សូមប្រយ័ត្ន! កម្ពុជារកឃើញមេរោគគ្រុនឈាមប្រភេទទី៣ច្រើនជាងគេ មានការវិវត្ត និង​ឆ្លងលឿន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សូមប្រយ័ត្ន! កម្ពុជារកឃើញមេរោគគ្រុនឈាមប្រភេទទី៣ច្រើនជាងគេ មានការវិវត្ត និង​ឆ្លងលឿន

សូមប្រយ័ត្ន! កម្ពុជារកឃើញមេរោគគ្រុនឈាមប្រភេទទី៣ច្រើនជាងគេ មានការវិវត្ត និង​ឆ្លងលឿន

នៅក្នុងរយៈពេល​៨ខែឆ្នាំ២០២៦នេះ ជំងឺគ្រុនឈាមបានកើតឡើងចំនួនជិត ៤ម៉ឺននាក់នៅទូទាំងប្រទេស ក្នុងនោះក្នុងមន្ទីរពេទ្យ​គន្ធបុប្ផា​ទទួលព្យាបាលអ្នកជំងឺគ្រុនឈាមច្រើនជាងគេ គឺមានរហូតដល់ជាង ២ម៉ឺន៦ពាន់នាក់។​ ចំពោះអត្រាស្លាប់នៅមន្ទីរពេទ្យ​គន្ធបុប្ផា គឺមានចំនួន ​០,៣ភាគរយ កើនឡើងបន្តិចបើធៀបនឹង​ពេញមួយឆ្នាំ ២០២៥ ដែលមានត្រឹម០,២៥ភាគរយ។
 
លោកវេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងគ្រុនចាញ់ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្ត នៃក្រសួងសុខាភិបាល បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន AMS ថា វីរុសជំងឺគ្រុនឈាមមានចំនួន​៤ប្រភេទ គឺប្រភេទ ១, ប្រភេទ ២, ប្រភេទ ៣, និងប្រភេទ ៤។ វីរុសគ្រុនឈាមទាំង៤ប្រភេទនេះ គឺសុទ្ធតែធ្លាប់កើតមានជាយូរលង់មកហើយនៅកម្ពុជា។​
 
ក្នុងចំណោមមេរោគគ្រុនឈាមទាំង៤ប្រភេទនោះ ​​ប្រភេទទី៣កើតមានច្រើនជាងគេ បន្ទាប់មកប្រភេទទី១។ ប៉ុន្តែ វីរុសប្រភេទទី៣ និងទី១ មានស្ថានភាពខុសប្លែកពីមុន ដែលងាយឆ្លងរាលដាលលឿនជាងមុន។
 
បើតាមលោក វេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល បើកាលណាអ្នកជំងឺធ្លាប់កើតវីរុសគ្រុនឈាមក្នុងចំណោមវីរុសទាំង៤ប្រភេទនោះហើយ ការឆ្លងជាលើកទី២ជាមួយវីរុសផ្សេងទៀតខុសពីការឆ្លងពីមុន​ ពួកគេប្រឈមហានិភ័យខ្ពស់ចំពោះ​ការកើតជំងឺគ្រុនឈាមកម្រិតធ្ងន់ ដែលតម្រូវឱ្យរួតរះបញ្ជូនមកមន្ទីរពេទ្យជាបន្ទាន់មិនឱ្យលើស៤៨ ម៉ោងឡើយ​។​
 
លោកវេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល បានបញ្ជាក់ថា មូលហេតុដែលវីរុសគ្រុនឈាមប្រភេទទី៣ និងប្រភេទទី១ ឆ្លងច្រើនជាងគេ គឺពាក់ព័ន្ធនឹងការប្រែប្រួលតាមធម្មជាតិរបស់វីរុស រួមជាមួយកត្តាបរិស្ថាន អាកាសធាតុ និងប្រព័ន្ធអេកូឡូស៊ី ព្រមទាំងភាព​ស៊ាំក្នុងសហគមន៍មនុស្សលោក ពីមុន និងបច្ចុប្បន្ននេះ។

វេជ្ជបណ្ឌិត គី សន់ទី ប្រធានមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ បានប្រាប់ថា នៅក្នុងមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ និងសៀមរាប នៅឆ្នាំនេះមានអ្នកជំងឺគ្រុនឈាម និងជំងឺផ្សេងៗជាច្រើនដែល​តម្រូវឱ្យគ្រែអ្នកជំងឺមួយ មានអ្នកជំងឺសម្រាកដល់ទៅ២នាក់។  

តែយ៉ាងណា មន្ទីរពេទ្យនៅតែខិតខំថែទាំព្យាបាល​ជួយសង្គ្រោះអាយុជីវិតកុមារដោយយកចិត្តទុកដាក់ ពោលមន្ទីរពេទ្យបានត្រៀមសម្ភារៈបរិក្ខាពេទ្យ និងថ្នាំសង្កូវគ្រប់គ្រាន់ ដោយពុំមានការខ្វះខាតឡើយ។
 
 
ក្រសួងសុខាភិបាលបានណែនាំឱ្យពលរដ្ឋ​រួមគ្នារក្សាបាននូវអនាម័យល្អក្នុងការរស់នៅ ការពារកូនចៅកុំឱ្យមានមូសខាំ និងបំបាត់ជម្រកមូសខ្លា។

បើកុមារមានក្តៅខ្លួនខ្លាំងៗ មិនឆ្លើយតបនឹងថ្នាំបញ្ចុះកំដៅ នឹងសង្ស័យថាមានជំងឺគ្រុនឈាម សូមឆាប់នាំកុមារទៅពីគ្រោះជាមួយគ្រូពេទ្យនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតផ្ទះ ហើយត្រូវចៀសវាងទៅរកថ្នាំនិងព្យាបាលដោយខ្លួនឯង ពុំមានវេជ្ជបញ្ជា និងចៀសវាងការប្រើថ្នាំបញ្ចុះកម្តៅប្រភេទ អាស្ពីរីន ឬអ៊ីប៊ុយប្រូហ្វែន៕

សៅ សុខអេង

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា