ជប៉ុន ជ្រើសរើសកម្ពុជាជាមូលដ្ឋានសម្រាប់បង្កើតរោងចក្រផលិតខ្សែភ្លើងគុណភាពខ្ពស់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ជប៉ុន ជ្រើសរើសកម្ពុជាជាមូលដ្ឋានសម្រាប់បង្កើតរោងចក្រផលិតខ្សែភ្លើងគុណភាពខ្ពស់

ជប៉ុន ជ្រើសរើសកម្ពុជាជាមូលដ្ឋានសម្រាប់បង្កើតរោងចក្រផលិតខ្សែភ្លើងគុណភាពខ្ពស់

ក្រុមហ៊ុន Amon World Communications គ្រោងបង្កើតរោងចក្រផលិតខ្សែភ្លើង ដោយប្រើបច្ចេកវិទ្យាជប៉ុននៅក្នុងប្រទេសកម្ពុជា ដែលនឹងរួមចំណែកពង្រឹងសុវត្ថិភាពហេដ្ឋារចនាសម្ព័ន្ធ ការធ្វើពិពិធកម្មឧស្សាហកម្ម និងខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងស្រុក។
 
តំណាងក្រុមហ៊ុន Amon World Communications បានលើកឡើងដូច្នេះ ក្នុងឱកាសដែលរូបលោកបានជួបពិភាក្សាការងារជាមួយ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦។
 
ក្នុងជំនួបនោះ តំណាងក្រុមហ៊ុនខាងលើបានលើកឡើងថា រោងចក្រនេះ នឹងផលិតខ្សែភ្លើងគុណភាពខ្ពស់ ដោយប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងគុណភាព និងសុវត្ថិភាពរបស់ជប៉ុន ព្រមទាំងផ្ទេរចំណេះដឹងផ្នែកត្រួតពិនិត្យគុណភាព សុវត្ថិភាពអគ្គិសនី និងបណ្តុះបណ្តាលអ្នកបច្ចេកទេសកម្ពុជា ផងដែរ។
 
ជាការឆ្លើយ ឯកឧត្តម ហែម វណ្ណឌី បានស្វាគមន៍គម្រោងវិនិយោគនេះ និងបានលើកឡើងថា កម្ពុជាមិនត្រឹមតែចង់ផលិតជំនួសទំនិញនាំចូលមួយចំនួនប៉ុណ្ណោះទេ ប៉ុន្តែ កម្ពុជាចង់ក្លាយជាប្រទេសដែលអាចផលិត នាំចេញ និងមានការទទួលស្គាល់ជាអន្តរជាតិ។
 
ឯកឧត្តមបានសង្កត់ធ្ងន់ថា ក្រសួងអាចគាំទ្រដល់គម្រោងវិនិយោគនេះ រួមទាំងដំណើរការបង្កើតរោងចក្រ ការអភិវឌ្ឍស្តង់ដា ការធ្វើតេស្តផលិតផល ការផ្ទេរបច្ចេកវិទ្យា និងការភ្ជាប់ក្រុមហ៊ុនជាមួយអ្នកទិញសក្តានុពល ដូចជារោងចក្រដំឡើងយានយន្ត និងក្រុមហ៊ុនផលិតផលិតផលអគ្គិសនី និងអេឡិចត្រូនិក ជាដើម។
 
ឯកឧត្តមរដ្ឋមន្ត្រី បញ្ជាក់ទៀតថា ខ្សែភ្លើងដែលផលិតក្នុងស្រុក និងស្របតាមស្តង់ដាអន្តរជាតិ អាចផ្គត់ផ្គង់ដល់វិស័យយានយន្ត និងឧស្សាហកម្មដែលកំពុងរីកចម្រើននៅកម្ពុជា ព្រមទាំងមានសក្តានុពលនាំចេញទៅកាន់ទីផ្សារក្នុងតំបន់។
 
សូមបញ្ជាក់ថា ក្រុមហ៊ុន AMON បានបើកការិយាល័យនៅកម្ពុជាកាលពីខែសីហា និងគ្រោងបង្កើតរោងចក្ររបស់ខ្លួននៅកម្ពុជា ក្នុងឆ្នាំ២០២៧។ ម្ចាស់ភាគហ៊ុនធំរបស់ក្រុមហ៊ុននេះ គឺក្រុមហ៊ុនជប៉ុន Nichigoh Communication Electric Wire Co., Ltd. ដែលផលិតខ្សែភ្លើង និងខ្សែកាបផ្គត់ផ្គង់ដល់ទីផ្សារអន្តរជាតិមួយចំនួន៕

ខន ណារី AMS

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា