UN រកឃើញថា អាមេរិក ពិតជាប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាមលើ អ៊ីរ៉ង់ ត្រូវកាត់ទោសនៅតុលាការ ICC | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
UN រកឃើញថា អាមេរិក ពិតជាប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាមលើ អ៊ីរ៉ង់ ត្រូវកាត់ទោសនៅតុលាការ ICC

UN រកឃើញថា អាមេរិក ពិតជាប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាមលើ អ៊ីរ៉ង់ ត្រូវកាត់ទោសនៅតុលាការ ICC

អ.ស.ប ៖ បេសកកម្មស្វែងការពិតរបស់អង្គការសហប្រជាជាតិស្តីពីប្រទេសអ៊ីរ៉ង់ បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនមានមូលដ្ឋានសមហេតុផលក្នុងការជឿជាក់ថា សហរដ្ឋអាមេរិកគឺជាអ្នកនៅពីក្រោយការវាយប្រហារយោធាចំនួន ២ លើកទៅលើសាលារៀន និងកន្លែងលេងកីឡានៅក្នុងប្រទេសអ៊ីរ៉ង់កាលពីខែកុម្ភៈ ។

បេសកកម្មស្វែងការពិតរបស់ UN ស្តីពីអ៊ីរ៉ង់ក៏បានចាត់ទុកសកម្មភាពទាំងនេះថាជាឧក្រិដ្ឋកម្មសង្គ្រាម ដែលត្រូវតែបញ្ជូនសំណុំរឿងទៅកាត់ទោសនៅឯតុលាការព្រហ្មទណ្ឌអន្តរជាតិ ហៅកាត់ ICC ផងដែរ ។

បន្ទាប់ពីមានមូលដ្ឋានសមហេតុផលនេះ បេសកកម្មស្វែងការពិតរបស់ UN ស្តីពីអ៊ីរ៉ង់គ្រោងនឹងដាក់ជូនក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវនាថ្ងៃទី២១ ខែកញ្ញា ។

បើតាម straitstimes, បេសកកម្មស្វែងរកការពិតរបស់ UN គឺជាស្ថាប័នស៊ើបអង្កេត មិនមែនជាស្ថាប័នតុលាការនោះទេ ដូច្នេះស្ថាប័នមួយនេះមិនមានសិទ្ធិចាប់ផ្តើមនីតិវិធីព្រហ្មទណ្ឌណាមួយនោះឡើយ ។ យ៉ាងណា ការរកឃើញចុងក្រោយនេះ អាចត្រូវបានប្រើប្រាស់ក្នុងការស៊ើបអង្កេតព្រហ្មទណ្ឌ ដោយតុលាការជាតិ ឬតុលាការអន្តរជាតិ ដូចជា តុលាការ ICC ជាដើម ។

ជាមួយគ្នានេះ បណ្តារដ្ឋនានាក៏នឹងពិភាក្សាអំពីការរកឃើញ នៅក្នុងរបាយការណ៍នេះផងដែរ នៅពេលដែលវាត្រូវបានដាក់ជូនក្រុមប្រឹក្សាសិទ្ធិមនុស្ស នៅប្រទេសស្វីស នាសប្តាហ៍ក្រោយ ។

បើតាមក្រុមអ្នកជំនាញរបស់អង្គការសហប្រជាជាតិ, មានការរកឃើញមូលហេតុសមស្របដែលនាំឱ្យជឿថា កងកម្លាំងសហរដ្ឋអាមេរិកគឺជាអ្នកទទួលខុសត្រូវចំពោះការវាយប្រហារលើសាលាបឋមសិក្សា Shajareh Tayyebeh ក្នុងទីក្រុង Minab។

មន្ត្រីអ៊ីរ៉ង់និយាយថា ការវាយប្រហារសាលា នាពេលនោះ បណ្តាលឱ្យមនុស្សជាង ១៥០នាក់បានស្លាប់ រួមមានសិស្ស ប្រហែល ១២០ នាក់ផងដែរ ។

ក្រុមអ្នកជំនាញ UN ក៏បានសន្និដ្ឋានស្រដៀងគ្នានេះដែរ ពាក់ព័ន្ធនឹងការវាយប្រហារលើមជ្ឈមណ្ឌលកីឡាមួយកន្លែង ក្នុងទីក្រុង Lamerd បណ្តាលឱ្យជនស៊ីវិលចំនួន ២២ នាក់ស្លាប់ និងរងរបួស។

បេសកកម្មនេះបានសន្និដ្ឋានថា ការវាយប្រហារទាំងនោះគឺជាការវាយប្រហារដោយមិនរើសមុខ ដែលបណ្តាលឱ្យមានការស្លាប់ក្នុងចំណោមជនស៊ីវិល និងការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ហើយសកម្មភាពនេះត្រូវបានចាត់ទុកថា ជាឧក្រិដ្ឋកម្មសង្គ្រាម ក្រោមច្បាប់អន្តរជាតិ។

យ៉ាងណា ក្រសួងការពារជាតិអាមេរិក បានបដិសេធមិនធ្វើអត្ថាធិប្បាយ លើរបាយការណ៍នេះនោះទេ ។ ប៉ុន្តែមន្ត្រីអាមេរិកធ្លាប់បានលើកឡើងពីមុនមកថា ប្រតិបត្តិការយោធារបស់ខ្លួនប្រឆាំងលើអ៊ីរ៉ង់ ត្រូវបានអនុវត្តស្របតាមច្បាប់ «ស្តីពីជម្លោះប្រដាប់អាវុធ» ។

អ្នកនាំពាក្យសេតវិមាន លោកស្រី Anna Kelly លើកឡើងថា ក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ មិនបានសម្រេចអ្វីទាំងអស់សម្រាប់សិទ្ធិមនុស្ស ហើយថា នៅក្នុងជម្លោះបច្ចុប្បន្ន អ៊ីរ៉ង់ទៅវិញទេដែលជាភាគីប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាម ៕

ប្រភព ៖ straitstimes, ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា