កម្ពុជាបង្ហាញយុទ្ធសាស្ត្រ និងការអភិវឌ្ឍវិស័យអាកាសចរណ៍ ស៊ីវិល ក្នុងសន្និសីទអន្តរជាតិ នៅប្រទេសម៉ាឡេស៊ី | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជាបង្ហាញយុទ្ធសាស្ត្រ និងការអភិវឌ្ឍវិស័យអាកាសចរណ៍ ស៊ីវិល ក្នុងសន្និសីទអន្តរជាតិ នៅប្រទេសម៉ាឡេស៊ី

កម្ពុជាបង្ហាញយុទ្ធសាស្ត្រ និងការអភិវឌ្ឍវិស័យអាកាសចរណ៍ ស៊ីវិល ក្នុងសន្និសីទអន្តរជាតិ នៅប្រទេសម៉ាឡេស៊ី

ក្នុងសន្និសីទថ្នាក់អគ្គនាយកអាកាសចរណ៍ស៊ីវិល ប្រចាំ តំបន់អាស៊ី និងប៉ាស៊ីហ្វិក លើកទី៦១ នៅប្រទេសម៉ាឡេស៊ី, កម្ពុជាបានបង្ហាញពីវឌ្ឍនភាព និងយុទ្ធសាស្ត្រក្នុងការលើក កម្ពស់សុវត្ថិភាព សន្តិសុខ និងចីរភាពនៃ​វិស័យ​អាកាសចរណ៍ ស៊ីវិលរបស់ខ្លួន។
 
គណៈប្រតិភូកម្ពុជាដឹកនាំដោយឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការ​ដ្ឋានអាកាស​ចរណ៍ស៊ីវិល បានបញ្ចប់បេសកកម្មចូលរួមកិច្ចប្រជុំថ្នាក់ អគ្គនាយកអាកាសចរណ៍ស៊ីវិលប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក លើកទី៦១ ដោយជោគជ័យ នៅទីក្រុងគូឡាឡាំពួ ប្រទេស ម៉ាឡេស៊ីពីថ្ងៃទី៧ ដល់ថ្ងៃទី១១ ខែកញ្ញា និងបានផ្សព្វផ្សាយ​ជាសាធារណៈ នៅថ្ងៃអង្គារទី១៦ ខែកញ្ញានេះ។
 
អាកាសចរណ៍ស៊ីវិលបានគូសរំលេចថា ព្រឹត្តិការណ៍លំដាប់​តំបន់នេះ រៀបចំឡើងក្រោមប្រធានបទ «មេឃវៃឆ្លាត៖ បច្ចេកវិទ្យា​​កំពុងលេចឡើង សម្រាប់អាកាសចរណ៍​ដែលមាន​សុវត្ថិភាព សន្តិសុខ ចីរភាព និងប្រសិទ្ធភាព» ដោយ​បាន​ប្រមូល​ផ្តុំថ្នាក់ដឹកនាំ និងអ្នកជំនាញអាកាសចរណ៍ ដើម្បីពិភាក្សាលើ​និន្នាការថ្មីៗ និងដំណោះស្រាយសម្រាប់ឧស្សាហកម្ម​អាកាសចរណ៍។
 
ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល បានប្រាប់បណ្តាញព័ត៌មាន AMS នៅថ្ងៃទី១៦ កញ្ញាថា នៅក្នុង​កិច្ចប្រជុំយុទ្ធសាស្ត្រនេះ កម្ពុជាបានបង្ហាញពីវឌ្ឍនភាព និងការ​ប្តេជ្ញាចិត្តសំខាន់ៗ ដូចជា ការលើកកម្ពស់សុវត្ថិភាព​អាកាសចរណ៍ ដោយរៀបចំប្រព័ន្ធគ្រប់គ្រងស្របតាមស្តង់ដា​របស់ ICAO ព្រមទាំងផែនការធ្វើទំនើបកម្ម និងដាក់ឱ្យ​ប្រើប្រាស់​យន្តហោះថ្មីៗរបស់ក្រុមហ៊ុនអាកាសចរណ៍ជាតិ Air Cambodia រួមមាន យន្តហោះប្រភេទ COMAC C909 នៅចុងឆ្នាំ២០២៦ និង Boeing 737 MAX នៅឆ្នាំ២០២៩។ លើសពីនេះ ការធ្វើទំនើបកម្មដែនអាកាស និងការតភ្ជាប់​តំបន់ ដោយពង្រឹងការសម្របសម្រួលលំហូរចរាចរណ៍ផ្លូវអាកាសជាមួយដៃគូអាស៊ាន ដើម្បីកាត់បន្ថយការពន្យារពេល​ជើង​ហោះហើរ។
 
ទន្ទឹមនេះកម្ពុជាបានគាំទ្រលើការប្រើប្រាស់ឥន្ធនៈអាកាសចរណ៍ប្រកបដោយចីរភាព និងប្រព័ន្ធកាត់បន្ថយការ​បំភាយ​កាបូន ដើម្បីឆ្ពោះទៅរកគោលដៅកាត់បន្ថយកាបូនមកត្រឹមសូន្យនៅត្រឹមឆ្នាំ២០៥០។ កម្ពុជាក៏បានបញ្ជាក់​ពីការត្រៀម​រួចរាល់នៃ​ហេដ្ឋារចនាសម្ព័ន្ធអាកាសយានដ្ឋានអន្តរជាតិទំនើបៗទាំងបី រួមមាន អាកាសយានដ្ឋានអន្តរជាតិតេជោ, អាកាសយានដ្ឋាន​អន្តរជាតិសៀមរាបអង្គរ និងអាកាសយានដ្ឋានអន្តរជាតិ​ព្រះសីហនុ ដែលជាច្រកទ្វារសកលលោក​ដ៏មានសមត្ថភាព​ខ្ពស់របស់កម្ពុជា៕
ដោយ៖ទួន សុផល

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា