អ្នកនាំពាក្យរាជរដ្ឋាភិបាល​បញ្ជាក់ពីកិច្ចការពារអធិបតេយ្យភាពជាតិ បូរណភាពទឹកដី និងប្រជាជន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ្នកនាំពាក្យរាជរដ្ឋាភិបាល​បញ្ជាក់ពីកិច្ចការពារអធិបតេយ្យភាពជាតិ បូរណភាពទឹកដី និងប្រជាជន

អ្នកនាំពាក្យរាជរដ្ឋាភិបាល​បញ្ជាក់ពីកិច្ចការពារអធិបតេយ្យភាពជាតិ បូរណភាពទឹកដី និងប្រជាជន

ភ្នំពេញ៖ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល​បញ្ជាក់ពាក់ព័ន្ធនឹងកិច្ចការពារអធិបតេយ្យភាពជាតិ បូរណភាពទឹកដី និងប្រជាជន៖ រាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការនិងយ៉ាងខ្លាំងក្លាជាថ្មីទៀត ប្រឆាំងនឹងកងកម្លាំងប្រដាប់អាវុធថៃ ដែលបានប្រើគ្រឿងចក្រធុនធ្ងន់ឈូសឆាយដី និងជីកប្រឡាយ នៅក្បែរបង្គោលព្រំដែនលេខ៩ នៃតំបន់តាទុំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦។ កម្ពុជាចាត់ទុកសកម្មភាពនេះថា ជាការរំលោភ​បំពានយ៉ាងច្បាស់លើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា ដូចដែលបានកំណត់និងខណ្ឌសីមា ដោយផែនទីខ្នាត ១/២០០.០០០ ផលិតដោយគណៈកម្មការកំណត់ព្រំដែនរវាងឥណ្ឌូចិន និងសៀម អនុលោមតាមអនុសញ្ញា បារាំង-សៀម ឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ១៩០៧។

អ្នកនាំពាក្យរាជរដ្ឋាភិបាលបានបន្តថា សកម្មភាពទាំងនេះក៏រំលោភលើមាត្រា៥ នៃអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០០ រវាងប្រទេសទាំងពីរស្តីពីការវាស់វែងនិងខណ្ឌសីមាព្រំដែនគោក និងរំលោភលើសេចក្តីប្រកាសរួម ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលភាគីទាំងពីរបានឯកភាពប្រគល់ជូនគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ដើម្បីបន្តវាស់វែងនិងបោះបង្គោល​ព្រំដែនឱ្យបានឆាប់បំផុតស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់។ រាជរដ្ឋាភិបាលកម្ពុជាសូមបញ្ជាក់​ជាថ្មីថា កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវខ្សែបន្ទាត់ព្រំដែន ឬការទាមទារទឹកដីជាឯកតោភាគីដោយប្រទេសថៃនោះឡើយ ហើយសកម្មភាពដែលបានរៀបរាប់ខាងលើមិនប៉ះពាល់ដល់សិទ្ធិស្របច្បាប់ឬជំហររបស់កម្ពុជាទាក់ទងនឹងព្រំដែនអន្តរជាតិរបស់ខ្លួនឡើយ។

កម្ពុជាទាមទារឱ្យប្រទេសថៃបញ្ឈប់រាល់សកម្មភាពទាំងនេះ និងគោរពការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការបន្ធូរបន្ថយស្ថានការណ៍ និងលើកកម្ពស់ទំនុកចិត្តគ្នាទៅវិញទៅមកដើម្បីសម្រួលដល់ការដោះស្រាយជម្លោះដោយសន្តិវិធី ក្នុងជំហានឆ្ពោះទៅស្តារសន្តិភាព ស្ថិរភាពនិងទំនាក់ទំនង​ភាពជាអ្នកជិតខាងល្អ។ កម្ពុជានៅតែប្តេជ្ញាចិត្តក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ ក៏ដូចជាជាមួយប្រទេសជិតខាងទាំងអស់ដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់ និងប្រកាន់ខ្ជាប់នូវជំហរជាគោលការណ៍របស់ខ្លួនថា ខ្សែបន្ទាត់ព្រំដែនមិនត្រូវផ្លាស់ប្តូរដោយកម្លាំងនោះឡើយ។

អ្នកនាំពាក្យរាជរដ្ឋាភិបាលបានបញ្ជាក់ជូនជាថ្មីថា ការតវ៉ាមានសារៈសំខាន់មិនអាចខ្វះបាន​ដើម្បីបញ្ជាក់ពីភាពជាម្ចាស់ស្របច្បាប់របស់កម្ពុជានៅលើទីតាំងមួយចំនួន ដែលយោធាថៃដណ្តើមកាន់កាប់ដោយខុសច្បាប់អន្តរជាតិនៅតាមបណ្តាយព្រំដែន។ ការតវ៉ាផ្លូវការនេះ​ក៏​ជាឯកសារដែលមានតម្លៃគតិយុត្តដើម្បីប្រើប្រាស់​ក្នុងការ​ការពារអធិបតេយ្យ និងបូរណភាពទឹកដី​កម្ពុជា​ស្របតាមច្បាប់អន្តរជាតិជាធរមាន។ ការតវ៉ាផ្លូវការក៏មានសារៈសំខាន់ក្នុងការរក្សាអាជ្ញាយុកាល​នៃការទាមទារទឹកដី រហូតទាល់តែមានដំណោះស្រាយជាស្ថាពរមួយដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ នាពេលអនាគត​។

ការណ៍នេះសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាមិនបានយល់​ព្រមជាដាច់ខាតចំពោះការកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ពីសំណាក់កងយោ​ធាថៃ។ ជំហរការពារទឹកដីដ៏ម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាល ទទួលបានការគាំទ្រពីប្រជាពលរដ្ឋខ្មែរ​គ្រប់មជ្ឈដ្ឋាន ដែលផ្ទុយស្រឡះពីការចោទប្រកាន់មួលបង្កាច់របស់ក្រុមជ្រុលនិយមមួយក្តាប់តូចនៅក្រៅប្រទេស​​ដែលធ្វើនយោបាយបម្រើបរទេសឈ្លានពាន និងដែលកំពុងទទួលការថ្កោលទោសពីប្រជាពលរដ្ឋគ្រប់ទិសទី៕
ដោយ៖ពលជ័យ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា