នាយករដ្ឋមន្រ្តីកម្ពុជា៖ ក្រុមហ៊ុនបើក-បិទច្រើន អាចប៉ះពាល់ដល់កិត្តិនាមកម្ពុជា ដូច្នេះត្រូវជួយឲ្យក្រុមហ៊ុនមានដំណើរការរឹងមាំ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
នាយករដ្ឋមន្រ្តីកម្ពុជា៖ ក្រុមហ៊ុនបើក-បិទច្រើន អាចប៉ះពាល់ដល់កិត្តិនាមកម្ពុជា ដូច្នេះត្រូវជួយឲ្យក្រុមហ៊ុនមានដំណើរការរឹងមាំ

នាយករដ្ឋមន្រ្តីកម្ពុជា៖ ក្រុមហ៊ុនបើក-បិទច្រើន អាចប៉ះពាល់ដល់កិត្តិនាមកម្ពុជា ដូច្នេះត្រូវជួយឲ្យក្រុមហ៊ុនមានដំណើរការរឹងមាំ

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ក្រុមហ៊ុនដែលបើកដំណើរការ ហើយបិទទៅវិញក្នុងរយៈពេលខ្លី អាចប៉ះពាល់ដល់កិត្តិនាមរបស់កម្ពុជា ដូច្នេះ សម្តេចចង់ឲ្យក្រុមហ៊ុនដែលមកបណ្តាក់ទុននៅកម្ពុជា អាចដំណើរការបានរឹងមាំ និងមាននិរន្តរភាព។
 
សម្តេចនាយករដ្ឋមន្ត្រីនៃកម្ពុជាបានលើកឡើងដូច្នេះ នៅក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យដំណើរការរោងចក្រផ្គុំ និងដំឡើងរថយន្តចិន GAC របស់ក្រុមហ៊ុន THAM នៅខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦។
 
 
ក្រុមហ៊ុននានាតែងតែវាយតម្លៃអំពីទីផ្សារ និងឱកាសជោគជ័យ មុននឹងសម្រេចចិត្តមកវិនិយោគនៅកម្ពុជា។ ដូច្នេះ ប្រសិនបើមានក្រុមហ៊ុនបើកហើយបិទជាបន្តបន្ទាប់ ជាពិសេសម៉ាកយីហោអន្តរជាតិ នោះអាចប៉ះពាល់ដល់កម្ពុជា បរិយាកាសវិនិយោគ និងទីផ្សារ។ នេះបើតាមការបញ្ជាក់របស់សម្ដេចនាយករដ្ឋមន្រ្តីកម្ពុជា។
 
ក្នុងន័យនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានយកចិត្តទុកដាក់លើបញ្ហានេះ និងពិនិត្យមើលតម្រូវការទីផ្សារតាមវិស័យនីមួយៗ ដើម្បីជៀសវាងការប្រកួតប្រជែងដែលមានច្រើនហួសកម្រិត។
 
សម្ដេច ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា ភាពជោគជ័យនៅក្នុងអាជីវកម្ម មិនមែនស្ថិតនៅលើតួលេខនៃការបើកនោះទេ ហើយក៏មិនគួរឲ្យការប្រកួតប្រជែងមានច្រើនពេក រហូតឈានដល់ការប្រកួតប្រជែងទម្លាក់តម្លៃ ឬទម្លាក់គុណភាពនោះទេ ព្រោះបញ្ហានេះអាចបង្កហានិភ័យដល់វិស័យអាជីវកម្ម។
 
 
បើតាមការលើកឡើងរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា មកដល់ពេលបច្ចុប្បន្ន កម្ពុជា មានរោងចក្រផ្គុំ និងដំឡើងរថយន្តសរុបចំនួន១៥ ក្នុងនោះ រោងចក្រកំពុងដំណើរការចំនួន១០ រោងចក្រមិនទាន់ដំណើរការចំនួន២ និងមានគម្រោងវិនិយោគចំនួន ៣ផ្សេងទៀត ដែលបានស្នើចុះបញ្ជីវិនិយោគ និងកំពុងសាងសង់រោងចក្រ៕

ខន ណារី AMS

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា