អាមេរិក និងក្រុមហ៊ូធី ជួបចរចាទ្វេភាគីព្រមព្រៀងថា មិនវាយប្រហារគ្នាទៅវិញទៅមក | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាមេរិក និងក្រុមហ៊ូធី ជួបចរចាទ្វេភាគីព្រមព្រៀងថា មិនវាយប្រហារគ្នាទៅវិញទៅមក

អាមេរិក និងក្រុមហ៊ូធី ជួបចរចាទ្វេភាគីព្រមព្រៀងថា មិនវាយប្រហារគ្នាទៅវិញទៅមក

បរទេស ៖ ក្រុមមន្ត្រីអាមេរិក និងក្រុមប្រដាប់អាវុធហ៊ូធីរបស់ប្រទេសយ៉េមែន បានណាត់ជួបចរចាគ្នាដោយផ្ទាល់ នៅក្នុងប្រទេសអូម៉ង់ ដោយបានព្រមព្រៀងថា នឹងមិនវាយប្រហារគ្នាទៅវិញទៅមកទៀតឡើយ ។ នេះបើតាម Reuters ចេញផ្សាយកាលពីថ្ងៃពុធ ។

ការណាត់ជួបគ្នានេះបានធ្វើឡើងនៅប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីក្រុមប្រដាប់អាវុធមួយនេះ បានដណ្តើមយកតំបន់យុទ្ធសាស្ត្រ នៅតាមបណ្តោយឆ្នេរសមុទ្រក្រហម អំឡុងប្រតិបត្តិការវាយលុកដ៏ធំមួយ ជាហេតុធ្វើឱ្យកងកម្លាំងប្រទេសយ៉េមែន ដែលគាំទ្រដោយអារ៉ាប៊ី សាអូឌីត បានទទួលបរាជ័យយ៉ាងធ្ងន់ធ្ងរ ។

បើតាម Reuters, ដំណឹងអំពីការណាត់ជួបគ្នាដ៏កម្រនេះ ស្របទៅនឹងការលើកឡើងរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ដែលបាននិយាយ កាលពីថ្ងៃសៅរ៍ ថា ក្រុមហ៊ូធីបានទាក់ទងតាមទូរស័ព្ទ មកកាន់រដ្ឋបាលរបស់លោក ដោយស្នើសុំទីក្រុងវ៉ាស៊ីនតោន កុំលូកដៃចូលក្នុងសង្គ្រាម នៅប្រទេសយេម៉ែន ។

គួរបញ្ជាក់ថា រដ្ឋបាលរបស់លោក Trump បានចាត់ថ្នាក់ក្រុមហ៊ូធីថាជា «អង្គការភេរវករបរទេស» នៅខែមីនា ឆ្នាំ២០២៥ ដោយចាត់ទុកការគាំទ្រដល់ក្រុមនេះថាជាបទល្មើសព្រហ្មទណ្ឌ។ នៅពេលនោះ អាមេរិកក៏បានចាប់ផ្តើមយុទ្ធនាការទម្លាក់គ្រាប់បែក រយៈពេល២ខែ ដើម្បីបញ្ឈប់ការវាយប្រហាររបស់ក្រុមហ៊ូធី ទៅលើនាវាដឹកជញ្ជូននានា នៅក្នុងសមុទ្រក្រហមផងដែរ ។

យ៉ាងណាមិញ នៅពេលបន្ទាប់មក ទីក្រុងវ៉ាស៊ីនតោនបានងាកទៅចរចាជាមួយក្រុមហ៊ូធីវិញ ហើយក៏ឈានដល់កិច្ចព្រមព្រៀងបទឈប់បាញ់មួយ នៅខែឧសភា ឆ្នាំ២០២៥ ។

ការណ៍នេះ គឺស្របទៅនឹងការបញ្ជាក់របស់មន្ត្រីយេម៉ែន ដែលបានប្រាប់ថា អំឡុងជំនួបនៅអូម៉ង់ កាលពីចុងសប្តាហ៍ ក្រុមហ៊ូធីដែលគាំទ្រដោយអ៊ីរ៉ង់ បានអះអាងទៅកាន់មន្ត្រីទីក្រុងវ៉ាស៊ីនតោនថា ពួកគេមិនមានបំណងវាយប្រហារនាវាអាមេរិកឡើយ ហើយពួកគេប្តេជ្ញាគោរពបទឈប់បាញ់ ជាមួយអាមេរិកផងដែរ ។

បើតាម Times of Israel, ក្រុមហ៊ូធីក៏នឹងមិនវាយប្រហារនាវារបស់អ៊ីស្រាអែល ឬ នាវាពាណិជ្ជកម្មណាមួយឡើយ លើកលែងតែនាវា ដែលជាកម្មសិទ្ធិរបស់ប្រទេសអារ៉ាប៊ី សាអូឌីត តែប៉ុណ្ណោះ ៕

ប្រភព ៖ Reuters, ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា