លោក Zelensky ព្រមានថា សង្គ្រាម អ៊ុយក្រែន អាចគំរាមកំហែងដល់សន្តិសុខអាស៊ីបូព៌ា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក Zelensky ព្រមានថា សង្គ្រាម អ៊ុយក្រែន អាចគំរាមកំហែងដល់សន្តិសុខអាស៊ីបូព៌ា

លោក Zelensky ព្រមានថា សង្គ្រាម អ៊ុយក្រែន អាចគំរាមកំហែងដល់សន្តិសុខអាស៊ីបូព៌ា

កៀវ ៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky ព្រមានថា ភ្លើងសង្គ្រាមដែលកំពុងហែកហួរនៅ អ៊ុយក្រែន អាចនឹងបង្កការគំរាមកំហែងដល់សន្តិសុខក្នុងតំបន់អាស៊ីបូព៌ា ដោយសារតែការពង្រឹងផ្នែកយោធារវាងកូរ៉េខាងជើង និងរុស្ស៊ី ។

ថ្លែងក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ជប៉ុន NHK នៅទីក្រុងកៀវកាលពីថ្ងៃពុធ, លោក Zelensky បញ្ជាក់ថា កូរ៉េខាងជើងបានបញ្ជូនទាហានរាប់ម៉ឺននាក់ទៅចូលរួមក្នុងសមរភូមិជាមួយរុស្ស៊ី ដើម្បីរួមកម្លាំងគ្នាប្រយុទ្ធនឹងអ៊ុយក្រែន។

លោកថា ការធ្វើបែបនេះ នឹងអនុញ្ញាតឱ្យយោធាកូរ៉េខាងជើង អាចរៀនសូត្រ និងទទួលបានបទពិសោធន៍សង្គ្រាមសម័យទំនើបដោយផ្ទាល់ ដោយមិនចាំបាច់រងការខាតបង់ធំដុំ ដែលវានឹងក្លាយជាការគំរាមកំហែងសន្តិសុខដ៏ធំមួយសម្រាប់តំបន់អាស៊ីបូព៌ា។

ជាមួយគ្នានេះ លោក Zelensky ក៏បាននិយាយផ្លែផ្កាឱ្យចិនផងដែរថា បើទោះបីជាមិនធ្លាប់ឃើញមីស៊ីលរបស់ចិនផ្ទាល់ ប៉ុន្តែគ្រឿងបន្លាស់ជាច្រើនរបស់ចិន ត្រូវបានរកឃើញនៅក្នុងមីស៊ីល និងយន្តហោះដ្រូន ដែលរុស្ស៊ីប្រើប្រាស់វាយប្រហារមកលើអ៊ុយក្រែន ។

ប្រធានាធិបតីអ៊ុយក្រែនរូបនេះ ថែមទាំងបានរិះគន់ជំហរផ្នែកការទូតរបស់ទីក្រុងប៉េកាំងចំពោះសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនផងដែរថា មហាយក្សចិនមិនបានឈរនៅខាងទីក្រុងកៀវផ្នែកនយោបាយនោះទេ ។

លោកសង្កត់ធ្ងន់ថា មហាអំណាចដូចជាប្រទេសចិនអាចដើរតួនាទីសំខាន់ ក្នុងការជំរុញឱ្យសង្គ្រាមនេះបញ្ចប់ ប៉ុន្តែលោកយល់ថា ជំហររបស់ចិនបច្ចុប្បន្នមានភាពលំអៀងទៅរករុស្ស៊ី ជាជាងការរក្សាជំហរកណ្តាល ។

នៅក្នុងបទសម្ភាសន៍ដដែលនោះ ប្រធានាធិបតីអ៊ុយក្រែនវ័យ ៤៨ ឆ្នាំរូបនេះ ក៏បានបង្ហាញពីគោលបំណងចង់ពង្រីកកិច្ចសហប្រតិបត្តិការការពារជាតិជាមួយប្រទេសជប៉ុន ជាពិសេសទៅលើវិស័យសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត និងបច្ចេកវិទ្យាផលិតយន្តហោះដ្រូន ៕

ប្រភព ៖ NHK ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា