រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ កម្ពុជាប្តេជ្ញាខ្ពស់នៅក្នុងការបង្ក្រាបនិងលុបបំបាត់ចោលនូវឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ កម្ពុជាប្តេជ្ញាខ្ពស់នៅក្នុងការបង្ក្រាបនិងលុបបំបាត់ចោលនូវឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ កម្ពុជាប្តេជ្ញាខ្ពស់នៅក្នុងការបង្ក្រាបនិងលុបបំបាត់ចោលនូវឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

ភ្នំពេញ៖ នៅក្នុងសន្និសីទសារព័ត៌មានអំពីការត្រៀមលក្ខណៈរបស់កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅរសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ នេះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានថ្លែងថា ប្រទេសកម្ពុជា គឺជាប្រទេសទី១ ដែលមានច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហើយបណ្តាប្រទេសផ្សេងៗនៅក្នុងតំបន់ដូចជា ភូមា គឺមានច្បាប់នេះបន្ទាប់ពីកម្ពុជា។ ការគិតគូរនេះ គឺជាការគិតគូរគ្រប់ជ្រុងជ្រោយទាំងវិធានការជាក់ស្តែងក្នុងការទប់ស្កាត់ និងបង្ក្រាបនៅបទល្មើស និងរៀបចំយន្តការច្បាស់លាស់ និងមានឧបករណ៍ច្បាប់នៅក្នុងការគ្រប់គ្រងកិច្ចការងារនេះ ហើយបានបង្ហាញពីការតាំងចិត្តខ្ពស់របស់រដ្ឋាភិបាលដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត គឺមានភាពជាក់លាក់ច្បាស់លាស់ និងមានការប្តេជ្ញាខ្ពស់នៅក្នុងការបង្ក្រាប និងលុបបំបាត់ចោលនៅឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

រដ្ឋមន្ត្រីក្រសួងព័ត៌មានបានបញ្ជាក់ថា “ម៉ោងនេះ គឺយើងអាចនិយាយដោយមោទនភាពចំពោះអ្វីដែលរាជរដ្ឋាភិបាលកម្ពុជា និងកម្លាំងសមត្ថកិច្ចរបស់យើងបានធ្វើ គឺការបង្ក្រាបការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាបានយ៉ាងច្រើន ហើយដែលយើងត្រូវបន្តបេសកកម្មបន្ថែមទៀត គឺការប្រមូលកម្លាំងគ្នាមិនមែនត្រឹមតែប្រទេសកម្ពុជាទេ គឺបណ្តាប្រទេសនានានៅលើសកលលោក និងសហគមន៍អន្តរជាតិចូលរួមគ្នា ហេតុនេះហើយបានជាយើងត្រូវរៀបចំនៅសន្និសីទអន្តរជាតិរយៈពេល២ថ្ងៃ រំពឹងថានឹងមានការជជែកវែកញែកនិងរកដំណោះស្រាយមួយដើម្បីឱ្យពិភពលោក ជាពិសេសប្រជាជនកម្ពុជា ប្រជាជននៅទូទាំងតំបន់ និងនៅលើពិភពលោក គឺទទួលបានសុវត្ថិភាព”។

ឯកឧត្តម នេត្រ ភក្ត្រា បានបន្តថា នៅក្នុងក្របខណ្ឌរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គឺក្រសួងព័ត៌មានសម្របសម្រួលជាមួយគណៈកម្មការ នៅក្នុងនាមអនុគណៈកម្មការនឹងរៀបចំការចុះទៅទស្សនកិច្ចផ្ទាល់នៅទីតាំងកន្លែងបង្ក្រាបស្គេម គឺនៅរាជធានីភ្នំពេញ ខេត្តស្វាយរៀង ខេត្តព្រៃវែង និងខេត្តកណ្តាល។ ទីតាំងដែលសង្ស័យមានការប្រព្រឹត្តនៅបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក្រោយពីបង្ក្រាប គឺមានការបិទសៀលដោយមិនអនុញ្ញាតឲ្យអ្នកណាចូលទេ។

ឯកឧត្តមបានសង្កត់ធ្ងន់ថា ការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គឺមិនមានការលើកលែងទេ តាមរបាយការណ៍បទល្មើសដែលសមត្ថកិច្ចបានគ្រប់គ្រង ហើយនិងការបង្កកទ្រព្យសម្បត្តិរហូតមកដល់ពេលនេះ គឺមានប្រមាណជាង ៣០០លានដុល្លារ ដែលស្ថិតនៅក្នុងដំណើរការសំណុំរឿងដែលតុលាការកំពុងតែបន្ត។ កម្ពុជាមានឆន្ទៈពិតប្រាកដនៅក្នុងការបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហើយអ្វីដែលកើតមានគឺយើងលុបបំបាត់ចោល និងមិនអនុញ្ញាតឲ្យមានបន្តទៅទៀតទេ៕
ដោយ៖ពលជ័យ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា