កម្ពុជា បើកទ្វារសហការជាមួយអន្តរជាតិ ដើម្បីលុបបំបាត់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជា បើកទ្វារសហការជាមួយអន្តរជាតិ ដើម្បីលុបបំបាត់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

កម្ពុជា បើកទ្វារសហការជាមួយអន្តរជាតិ ដើម្បីលុបបំបាត់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

រាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញការទទួលខុសត្រូវខ្ពស់ ក្នុងការចូលរួមជាមួយសហគមន៍អន្តរជាតិ ដើម្បីប្រយុទ្ធប្រឆាំង និងលុបបំបាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
 
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានលើកឡើងនៅក្នុងសន្និសីទសារព័ត៌មាន នាថ្ងៃទី១៨ ខែកញ្ញា ថា ការដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំ «សន្និសីទអន្តរជាតិនៃការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» គឺជាការបង្ហាញពីឆន្ទៈនយោបាយដ៏មុតមាំ និងការទទួលខុសត្រូវខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ដោយបើកចំហយ៉ាងទូលំទូលាយ និងអំពាវនាវឱ្យមានសកម្មភាពរួមគ្នារបស់សហគមន៍អន្តរជាតិ ក្នុងការប្រយុទ្ធប្រឆាំងនឹងបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ ពីព្រោះបញ្ហានេះគឺជាការប្រឈមរួមទាំងនៅក្នុងតំបន់ និងលើពិភពលោក។
 
យោងតាមឯកឧត្តមរដ្ឋមន្រ្តី កម្ពុជាទទួលស្គាល់ថា ការឆបោកតាមអនឡាញគឺជាបញ្ហាប្រឈមធ្ងន់ធ្ងរ ហើយកម្ពុជាខ្លួនឯងក៏ជាអ្នករងគ្រោះពីឧក្រិដ្ឋកម្មឆ្លងដែននេះផងដែរ។ ទោះជាយ៉ាងណាក៏ដោយ កម្ពុជាបាន និងកំពុងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ក្នុងការប្រឆាំង និងបង្ក្រាបបទល្មើសនេះ ព្រមទាំងសហការយ៉ាងជិតស្និទ្ធជាមួយបណ្តាប្រទេសនានាលើពិភពលោក រួមមាន ប្រទេសចិន អាមេរិក កូរ៉េខាងត្បូង ជប៉ុន អូស្ត្រាលី និងបណ្តាប្រទេសក្នុងតំបន់អាស៊ាន ដើម្បីរួមគ្នាដោះស្រាយបញ្ហានេះឱ្យមានប្រសិទ្ធភាព។
 
 
កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំ «សន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ ខាងមុខនេះ នៅក្នុងរាជធានីភ្នំពេញ ក្រោមប្រធានបទ «រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាស្កែមអនឡាញ»។ ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ នឹងមានការចូលរួមពីតំណាងបណ្តាប្រទេសជាង ២០ និងអង្គការអន្តរជាតិធំៗចំនួន ៣ ផងដែរ។
 
ឯកឧត្តម ហាយ មករា អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានមជ្ឈមណ្ឌលព័ត៌មានវិទ្យា បានលើកឡើងថា បច្ចុប្បន្ន បទល្មើសបច្ចេកវិទ្យាបានផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយបទល្មើសធ្ងន់ធ្ងរចំនួនបីផ្សេងទៀត រួមមាន ការជួញដូរមនុស្ស អំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបទល្មើសសម្អាតប្រាក់។
 
 
សូមបញ្ជាក់ថា គិតចាប់ពីខែកក្កដា ឆ្នាំ២០២៥ ដល់ខែសីហា ឆ្នាំ២០២៦ អាជ្ញាធរមានសមត្ថកិច្ចកម្ពុជា បានបើកប្រតិបត្តិការស៊ើបអង្កេតលើទីតាំងសង្ស័យបានចំនួនជាង ៨៣០ កន្លែង និងបានចុះបង្ក្រាបជាក់ស្តែងសរុបចំនួន ៦៦៣ ទីតាំង ក្នុងនោះបានគ្រប់គ្រង និងកម្ទេចទីតាំងអនឡាញស្កែមទ្រង់ទ្រាយធំបានរហូតដល់ ៨៦ កន្លែង និងបានបណ្តេញចេញមុខសញ្ញាជនសង្ស័យជាជនបរទេសជាង ២ម៉ឺនាក់៕

ទួន សុផល + ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា