កិច្ចប្រជុំផ្សះផ្សាក្នុងវិវាទដែនសមុទ្រកម្ពុជា-ថៃ បានបញ្ចប់ តែភាគីទាំងពីរ នៅបន្តកិច្ចប្រជុំចំនួន ៥ បន្ថែមទៀត | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កិច្ចប្រជុំផ្សះផ្សាក្នុងវិវាទដែនសមុទ្រកម្ពុជា-ថៃ បានបញ្ចប់ តែភាគីទាំងពីរ នៅបន្តកិច្ចប្រជុំចំនួន ៥ បន្ថែមទៀត

កិច្ចប្រជុំផ្សះផ្សាក្នុងវិវាទដែនសមុទ្រកម្ពុជា-ថៃ បានបញ្ចប់ តែភាគីទាំងពីរ នៅបន្តកិច្ចប្រជុំចំនួន ៥ បន្ថែមទៀត

កិច្ចប្រជុំលើកដំបូងនៃគណៈកម្មការផ្សះផ្សាវិវាទដែនសមុទ្រកម្ពុជា-ថៃ បានបិទបញ្ចប់ហើយ តែភាគីទាំងពីរនឹងបន្តកិច្ចប្រជុំ៥លើកបន្ថែមទៀត ដើម្បីរកច្រកចេញនៃជម្លោះព្រំដែនសមុទ្រនេះ។ កិច្ចប្រជុំបន្ទាប់នឹងធ្វើឡើងនៅពាក់កណ្តាលខែតុលាខាងមុខ នៅទីក្រុងឡាអេ ប្រទេសហូឡង់។

គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ បានបញ្ចប់កិច្ចប្រជុំលើកទី១ ជាមួយប្រទេសកម្ពុជា និងថៃ កាលពីថ្ងៃទី១៦សីហា ឆ្នាំ២០២៦ ក្រោយដំណើរការ៣ថ្ងៃនៅប្រទេសសិង្ហបុរី។

ក្រោយពេលត្រឡប់មកដល់ភ្នំពេញវិញកាលពីល្ងាចថ្ងៃទី ១៦ កញ្ញា ឯកឧត្តម ប្រាក់ សុខុន ភ្នាក់ងារតំណាងកម្ពុជា បានមានប្រសាសន៍ថា ក្នុងថ្ងៃទី១នៃកិច្ចប្រជុំនេះ ភាគីទាំងពីរបានពិភាក្សា និងឯកភាពគ្នាទៅលើលក្ខខណ្ឌការងាររបស់គណៈកម្មការ ហើយបានធ្វើសេចក្តីថ្លែងការណ៍ជាសាធរណៈនៅថ្ងៃបន្ទាប់។

នៅថ្ងៃបិទបញ្ចប់កិច្ចប្រជុំដំបូងនេះ ភាគីទាំងពីរបានបន្តជជែកគ្នាអំពីសេចក្តីព្រាងកម្មវិធីសម្រាប់កិច្ចប្រជុំចំនួន៥បន្តទៀត ដោយបានផ្តោតជាសំខាន់ទៅលើទម្រង់ និងកម្មវិធីសម្រាប់កិច្ចប្រជុំបន្ទាប់ ដែលនឹងត្រូវធ្វើឡើងចាប់ពីថ្ងៃទី១៤ ដល់ទី១៨ ខែតុលា ឆ្នាំ២០២៦ នៅទីក្រុងឡាអេ ប្រទេសហូឡង់។

ប្រមុខការទូតកម្ពុជាបានបញ្ជាក់បន្ថែមថា កិច្ចប្រជុំនេះធ្វើឡើងទាំងចំហ និងបិទទ្វារ រវាងភាគីទាំងពីរជាមួយគណៈកម្មការផ្សះផ្សា ដើម្បីបង្ហាញអំពីគោលបំណង និងគោលជំហររៀងៗខ្លួនពាក់ព័ន្ធទៅនឹងដែនជម្លោះព្រំដែនសមុទ្រ។ រាល់កិច្ចប្រជុំបិទទ្វារជាកិច្ចប្រជុំសម្ងាត់ មិនអាចបញ្ចេញព័ត៌មានក្នុងកិច្ចពិភាក្សាបាននោះទេ ហើយភាគីនីមួយៗមានឱកាសជួបគណៈកម្មាធិការដោយឡែករៀងៗខ្លួនរយៈពេល៣ម៉ោង។

កម្ពុជាបានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះគណៈកម្មការផ្សះផ្សា ដែលបានអនុវត្តវិធីសាស្ត្រដ៏ម៉ត់ចត់ និងបានពិចារណាច្បាស់លាស់ក្នុងដំណើរការនីតិវិធីនេះ ហើយអះអាងថា គណៈកម្មការផ្សះផ្សានឹងបន្តទទួល បានទំនុកចិត្ត និងការគាំទ្រពេញទំហឹងពីសំណាក់កម្ពុជា។

ក្រសួងការបរទេសបញ្ជាក់ថា កម្ពុជានៅតែប្តេជ្ញាចិត្តយ៉ាងពេញលេញក្នុងការចូលរួមដោយស្ថាបនា និងដោយសុឆន្ទៈ ក្នុងគោលបំណងឈានទៅរកដំណោះស្រាយយុត្តិធម៌ និងយូរអង្វែងចំពោះទំនាស់លើដែនសមុទ្ររវាងភាគីទាំងពីរ រួមទាំងការអភិវឌ្ឍធនធានថាមពលនៅក្នុងតំបន់ដែលមានការទាមទារត្រួតគ្នា ដើម្បីផលប្រយោជន៍របស់ប្រទេសទាំងពីរ។

កម្ពុជាជឿជាក់យ៉ាងមុតមាំថា ច្បាប់អន្តរជាតិផ្តល់នូវមាគ៌ាសម្រាប់ការដោះស្រាយវិវាទរវាងរដ្ឋ ដោយសន្តិវិធី ហើយកម្ពុជាចូលរួមក្នុងដំណើរការផ្សះផ្សាដោយស្មារតីសហប្រតិបត្តិការ និងមានទំនុកចិត្ត ពេញលេញលើដំណើរការផ្សះផ្សានេះ៕

ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ

អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា