ម្ហូបអាហារខ្មែរប្រមាណ ៣០មុខ បានហក់ចូលទីផ្សារកូរ៉េ និងប្រទេសមួយចំនួនទៀត | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ម្ហូបអាហារខ្មែរប្រមាណ ៣០មុខ បានហក់ចូលទីផ្សារកូរ៉េ និងប្រទេសមួយចំនួនទៀត

ម្ហូបអាហារខ្មែរប្រមាណ ៣០មុខ បានហក់ចូលទីផ្សារកូរ៉េ និងប្រទេសមួយចំនួនទៀត

ឯកឧត្តម មៀវ សុខទ្រី ប្រធានសមាគមអ្នកផលិតចំណីអាហារកម្ពុជា បានប្រាប់បណ្ដាញព័ត៌មាន AMS ថា សព្វថ្ងៃនេះ ផលិតផលម្ហូបអាហាររបស់កម្ពុជាបានចូលមកទីផ្សារកូរ៉េប្រមាណ ៣០មុខ និងមានផលិត​ផលជាច្រើនទៀតកំពុងដំណើរការពិនិត្យលទ្ធភាពក្នុងការនាំចូលផងដែរ។
 
ប្រធានសមាគមអ្នកផលិតចំណីអាហារកម្ពុជាបញ្ជាក់ថា ផលិតផលម្ហូបអាហារនាំទៅកូរ៉េ មានជាប្រភេទគ្រឿងទេស ដូចជា ទឹកត្រី, ទឹកស៊ីអីវ, ទឹកម្ទេស, ទឹកសៀង, ម្ទេសឆា, ម្ស៉ៅស៊ុប, ព្រមទាំងអាហារមួយចំនួន ជាអាទិ៍ មីបន្លែ, គុយទាវស្ងួត, មីសួរ, នំបញ្ចុកស្ងួត និងប្រហុក ផ្អក។ ក្រៅពីនេះ កម្ពុជាក៏នាំផលិតផលភេសជ្ជៈជំនួយកម្លាំង ស្រាបៀរ, ​ទឹកដោះគោខាប់ ​​ក៏ដូចជាដំណាប់ស្វាយ, ស្វាយចន្ទី, ​ត្រីប្រឡាក់ និងខ្ទិះដូងជាដើម ទៅលក់នៅកូរ៉េផងដែរ។
 
ឯកឧត្តម មៀវ សុខទ្រី បានឲ្យដឹងថា ការដឹកជញ្ជូនម្ហូបអាហារទាំងនេះ គឺដឹកតាមកប៉ាល់ ជាមធ្យមពីរទូកុងតឺន័រតូចក្នុងមួយខែ ដែលមានប្រហែលចំនួន ៣ ទៅ ៤ក្រុមហ៊ុនជាអ្នកនាំចេញទៅកូរ៉េនេះ។ សម្រាប់សមា​គ​ម​វិញគឺបានជួយសម្របសម្រួល និងប្រមូលផ្តុំទំនិញទៅកូរ៉េជាមធ្យម ១ទូកុងតឺន័រក្នុងមួយខែសម្រាប់ទំនិញទូទៅ។
 
ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ក្នុងជំនួបជាមួយប្រធានសមាគមអ្នកផលិតចំណីអាហារកម្ពុជា នៅថ្ងៃទី១១ ខែកញ្ញា កន្លងទៅ បានឲ្យដឹងថា ប្រជាពលរដ្ឋខ្មែរដែលរស់នៅ ធ្វើការនៅប្រទេសកូរ៉េបង្ហាញសន្ទុះគាំទ្រផលិតផលខ្មែរច្រើន។ ទំនិញកម្ពុជាមិនត្រឹមតែអាចបំពេញតម្រូវការរបស់ពលរដ្ឋកម្ពុជាទេ តែក៏កំពុងបំពេញតម្រូវការរបស់ប្រជាជននៃប្រទេសអាស៊ីអាគ្នេយ៍ផ្សេងទៀតផងដែរ។
 
ប្រធានសមាគមអ្នកផលិតចំណីអាហារកម្ពុជា ឯកឧត្តម មៀវ សុខទ្រី បានសង្កត់ធ្ងន់ថា កំណើននៃផលិត​ផលកម្ពុជានៅទីផ្សារកូរ៉េ គឺដោយសារតែសន្ទុះនៃស្មារតីជាតិនិយមរបស់បងប្អូនខ្មែរនៅកូរ៉េ ដោយធ្វើពហិការផលិតផលបរទេស និងងាកមកគាំទ្រផលិតកម្ពុជា។
 
សូមបញ្ជាក់ថា សព្វថ្ងៃសមាគមអ្នកផលិតចំណីអាហារកម្ពុជាមានសមាជិកជាង ៦០០ សហគ្រាស ដែលមានការនាំចេញផលិតផលម្ហូបអាហារទៅច្រើនប្រទេស តែបរិមាណនៅមានកម្រិតនៅឡើយ៕

សេង បារាំង AMS

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា