ថៃចង់កំណត់ព្រំដែនសមុទ្រជាមួយកម្ពុជាឲ្យច្បាស់ជាមុនសិន ចាំនិយាយពីរឿងបែងចែងធនធាន​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ថៃចង់កំណត់ព្រំដែនសមុទ្រជាមួយកម្ពុជាឲ្យច្បាស់ជាមុនសិន ចាំនិយាយពីរឿងបែងចែងធនធាន​

ថៃចង់កំណត់ព្រំដែនសមុទ្រជាមួយកម្ពុជាឲ្យច្បាស់ជាមុនសិន ចាំនិយាយពីរឿងបែងចែងធនធាន​

លោក ស៊ីហាសាក់ ភូតកេតកែវ រដ្ឋមន្ត្រីក្រសួងការបរទេសថៃ បានអះអាងនៅថ្ងៃសុក្រនេះថា រដ្ឋាភិបាលថៃនៅតែប្រកាន់ជំហរថា ត្រូវកំណត់ព្រំដែនសមុទ្រជាមួយកម្ពុជាឱ្យបានច្បាស់លាស់ជាមុនសិន មុននឹងឈានទៅពិភាក្សាអំពីការអភិវឌ្ឍធនធានរួម ឬការបែងចែកផលប្រយោជន៍ពីធនធានបាតសមុទ្រ។
 
ថ្លែងនៅវិមានរដ្ឋាភិបាលថៃ លោក ស៊ីហាសាក់ បានបញ្ជាក់ថា កិច្ចប្រជុំលើកដំបូងរបស់គណៈកម្មការផ្សះផ្សា​ដោយ​បង្ខំក្រោមអនុសញ្ញា UNCLOS បានប្រព្រឹត្តទៅដោយរលូន។ នេះបើយោងតាមការដកស្រង់សម្តីរបស់លោក​ពីកាសែត​ខៅសុត។
 
ប្រមុខការទូតថៃបានបន្ថែមថា ភាគីកម្ពុជាក៏ផ្តល់អាទិភាពលើការកំណត់ព្រំដែនសមុទ្រផងដែរ ប៉ុន្តែ ប្រសិនបើដំណើរការនេះត្រូវការពេលវេលាយូរ កម្ពុជាចង់ឱ្យមានការអភិវឌ្ឍធនធានរួមសិន ក្នុងអំឡុងពេលរង់ចាំដំណោះស្រាយ។ ទោះបីយ៉ាងណា លោក ស៊ីហាសាក់ យល់ឃើញថា ទំនាក់ទំនងកម្ពុជា-ថៃកំពុងដំណើរការទៅមុខល្អ ហើយកម្ពុជាបានបង្ហាញជំហរបត់បែន និងកាន់តែសម្របសម្រួល ដែលអាចបង្កើតលទ្ធភាពសម្រាប់ការចរចាបន្ថែមទៀត។
 
សូមបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំលើកទី១នៃគណៈកម្មការផ្សះផ្សារវាងកម្ពុជា និងថៃនៅប្រទេសសិង្ហបុរី ឯកឧត្តម ប្រាក់ សុខុន ក្នុងនាមកម្ពុជា បានស្នើឲ្យគណៈកម្មការជួយជ្រោមជ្រែងប្រទេសទាំងពីរឈានទៅសម្រេចបានការចុះសន្ធិសញ្ញាមួយ ដើម្បីកំណត់ព្រំដែនសមុទ្រតែមួយ ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។
 
ជាជម្រើសផ្សេងទៀត កម្ពុជាត្រៀមខ្លួនចុះកិច្ចព្រមព្រៀងជាមួយប្រទេសថៃ សម្រាប់ការអភិវឌ្ឍរួមគ្នា និងការបែងចែកធនធានដោយសមធម៌រវាងរដ្ឋទាំងពីរ ក្នុងអំឡុងពេលរង់ចាំកិច្ចព្រមព្រៀងជាស្ថាពរស្តីពីព្រំដែនសមុទ្រ។

ប៉ុន្តែ ក្នុងករណីមិនអាចសម្រេចបានកិច្ចព្រមព្រៀងជាស្ថាពរ ទាំងលើព្រំដែនសមុទ្រ និងទាំងលើការអភិវឌ្ឍរួមគ្នា កម្ពុជាសូមស្នើឱ្យគណៈកម្មការរៀបចំរបាយការណ៍ផ្តល់អនុសាសន៍ដល់ភាគីទាំងពីរ ដើម្បីប្រើប្រាស់ជាមូលដ្ឋានសម្រាប់ចរចាគ្នានៅពេលក្រោយ ដោយអនុលោកតាមអនុសញ្ញា UNCLOS ៕

សៅ សុខអេង

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា