ក្រុមហ៊ុនអាកាសចរណ៍ AirAsia បញ្ជាក់អំពីទំនុកចិត្តនៅក្នុងធុរកិច្ច និងយុទ្ធសាស្ត្ររយៈពេលវែងរបស់ក្រុមហ៊ុន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រុមហ៊ុនអាកាសចរណ៍ AirAsia បញ្ជាក់អំពីទំនុកចិត្តនៅក្នុងធុរកិច្ច និងយុទ្ធសាស្ត្ររយៈពេលវែងរបស់ក្រុមហ៊ុន

ក្រុមហ៊ុនអាកាសចរណ៍ AirAsia បញ្ជាក់អំពីទំនុកចិត្តនៅក្នុងធុរកិច្ច និងយុទ្ធសាស្ត្ររយៈពេលវែងរបស់ក្រុមហ៊ុន

  • ការរក្សានូវអភិក្រមបុរេសកម្ម និងចំណាត់ការចំពោះការគ្រប់គ្រងប្រតិបត្តិការ ហិរញ្ញវត្ថុ និងចំនួនយន្តហោះនៅក្នុងស្ថានភាព ដែលមានភាពប្រែប្រួលមិនប្រកដប្រជាក្នុងវិស័យអាកាសចរណ៍។
  • គម្រោងគៀងគរមូលនិធិក្រុមហ៊ុន គឺផ្តោតជាចម្បងលើការរៀបចំឡើងវិញនូវរចនាសម្ព័ន្ធឥណពន្ធ ហិរញ្ញប្បទាន និងការសម្រួលតារាងតុល្យភាពហិរញ្ញវត្ថុ ដើម្បីធ្វើឱ្យប្រសើរឡើងនូវរចនាសម្ព័ន្ធដើមទុនក្នុងរយៈពេលវែង
  • កិច្ចពិភាក្សាប្រកបដោយសមទ្ធិផល និងគំនិតស្ថាបនាជាមួយដៃគូ និងភាគីពាក់ព័ន្ធសំខាន់ៗ ក្រោមស្មារតីរួមចំណែកអភិវឌ្ឍវិស័យអាកាសចរណ៍មានលក្ខណៈជាប្រព័ន្ធអេកូឡូស៊ី»

ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមហ៊ុន AirAsia Group Berhad, ឈ្មោះពីមុន “AirAsia X Berhad” (“AirAsia” ឬ “ក្រុមហ៊ុន”) នៅថ្ងៃនេះ​ បាន​​បញ្ជាក់​ជាថ្មីនូវនូវការយកចិត្តទុកដាក់ និងចំណាត់ការក្នុងការដោះស្រាយបញ្ហានានា ស្របពេលដែលក្រុមហ៊ុនអាកាសចរណ៍ទូទាំងពិភពលោកនៅតែបន្តប្រឈមមុខនឹងភាពមិនប្រាកដប្រជាផ្នែកភូមិសាស្ត្រនយោបាយ បម្រែបម្រួលប្រេងឥន្ធនៈ ភាពតានតឹងនៃការចំណាយ និង
របត់ទីផ្សារសកល។ ខណៈពេលដែលបញ្ហាប្រឈមទាំងនេះកើតមានឡើងនៅក្នុងឧស្សាហកម្មអាកាសចរណ៍ទាំងមូល ហើយមិនមែនជារឿងអ្វីថ្មីសម្រាប់ក្រុមហ៊ុន AirAsia នោះទេ ម៉ូដែលនៃតម្លៃសមរម្យប្រកបដោយភាពធន់របស់ក្រុមហ៊ុន រួមផ្សំជាមួយនឹងប្រសិទ្ធភាពនៃយុទ្ធសាស្ត្រតម្លៃសំបុត្រយន្តហោះ និងកំណើនប្រាក់ចំណូលគឺជាចលករ ដែលបានជួយឱ្យក្រុមហ៊ុនមានលទ្ធភាពអាចទប់ទល់នឹង​សម្ពាធទាំងអស់ក្នុងស្ថាពភាពនេះ ហើយក្រុមហ៊ុននៅតែបន្តផ្តោតសំខាន់ទៅលើភាពរីកចម្រើនក្នុងរយៈពេលវែង​​​។​

លោក Bo Lingam អគ្គនាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍ AirAsia Group បានមានប្រសាសន៍ថា៖ “យើងបានឆ្លងកាត់វិបត្តិជាច្រើនរួចមកហើយអស់រយៈពេល ២៥ ឆ្នាំមកហើយ ដោយក្នុងនោះជំងឺកូវីដ-១៩ គឺជាបញ្ហាប្រឈមដ៏លំបាកបំផុត។ អ្វីដែលខុសប្លែកគ្នានាពេលបច្ចុប្បន្ននេះគឺថា មនុស្សនៅតែអាចហោះហើរបាន ហើយការធ្វើដំណើរក៏នៅតែបន្ត។ ក្នុងស្ថានភាពបច្ចុប្បន្ន យើងកំពុងប្រកាន់យកអភិក្រមប្រកប​ដោយ​វិន័យក្នុងការគ្រប់គ្រងធុរកិច្ច ដោយកែសម្រួលសមត្ថភាពដឹកជញ្ជូន គ្រប់គ្រងការចំណាយ ធ្វើការពិភាក្សា​ជា​សកម្មជាមួយភាគីពាក់ព័ន្ធសំខាន់ៗ និងការពង្រឹងភាពធន់របស់ក្រុមហ៊ុន​។ ខណៈពេលដែលមានការវាយតម្លៃជា​ច្រើននៅក្នុងប្រព័ន្ធផ្សព្វផ្សាយ ដែលភាគច្រើនគ្មានភាពច្បាស់លាស់នាពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនយើងមិនមានការសង្ស័យ ចំពោះការប្តេជ្ញាចិត្តក្នុងបន្តរក្សាស្ថានភាពធុរកិច្ចប្រកបដោយចីរភាព និងការបន្តបម្រើសេវា​កម្មជូនដល់ភ្ញៀវរបស់យើងឡើយ។”

នៅក្នុងត្រីមាសទី២ ក្រុមហ៊ុនអាកាសចរណ៍ AirAsia អាចទប់ទល់ជាមួយនឹងកំណើនថ្លៃប្រេងឥន្ធនៈប្រមាណ ៧០% តាមរយៈតម្លៃសំបុត្រយន្តហោះដែលមានតម្លៃសមរម្យប្រកបដោយភាពបត់បែន និងបន្ថយការចំណាយលើប្រតិបត្តិការដែល​មិនប្រើប្រាស់ប្រេងឥន្ធនៈដែលមិនចាំបាច់។ ក្រុមហ៊ុនក៏បានកាត់បន្ថយលទ្ធភាពដឹកជញ្ជូនដែលមិនចាំបាច់ពី ២០-២៥% ផងដែរនៅក្នុងត្រីមាសទី៣ ដែលជារដូវកាលមិនមមាញឹក ហើយត្រៀមរៀបចំពង្រឹង​ និងបង្កើនសមត្ថភាពដឹកជញ្ជូនទៅ​ស្ថានភាព​មុនពេលមានសង្គ្រាមវិញ នៅក្នុងត្រីមាសទី៤ ដែលស្របទៅនឹងរដូវកាលធ្វើដំណើរចុងឆ្នាំដ៏មមាញឹកបំផុត​នៅក្នុង​តំបន់។

ក្រុមហ៊ុនអាកាសចរណ៍ AirAsia ក៏កំពុងបង្កើនប្រសិទ្ធភាពការហោះហើរ និងឈានឆ្ពោះទៅរកការប្រើប្រាស់ប្រភេទយន្តហោះចម្រុះដែលកាន់តែមានប្រសិទ្ធភាព។ ជាផ្នែកមួយនៃកម្មវិធីបង្កើនប្រសិទ្ធភាពហោះហើររយៈពេលវែង ក្រុមហ៊ុនបានប្រគល់យន្តហោះ ដែលបាត់បង់សមត្ថភាពសន្សំសំចៃប្រេងចំនួន ២៥ គ្រឿងត្រឡប់ទៅវិញ ក្នុងលក្ខខណ្ឌពាណិជ្ជកម្មដ៏អំណោយផល ដែលបានជួយកាត់បន្ថយបន្ទុកថ្លៃឈ្នួល ស្របពេលដែលក្រុមហ៊ុនកំពុងពន្លឿនការផ្លាស់ប្តូរទៅរកការប្រើប្រាស់យន្តហោះប្រភេទ narrowbody aircraft ដែលមានប្រសិទ្ធភាពជាងមុន។ ដោយសារការគ្រប់គ្រងប្រតិបត្តិការហោះហើរចម្ងាយខ្លី និងចម្ងាយឆ្ងាយរបស់ក្រុមហ៊ុន ពេលនេះត្រូវបានបង្រួមតែមួយ ក្រុមហ៊ុនអាកាសចរណ៍បច្ចុប្បន្ននេះមានភាពបត់បែនកាន់តែខ្លាំង ក្នុងការបង្កើនប្រសិទ្ធភាពហោះហើរ និងសមត្ថភាពផ្ទុកទំងន់ នៅទូទាំងបណ្តាញហោះហើររបស់ខ្លួន ដោយផ្តោតសំខាន់ទៅលើប្រាក់ចំណេញនៃជើងហោះហើរ និងចំណូលប្រកបដោយចីរភាព។

ទាក់ទងនឹងតម្រូវការដើមទុន និងហិរញ្ញប្បទានរបស់ក្រុមហ៊ុន យើងខ្ញុំរក្សាបាននូវតម្លាភាពយ៉ាងពេញលេញជាប្រចាំ ដោយបើកបង្ហាញនូវរាល់កត្តាសំខាន់ៗទាំងអស់ តាមរយៈការដាក់បង្ហាញរបាយការណ៍ជាផ្លូវការ និងការប្រកាសជាសាធារណៈ ដោយអនុលោមតាមច្បាប់ជាធរមាន។ ដូចដែលបានលើកឡើងខាងលើ សកម្មភាពគៀងគរមូលនិធិដែលបានគ្រោងទុករបស់ក្រុមហ៊ុន គឺផ្តោតជាចម្បងលើការរៀបចំឡើងវិញនូវរចនាសម្ព័ន្ធឥណពន្ធ ហិរញ្ញប្បទាន និងការសម្រួលតុល្យភាពហិរញ្ញវត្ថុ ដើម្បីធ្វើឱ្យប្រសើរឡើងនូវរចនាសម្ព័ន្ធដើមទុនរយៈពេលវែង ជាជាងការផ្តល់មូលនិធិសម្រាប់តែការខ្វះខាតតែមួយពេល។ ក្រុមហ៊ុននៅតែបន្តគ្រប់គ្រងយ៉ាងសកម្ម លើដើមទុន និងវាយតម្លៃលើជម្រើសយុទ្ធសាស្ត្រនានា ដើម្បីធានាបាននូវភាពធន់នៃប្រតិបត្តិការ និងហិរញ្ញវត្ថុ។ ព័ត៌មានថ្មីៗផ្លូវការ នឹងត្រូវបានប្រកាសផ្សាយនៅពេល ដែលលក្ខខណ្ឌច្បាស់លាស់ត្រូវបានសម្រេចជាស្ថាពរ។ ខណៈពេលនេះ យើងខ្ញុំណែនាំឱ្យភាគីពាក់ព័ន្ធ និងសាធារណៈ ទទួលជ្រាបជាព័ត៌មានដែលបង្ហាញជាផ្លូវការតែប៉ុណ្ណោះ និងចៀសវាងការវាយតម្លៃដោយមិនមានប្រភពផ្ទៀងផ្ទាត់ជាមូលដ្ឋានច្បាស់លាស់។

ក្រុមហ៊ុនអាកាសចរណ៍ AirAsia តែងតែជាក្រុមហ៊ុនអាកាសចរណ៍ដែលចេះបន្ស៊ាំខ្លួន សម្របខ្លួន និងស្វែងរកផ្លូវឆ្ពោះទៅមុខជានិច្ច ហើយយើងមានប្រវត្តិជាក់ស្តែងដែលបញ្ជាក់សកម្មភាពទាំងនេះ។ យើងនៅតែ
ផ្តោតយកចិត្តទុកដាក់យ៉ាងពេញទំហឹងលើការរក្សានិរន្តរភាពធុរកិច្ច និងការរក្សាស្ថិរភាពប្រតិបត្តិការជាមួយដៃគូសំខាន់ៗរបស់យើង។ តាមរយៈការរក្សានូវនិយាមប្រតិបត្តិ និង ការសហការជាប្រព័ន្ធ ហើយយើងកំពុងពង្រឹងភាពធន់របស់យើង និងត្រៀមខ្លួនយ៉ាងសស្រាក់សស្រាំជាស្រេចសម្រាប់ឱកាសនៅខាងមុខ។ ភាពរឹងមាំនៃ
បណ្តាញរបស់យើងត្រូវបានស្តែងចេញឱ្យ​ឃើញ​​​​យ៉ាងច្បាស់ តាមរយៈការទទួលស្គាល់ថ្មីៗនេះទៅលើអាកាសយានដ្ឋានអន្តរជាតិគូឡាឡាំពួ (KUL) ជាមជ្ឈមណ្ឌលអាកាសចរណ៍អន្តរជាតិ (megahub) ទីបួននៅលើ
ពិភពលោក ដែលមានការតភ្ជាប់ច្រើនជាងគេ និងជា​មជ្ឈមណ្ឌលអាកាសចរណ៍តម្លៃទាបលេខ១¹ ជាតំណែងមួយត្រូវបានរក្សាតាំងពីឆ្នាំ ២០២៣ មក ដោយមានក្រុមហ៊ុន AirAsia ជាក្រុមហ៊ុនអាកាសចរណ៍ចម្បងនៅពីក្រោយការតភ្ជាប់នេះ។

សរុបសេចក្តីមក យើងដោះស្រាយបញ្ហាប្រឈមនានា ដោយផ្អែកលើចំណុចខ្លាំងជាគោល ព្រមទាំងអនុវត្តនូវផែនការយុទ្ធសាស្ត្រដ៏ច្បាស់លាស់ ដើម្បីទទួលបានកំណើនប្រាក់ចំនេញប្រកបដោយចីរភាព។ យើងមានសុទិដ្ឋិនិយមចំពោះទស្សនវិស័យសម្រាប់ត្រីមាសទីបួនដែលជារដូវកាលដ៏មមាញឹក ហើយមានទំនុកចិត្តលើ
សក្តានុពលភាពរបស់ក្រុមហ៊ុនយើងខ្ញុំ។ យើងខ្ញុំនឹងផ្តោតការយកចិត្តទុកដាក់លើធុរកិច្ចរបស់ក្រុមហ៊ុន​ជា​ចម្បង ហើយនឹងមិនអនុញ្ញាតឱ្យមានការរំខានដោយសារការប៉ាន់ស្មានដែលគ្មានមូលដ្ឋានច្បាស់លាស់ណាមួយឡើយ។

1 ប្រភព៖OAG Megahubs 2026 report, Official Airline Guide (OAG), 2026.

ទាវ សារៈមុនី

ទាវ សារៈមុនី

ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា