៃនៅលើទឹកដីកម្ពុជាដែលស្ថិតក្រោមការកាន់កាប់ខុសច្បាប់ ដោយបានបញ្ជាក់សារជាថ្មីនូវជំហររបស់កម្ពុជាក្នុងការទាមទារឱ្យមានការគោរពយ៉ាងម៉ឺងម៉ាត់នូវសេចក្តីថ្លែងការណ៍រួម ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥៕ទួន សុផល

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា