ថៃបន្តរំលោភបំពានឈូសឆាយដី និងជីកប្រឡាយក្នុងទឹកដីកម្ពុជា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ថៃបន្តរំលោភបំពានឈូសឆាយដី និងជីកប្រឡាយក្នុងទឹកដីកម្ពុជា

ថៃបន្តរំលោភបំពានឈូសឆាយដី និងជីកប្រឡាយក្នុងទឹកដីកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញមុខតវ៉ាយ៉ាងខ្លាំងក្លាចំពោះភាគីថៃ ដែលនៅតែបន្តសកម្មភាពរំលោភបំពានយ៉ាងធ្ងន់ធ្ងរមកលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា តាមរយៈការប្រើប្រាស់គ្រឿងចក្រឈូសឆាយដី និងជីកប្រឡាយចូលក្នុងដែនដីខ្មែរនៅតាមបណ្តោយព្រំដែន។

កម្ពុជា បានធ្វើការតវ៉ាថ្មីមួយទៀតកាលពីថ្ងៃទី១៧កញ្ញា ចំពោះការបន្តរំលោភបំពានជាបន្តបន្ទាប់របស់ភាគីថៃ មកលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជានៅតាមបណ្តោយព្រំដែន។

ការចេញមុខតវ៉ានេះ បានធ្វើឡើងបន្ទាប់ពីកងកម្លាំងប្រដាប់អាវុធថៃ កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ បានប្រើគ្រឿងចក្រធុនអ្ងន់ឈូសឆាយដី និងជីកប្រឡាយ នៅក្បែរបង្គោលព្រំដែនលេខ៩ នៃតំបន់តាទុំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ រាជរដ្ឋាភិបាលកម្ពុជា បានប្រឆាំងយ៉ាងខ្លាំងក្លាចំពោះសកម្មភាពទាំងនេះ ដោយចាត់ទុកថា ជាការរំលោភបំពានយ៉ាងច្បាស់លើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា ដែលត្រូវបានកំណត់ និងខណ្ឌសីមាដោយផែនទីខ្នាត ១លើ ២០០ពាន់ (១:២០០.០០០) ផលិតដោយគណៈកម្មការកំណត់ព្រំដែនរវាងឥណ្ឌូចិន និងសៀម អនុលោមតាមអនុសញ្ញារបស់បារាំង-សៀម ឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ១៩០៧។

បើតាមក្រសួងការបរទេសកម្ពុជា សកម្មភាពរបស់ភាគីថៃក៏ជាការរំលោភផងដែរលើស្មារតីនៃអនុស្សរណៈនៃការយោគយល់គ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលថៃ ស្ដីពីការវាស់វែង និងខណ្ឌសីមាព្រំដែនគោក ចុះហត្ថលេខាកាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០០ និងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំវិសាមញ្ញលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។

ក្នុងកិច្ចប្រជុំ GBC ចុងក្រោយនេះ ភាគីទាំងពីរបានឯកភាពប្រគល់ភារកិច្ចជូនគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ដើម្បីបន្តការងារវាស់វែង និងបោះបង្គោលព្រំដែនឱ្យបានឆាប់បំផុត ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ។ ប៉ុន្តែរហូតមកដល់ពេលនេះ ភាគីថៃនៅតែមិនអើពើចំពោះសំណើជាបន្តបន្ទាប់របស់កម្ពុជា ដែលទាមទារឲ្យគណៈកម្មការ JBC ចាប់ផ្តើមដំណើរការការងាររបស់ខ្លួនឡើងវិញឡើយ។

រដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ជាថ្មីថា កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវខ្សែបន្ទាត់ព្រំដែន ឬការទាមទារទឹកដីជាឯកតោភាគីដោយប្រទេសថៃនោះឡើយ ហើយសកម្មភាពដែលបានរៀបចំឡើងជាឯកតោភាគីទាំងនេះ ក៏មិនប៉ះពាល់ដល់សិទ្ធិស្របច្បាប់ ឬជំហររបស់កម្ពុជាទាក់ទងនឹងព្រំដែនអន្តរជាតិរបស់ខ្លួនដែរ។

ទន្ទឹមនឹងនេះ កម្ពុជា បានទាមទារឱ្យប្រទេសថៃបញ្ឈប់ជាបន្ទាន់នូវសកម្មភាពទាំងនេះ និងគោរពការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការបន្ថយភាពតានតឹង លើកកម្ពស់ទំនុកចិត្តទៅវិញទៅមក និងសម្រួលដល់ការដោះស្រាយជម្លោះដោយសន្តិវិធី សំដៅស្តារសន្តិភាព ស្ថិរភាព និងទំនាក់ទំនងភាពជាអ្នកជិតខាងល្អ នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ៕ ទួន សុផល

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា