ក្រុមបំបែកខ្លួននៅភាគខាងត្បូង ថៃ ប្តេជ្ញាតស៊ូប្រយុទ្ធជាមួយកងទ័ពរដ្ឋាភិបាលរហូតដល់ទីបញ្ចប់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រុមបំបែកខ្លួននៅភាគខាងត្បូង ថៃ ប្តេជ្ញាតស៊ូប្រយុទ្ធជាមួយកងទ័ពរដ្ឋាភិបាលរហូតដល់ទីបញ្ចប់

ក្រុមបំបែកខ្លួននៅភាគខាងត្បូង ថៃ ប្តេជ្ញាតស៊ូប្រយុទ្ធជាមួយកងទ័ពរដ្ឋាភិបាលរហូតដល់ទីបញ្ចប់

បាងកក ៖ បន្ទាប់ពីការតស៊ូប្រយុទ្ធរយៈពេល ២ ទសវត្សរ៍ដែលបានបណ្តាលឱ្យមនុស្សរាប់ពាន់នាក់នៅភាគខាងត្បូងប្រទេសថៃស្លាប់បាត់បង់ជីវិត, មេដឹកនាំម្នាក់នៃក្រុមបំបែកខ្លួនជនជាតិម៉ាឡេ-មូស្លីមបានប្តេជ្ញាចិត្តនៅថ្ងៃសុក្រនេះថា ពួកគេនឹងបន្តការតស៊ូប្រយុទ្ធជាមួយកងកម្លាំងរបស់រដ្ឋាភិបាលទីក្រុងបាងកក រហូតទាល់តែសម្រេចបាននូវគោលដៅរបស់ខ្លួន ។

លោក Nikmatullah Seri អ្នកនាំពាក្យគណៈប្រតិភូចរចាសន្តិភាពរបស់ក្រុមបំបែកខ្លួន BRN បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP នៅក្នុងបទសម្ភាសន៍ដ៏កម្រមួយថា «ដរាបណាគោលដៅរបស់យើងមិនទាន់សម្រេចបាន យើងនឹងបន្តការតស៊ូរហូតដល់ទីបញ្ចប់» ។

លោកថា «គោលដៅរបស់យើងនៅតែដដែល គឺ ការទាមទារឯករាជ្យភាពពីរដ្ឋាភិបាលថៃ» ។

បើតាម AFP, ក្រុមសកម្មប្រយុទ្ធ BRN បានតស៊ូដើម្បីបង្កើតរដ្ឋអ៊ីស្លាមឯករាជ្យមួយ នៅតំបន់ភាគខាងត្បូងប្រទេសថៃ ដែលមានប្រជាជនភាគច្រើនជាអ្នកកាន់សាសនាអ៊ីស្លាម ចាប់តាំងពីទសវត្សរ៍ឆ្នាំ ១៩៦០ មកម្ល៉េះ ប៉ុន្តែភាពចលាចលដ៏ខ្លាំងក្លា បានចាប់ផ្ទុះឡើងនៅឆ្នាំ ២០០៤ ។

ប្រទេសថៃបាននិងកំពុងចរចាជាមួយក្រុម BRN ដោយមានប្រទេសម៉ាឡេស៊ីជាអ្នកសម្របសម្រួលចាប់តាំងពីឆ្នាំ ២០១៣ មក ហើយ កិច្ចចរចាកម្រិតខ្ពស់ចុងក្រោយបំផុតបានធ្វើឡើង កាលពីខែធ្នូ។

ប៉ុន្តែ ដំណើរការនេះបានជាប់គាំង ជាច្រើនលើកច្រើនសារ ហើយទីក្រុងបាងកកបានផ្អាកកិច្ចសន្ទនានៅខែកក្កដា បន្ទាប់ពីមានការវាយប្រហារមួយដែលបានសម្លាប់ទាហានចំនួន ៥ នាក់។

តំបន់ភាគខាងត្បូងធ្លាប់ជាផ្នែកមួយនៃអតីតរដ្ឋស៊ុលតង់ប៉ាតានី ដែលជាសហគមន៍ម៉ាឡេ-មូស្លីម ប៉ុន្តែត្រូវបានប្រទេសថៃ ចូលមកគ្រប់គ្រង នៅដើមទសវត្សរ៍ឆ្នាំ ១៩០០ ។

យោងតាមអង្គការឃ្លាំមើល Deep South Watch, ចាប់តាំងពីឆ្នាំ ២០០៤ មក មនុស្សជាង ៧,០០០ នាក់ បានបាត់បង់ជីវិត ក្នុងនោះ រួមមានក្រុមឧទ្ទាម, កងកម្លាំងសន្តិសុខថៃ និង ជនស៊ីវិលផងដែរ ៕

ប្រភព ៖ AFP ប្រែសម្រួល ៖សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា