ដុតបំផ្លាញចោលបារីក្លែងក្លាយប៉ះពាល់សុខភាព និងបរិស្ថានប្រមាណ ៨០០តោននៅខេត្តតាកែវ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ដុតបំផ្លាញចោលបារីក្លែងក្លាយប៉ះពាល់សុខភាព និងបរិស្ថានប្រមាណ ៨០០តោននៅខេត្តតាកែវ

ដុតបំផ្លាញចោលបារីក្លែងក្លាយប៉ះពាល់សុខភាព និងបរិស្ថានប្រមាណ ៨០០តោននៅខេត្តតាកែវ

បារីក្លែងម៉ាក សំបកកញ្ចប់ និងសម្ភារៈផលិតពាក់ព័ន្ធដែលបង្កជាហានិភ័យ និងគ្រោះថ្នាក់ធ្ងន់ធ្ងរ ព្រមទាំងប៉ះពាល់បរិស្ថាន និងសុខមាលភាពប្រមាណ ៨០០តោន ត្រូវបានដុតបំផ្លាញចោលនៅក្នុងភូមិសាស្រ្តខេត្តតាកែវ នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦នេះ។ ពិធីដុតបំផ្លាញនេះមានការអញ្ជើញចូលរួមពីឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងមន្រ្តីមកពីក្រសួងស្ថាប័នមួយចំនួ​ន​​ផង​ដែរ។
 
ក្រសួងយុត្តិធម៌បានបញ្ជាក់ថា បារីក្លែងម៉ាក សំបកកញ្ចប់ និងសម្ភារៈផលិតពាក់ព័ន្ធខាងលើនេះ ត្រូវបានសមត្ថកិច្ចពាក់ព័ន្ធបង្ក្រាបបានជាក់ស្តែងនៅទីតាំងរោងចក្រមួយកន្លែង និងឃ្លាំងស្តុកមួយកន្លែង ស្ថិតនៅសង្កាត់រការក្រៅ ក្រុងដូនកែវ ខេត្តតាកែវ កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦កន្លងទៅ។
 
ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់អាយុ ៤៤ឆ្នាំ ជនជាតិចិន ជាអ្នកគ្រប់គ្រងទីតាំងរោងចក្រនោះ។ ជននេះក៏ជាមុខសញ្ញានៃការអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់ការិយាល័យសន្តិសុខសាធារណៈទីក្រុងក្វាងចូវ ហើយត្រូវបានសមត្ថកិច្ចកម្ពុជាប្រគល់ជូនសមត្ថកិច្ចចិន ដើម្បីចាត់ការតាមនីតិវិធីច្បាប់។
 
ក្នុងប្រតិបត្តិការនោះដែរ សមត្ថកិច្ចក៏បានចាប់យកនូវផលិតផលបារី សំបកកញ្ចប់ សម្ភារៈផលិត បរិក្ខារ ម៉ាស៊ីននៅទីតាំងរោងចក្រមានអគារចំនួន៧។ ក្នុងនោះមានម៉ាស៊ីនចម្រុះបម្រើការងារផលិតបារីចំនួន ៩១គ្រឿង កុំព្យូទ័រចំនួន ៦គ្រឿង សម្ភារៈពាក់ព័ន្ធគ្មានម៉ាកចំនួនជាង ១ពាន់តោន និងសម្ភារៈពាក់ព័ន្ធពាក់ម៉ាកក្លែងចំនួនជាង ២៣០តោន។
 
ចំណែកនៅទីតាំងឃ្លាំងស្តុកវិញ សមត្ថកិច្ចចាប់យកបារីពាក់ម៉ាកក្លែងចំនួន ៣១ប្រភេទសរុបជាង ១លានសុង ស្មើនឹងប្រមាណជាង ៣៧ម៉ឺនគីឡូក្រាម ​ភាគច្រើនជាបារីម៉ាក ESSE, JET, MEVIUS, Manchester និងបារីពាក់ម៉ាកក្លែងរបស់ប្រទេសចិន ព្រមទាំងរកឃើញ សំបកវេចខ្ចប់ពាក់ម៉ាកក្លែងចំនួនជាង ១២ម៉ឺនគីឡូក្រាម។
 
សូមបញ្ជាក់ថា នៅខេត្តត្បូងឃ្មុំ ក៏មានករណីដុតបំផ្លាញចោលបារីក្លែងម៉ាក សំបកកញ្ចប់ និងសម្ភារវេចខ្ចប់បារីក្លែងម៉ាកប្រមាណ ៤០០តោន នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦កន្លងទៅនេះផងដែរ៕

សេង បារាំង AMS

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា