ចិន ដាក់មហិច្ឆតាផលិតរថក្រោះចម្បាំងនុយក្លេអ៊ែរ បាញ់បានចម្ងាយ ៤៥០ គីឡូម៉ែត្រ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ចិន ដាក់មហិច្ឆតាផលិតរថក្រោះចម្បាំងនុយក្លេអ៊ែរ បាញ់បានចម្ងាយ ៤៥០ គីឡូម៉ែត្រ

ចិន ដាក់មហិច្ឆតាផលិតរថក្រោះចម្បាំងនុយក្លេអ៊ែរ បាញ់បានចម្ងាយ ៤៥០ គីឡូម៉ែត្រ

ប៉េកាំង ៖ ចិន ដែលជាប្រទេសមហាយក្សនៅអាស៊ី បានដាក់មហិច្ឆតាផលិតរថក្រោះចម្បាំងដំបូងបង្អស់ ដើរដោយថាមពលនុយក្លេអ៊ែរ និងបំពាក់កាណុងកាំភ្លើងអាចបាញ់កម្ទេចគោលដៅក្នុងចម្ងាយរហូតដល់ ៤៥០ គីឡូម៉ែត្រ។

បើតាម South China Morning Post, មហិច្ឆតាផលិតរថក្រោះចម្បាំងដើរដោយថាមពលនុយក្លេអ៊ែរនេះ ត្រូវបានបញ្ចេញដោយក្រុមអ្នកស្រាវជ្រាវមកពីក្រុមហ៊ុន Inner Mongolia First Machinery Group ដែលជាក្រុមហ៊ុនផលិតរថក្រោះឈានមុខរបស់ចិន និងវិទ្យាស្ថានបច្ចេកវិទ្យាក្រុងប៉េកាំង។

ដៃគូទាំងពីរបានស្នើឡើងនូវគម្រោងផលិតរថក្រោះចម្បាំងដើរដោយថាមពលនុយក្លេអ៊ែរទម្ងន់ ៦០ តោន បំពាក់ដោយកាណុងកាំភ្លើងអេឡិចត្រូម៉ាញ៉េទិច Railgun ជាមួយនឹងកម្លាំង ៥០ មេហ្គាជូល (MJ)។

កាណុង Railgun ខុសពីកាណុងកាំភ្លើងរថក្រោះធម្មតា ព្រោះវាប្រើថាមពលអគ្គិសនី និងកម្លាំងអេឡិចត្រូម៉ាញ៉េទិច ដើម្បីបង្កើនល្បឿនគ្រាប់ផ្លោង ជំនួសឱ្យការប្រើសារធាតុផ្ទុះគីមី ដើម្បីវាយប្រហារគោលដៅរឹងមាំរបស់សត្រូវ ដូចជា រថពាសដែក បន្ទាយបេតុង និងទីតាំងការពារក្រោមដីជាដើម។

កាណុងកាំភ្លើងនេះ អាចបាញ់គ្រាប់ផ្លោងក្នុងល្បឿនរហូតដល់ ៣,៥ គីឡូម៉ែត្រក្នុងមួយវិនាទី ឬលឿនសំឡេងជាង ១០.២ដង ដែលអាចបាញ់កម្ទេចគោលដៅក្នុងចម្ងាយរហូតដល់ ៤៥០ គីឡូម៉ែត្រ។

ប្រភពដដែលឱ្យដឹងថា ផែនការអភិវឌ្ឍរថក្រោះចម្បាំងរបស់ចិន ត្រូវបានចែកចេញជា ៣ ដំណាក់កាល ដោយសារបញ្ហាប្រឈមផ្នែកបច្ចេកវិទ្យា។

ក្នុងនោះ ដំណាក់ដំបូង គឺនៅមុនឆ្នាំ២០៣៥ ក្រុមអ្នកអភិវឌ្ឍនឹងបំពាក់អាវុធអេឡិចត្រូម៉ាញេទិកលើរថក្រោះបច្ចុប្បន្ន ជាមួយកាណុងបាញ់បានចម្ងាយ ១៥០ គីឡូម៉ែត្រ និងការប្រើប្រាស់ម៉ាស៊ីនម៉ាស៊ូត។

ដំណាក់កាលទី២ គឺនៅចន្លោះឆ្នាំ ២០៣៥-២០៤៥ ក្រុមអ្នកអភិវឌ្ឍនឹងបង្កើនសមត្ថភាពកាណុងកាំភ្លើងអាចបាញ់បានចម្ងាយ ៣០០ គីឡូម៉ែត្រ រួមជាមួយបច្ចេកវិទ្យាផ្ទុកថាមពលទំនើប។

ហើយដំណាក់កាលទី៣ ក្រុមអ្នកអភិវឌ្ឍនឹងឈានទៅផលិតរថក្រោះចម្បាំងដើរដោយថាមពលនុយក្លេអ៊ែរពេញលេញ ដែលបំពាក់កាណុងកាំភ្លើងអាចបាញ់បានចម្ងាយរហូតដល់ ៤៥០ គីឡូម៉ែត្រ នៅក្រោយឆ្នាំ ២០៤៥។

យ៉ាងណា អ្នកជំនាញយោធាជាច្រើននិយាយថា វាគ្រាន់តែជាគោលគំនិតប៉ុណ្ណោះ។ ម្យ៉ាងវិញទៀត ការអភិវឌ្ឍជាក់ស្តែង អាចប្រឈមមុខនឹងឧបសគ្គបច្ចេកវិទ្យាធំៗជាច្រើន ។

ក្នុងនោះ រួមមាន ការការពារវិទ្យុសកម្មពីម៉ាស៊ីនរ៉េអាក់ទ័រសម្រាប់អ្នកបើក, ការបញ្ចេញកម្តៅខ្លាំងចេញពីរថក្រោះ និងហានិភ័យនៃការលេចធ្លាយសារធាតុវិទ្យុសកម្ម ប្រសិនបើរថក្រោះត្រូវរងការវាយប្រហារនៅលើសមរភូមិ៕

ប្រភព ៖ South China Morning Post ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា