សម្តេចតេជោ ហ៊ុន សែន បង្ហាញចំណាប់អារម្មណ៍ទៅលើអត្ថបទរបស់លោកសាស្រ្តាចារ្យ Surachart Bamrunsuk ក្រោមចំណងជើងថា ស្កប់ចិត្ត តែនៅមិនឈ្នះ! | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សម្តេចតេជោ ហ៊ុន សែន បង្ហាញចំណាប់អារម្មណ៍ទៅលើអត្ថបទរបស់លោកសាស្រ្តាចារ្យ Surachart Bamrunsuk ក្រោមចំណងជើងថា ស្កប់ចិត្ត តែនៅមិនឈ្នះ!

សម្តេចតេជោ ហ៊ុន សែន បង្ហាញចំណាប់អារម្មណ៍ទៅលើអត្ថបទរបស់លោកសាស្រ្តាចារ្យ Surachart Bamrunsuk ក្រោមចំណងជើងថា ស្កប់ចិត្ត តែនៅមិនឈ្នះ!

សម្តេចតេជោ ហ៊ុន សែន បានសរសេរនៅលើបណ្តាញសង្គមផ្លូវការរបស់សម្តេច នារសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦នេះថា ថ្ងៃនេះ ខ្ញុំមានចំណាប់អារម្មណ៍ទៅលើអត្ថបទរបស់ លោកសាស្រ្តាចារ្យ Surachart Bamrunsuk (សុរ៉ាឆាត បាំរុងសុខ) នៅក្នុងកាសែតម៉ាទិឈុនប្រចាំសប្តាហ៍ (matichon Weekly) ក្រោមចំណងជើងថា ស្កប់ចិត្ត តែនៅមិនឈ្នះ!

ខ្ញុំសូម​ចូលរួមចែករំលែក​នូវ​អត្ថបទ​នេះដោយបកប្រែក្រៅផ្លូវការ ដើម្បីជូនប្រជាជននៃប្រទេស​ទាំងពីរ​កម្ពុជានិងថៃ បាន​ជ្រាបនិងយល់ដឹង​បន្ថែម ដោយខ្ញុំសូមមិនមានការធ្វើអត្ថាធិប្បាយ បន្ថែមអ្វីទេទៅ​លើអត្ថបទ​របស់លោកនោះទេ សូមទុកឱ្យ​ប្រជា​ជនទាំងពីរពិចារណាលើសំណេរដែលមានខ្លឹមសារ អត្ថបទរៀបរាប់ទាំងស្រុង៖

ស្កប់ចិត្ត តែនៅមិនឈ្នះ!

ប្រធានបទជម្លោះរវាងប្រទេសថៃ និងកម្ពុជា នៅតែជាបញ្ហាដែលប្រជាជនក្នុងសង្គមថៃផ្តល់ការចាប់អារម្មណ៍ និងតាមដានយ៉ាងខ្លាំង ជាពិសេសនៅតាមបណ្តាញប្រព័ន្ធផ្សព្វផ្សាយមួយចំនួន ព្រោះថាបញ្ហានេះគឺជារឿងដែលអាចដុះខាត់ និងលក់បាននៅតាមសាធារណៈ។ ហើយប្រធានបទក្តៅនាពេលនេះ គឺនៅជាមួយជម្លោះវិវាទព្រំដែនសមុទ្រ។

នៅក្នុងវេទិកាប្រជុំគណៈកម្មការផ្សះផ្សារដោយបង្ខំ(Compulsory Conciliation)នូវជម្លោះសមុទ្រ រវាងថៃ និងកម្ពុជា ដែលអាចហៅកាត់ថា «UNCLOS ថៃ-កម្ពុជា» លើកទី១ បានចាប់ផ្តើមឡើងនៅថ្ងៃទី១៤ ដល់ទី១៦ ខែកញ្ញា នៅសិង្ហបុរី បានធ្វើឱ្យវេទិកាប្រជុំនេះក្លាយជាទីចាប់អារម្មណ៍យ៉ាងខ្លាំង។ មូលហេតុគឺដោយសាររឿងនេះគឺជាបញ្ហាសំខាន់មួយរបស់អាស៊ាន ហើយទស្សនៈរបស់គណៈកម្មការឈុតនេះនឹងមានអត្ថន័យសំខាន់ខ្លាំងចំពោះការដោះស្រាយបញ្ហាសមុទ្ររវាងថៃ និងកម្ពុជា ទោះបីជាមានការនិយាយលួងចិត្តខ្លួនឯងនៅភាគីថៃជានិច្ចថា ទស្សនៈនេះនឹងមិនចងកាតព្វកិច្ចផ្លូវច្បាប់មកលើប្រទេសថៃក៏ដោយ។

ថៃបើកវេទិកាដោយការជេរប្រមាទ
ការបើកវេទិកាប្រជុំលើកដំបូងនេះ គឺប្រៀបដូចជាការបង្ហាញឥរិយាបថឱ្យវេទិកាអន្តរជាតិបានឃើញ ឬយ៉ាងហោចណាស់ក៏ជាការបង្ហាញឱ្យឃើញពី «ឥរិយាបថ និងទិសដៅ» របស់ថ្នាក់ដឹកនាំនៃភាគីនីមួយៗក្នុងការដោះស្រាយបញ្ហា ដែលភាគីនីមួយៗត្រូវតែបង្កើតឱ្យមាន «រូបភាពល្អ» ក្នុងក្រសែភ្នែកគណៈកម្មការនៃការប្រជុំនេះ ក៏ដូចជាក្រសែភ្នែកប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ។

សង្គមថៃប្រហែលជាត្រូវទទួលស្គាល់ថា ទស្សនៈរបស់វេទិកាអន្តរជាតិ និងវេទិកាក្នុងស្រុក គឺខុសគ្នាស្រឡះ។ ឧទាហរណ៍ នៅតាមវេទិកាអន្តរជាតិប្រហែលជាគេអាចមិនចាប់អារម្មណ៍លើព័ត៌មានលម្អិតនៃការប្រយុទ្ធគ្នា ដូចដែលតំណាងថៃបានថ្លែងនោះទេ ប៉ុន្តែគេចាប់អារម្មណ៍ថា តើដ្ឋភាគីជម្លោះនឹងអាចបញ្ចប់ការប្រយុទ្ធគ្នាដោយរបៀបណា? ឬមួយក៏វេទិកាអន្តរជាតិមិនចាប់អារម្មណ៍លើបញ្ហាដែលជានាមធម៌ ដូចជា «ភាពស្មោះត្រង់» នោះទេ ព្រោះក្នុងពេលអនុវត្តជាក់ស្តែង គ្មាននរណាម្នាក់អាចឆ្លើយបានថា រដ្ឋណាមួយមានភាពស្មោះត្រង់ជាងរដ្ឋណាមួយឡើយ។

ផ្ទុយទៅវិញ ពួកគេចាប់អារម្មណ៍ថា តើវាមានលទ្ធភាពកម្រិតណាដែលរដ្ឋគូជម្លោះនឹងស្វែងរកផ្លូវចេញរួមគ្នា ជាជាងការយកវេទិកានេះមកជាការជេរប្រមាថភាគីម្ខាងទៀត។ ការដែលត្រូវយករឿងនេះមកជាការសង្កេតបែបនេះ គឺដោយសារតែជំហាននៃការដោះស្រាយបញ្ហាក្នុងផ្នែកនៃការប្រជុំនេះ គួរតែហួសពីជំហាននៃការអង្គុយទម្លាក់កំហុស ឬជេរគ្នាទៅវិញទៅមកហើយ។ ការទៅបង្ហាញថាខ្លួនមានប្រាជ្ញាក្នុងការជេរប្រមាថនៅលើវេទិកាបែបនេះ មិនបានជួយឱ្យមានប្រៀបអ្វីឡើយ ប៉ុន្តែវាអាចធ្វើឱ្យមានគេឃើញរូបភាពត្រឡប់វិញ នោះគឺចរិយាសម្បត្តិ របស់អ្នកការទូតថៃ។

ប្រសិនបើការប្រជុំនៅលើវេទិកាអន្តរជាតិប្រើប្រាស់ការ «ជេរ» ជាឧបករណ៍ និងជាផលលទ្ធផលល្អដូចដែលរដ្ឋមន្ត្រីការបរទេសថៃបានសម្តែងនៅលើវេទិកា UNCLOS ហើយធ្វើឱ្យយើងមានប្រៀបជាងនៅលើតុចរចាបានពិតប្រាកដមែននោះ ការសិក្សាមុខវិជ្ជា «ការចរចាអន្តរជាតិ» នៅក្នុងដេប៉ាតឺម៉ង់ទំនាក់ទំនងអន្តរជាតិ ក៏គួរតែឈប់បង្រៀនទៅ ហើយស្វែងរក «វាគ្មិនដែលមានមាត់ពូកែៗ» មកបង្រៀនជំនួសវិញ ដោយមិនចាំបាច់ផ្អែកលើគោលវិជ្ជាណាមួយឡើយ។

បញ្ហាប្រឈមមុខនឹងអន្ទាក់ជាតិនិយម
ស្របពេលជាមួយគ្នានេះ អ្នកនយោបាយដែលជារដ្ឋមន្ត្រីការបរទេសរូបនេះ ប្រហែលជានៅតែប្រកាន់ខ្ជាប់នូវគំនិតជាតិនិយមថៃតាំងពីឆ្នាំ ២០២៥ ដែលជឿដោយងាយថានិន្នាការជាតិនិយមនេះហើយនឹងជួយក្នុងការបង្កើតសំឡេងគាំទ្រផ្នែកនយោបាយដល់រដ្ឋាភិបាល ហើយថែមទាំងជួយបង្កើតរូបភាពដល់ខ្លួនឯងក្នុងនាមជា «រដ្ឋមន្ត្រីជាតិនិយម» ផងដែរ។

អ្នកនយោបាយដែលជារដ្ឋមន្ត្រីការបរទេសរូបនេះ ប្រហែលជាភ្លេចទៅថា លទ្ធិជាតិនិយមអាចជួយ ចិញ្ចឹមបន្ថែមកម្លាំងរដ្ឋាភិបាល ឬបន្តដង្ហើមនយោបាយរដ្ឋាភិបាលឈុតនេះបានក្នុងឆ្នាំ ២០២៥ ព្រោះមានស្ថានការណ៍ប្រយុទ្ធគ្នាជាឧបករណ៍ដុតបញ្ឆេះ ប៉ុន្តែសម្រាប់ឆ្នាំ ២០២៦ គួរតែជាឆ្នាំនៃការដោះស្រាយបញ្ហា និងស្វែងរកផ្លូវឱ្យប្រទេសថៃផុតពី «អន្ទាក់សង្គ្រាមកម្ពុជា» ព្រោះសង្គ្រាមនេះ មិនបានបង្កើតផលតបស្នងជាយុទ្ធសាស្ត្រដល់ប្រទេសថៃឡើយ ហើយថែមទាំងផ្ដល់ផលប៉ះពាល់ដល់សេដ្ឋកិច្ចខាងក្នុងរបស់ថៃយ៉ាងខ្លាំងទៀតផង ដែលផលប៉ះពាល់បែបនេះ ភាគីជាតិនិយមអាចមិនទទួលស្គាល់ រួមទាំងរឿងនៃការបន្ធូរបន្ថយវិបត្តិ ពាណិជ្ជកម្មតាមព្រំដែន។

ផ្ទុយទៅវិញ អន្ទាក់ជាតិនិយមបែបឆ្នាំ ២០២៥ នៅតែមានច្រើននៅក្នុងប្រព័ន្ធគំនិតរបស់អ្នកនយោបាយថៃ ដែលជឿថាការ «ជេរប្រមាថ» នឹងក្លាយជាឧបករណ៍ក្នុងការបង្កើតរូបភាព ឯប្រព័ន្ធផ្សព្វផ្សាយថៃក៏នៅតែប្រកាន់ខ្ជាប់នឹងនិន្នាការជាតិនិយម រហូតភ្លេចចោទសួរថា ការសម្តែងចេញរបស់រដ្ឋមន្ត្រីការបរទេសថៃនៅលើវេទិកាប្រទេសសឹង្ហបុរី នឹងបង្កើតផលតបស្នងផ្នែកការទូតដល់ប្រទេសថៃ ឬគ្រាន់តែជាការទំនាក់ទំនងគ្នាឯងក្នុងចំណោមសង្គមខាងក្នុងរបស់ថៃ ដើម្បីផលប្រយោជន៍នយោបាយ មិនមែនជាការទំនាក់ទំនងជាមួយសង្គមខាងក្រៅនោះទេ។

រូបភាពប្រទេសថៃក្នុងក្រសែភ្នែកពិភពលោក
ក្នុងសភាពបែបនេះ ប្រព័ន្ធផ្សព្វផ្សាយហាក់ដូចជាភ្លេចសួរថា ការទំនាក់ទំនងបែប «ជេរកម្ពុជា» តើនឹងជួយបង្កើត «រូបភាព» របស់តំណាងថៃក្នុងក្រសែភ្នែកគណៈកម្មការផ្សះផ្សា ដែលត្រូវសម្រេចបញ្ហាជម្លោះ និងក្នុងទស្សនៈសង្គមអន្តរជាតិបានពិតប្រាកដដែរឬទេ?

ប៉ុន្តែអាចឆ្លើយបានម្យ៉ាងថា ជេរហើយ «ស្កប់ចិត្តមនុស្សក្នុងផ្ទះ»… ជេរហើយ ជួយបង្កើតនិន្នាការបែប «ត្រូវចិត្តមនុស្សក្នុងផ្ទះ» ប៉ុន្តែយើងអាចនឹងត្រូវសួរបន្ត ទៀតថា ចុះប្រទេសថៃនឹងទទួលបានផលតបស្នងអ្វីខ្លះក្នុងការធ្វើបែបនោះ? ព្រោះផលលទ្ធផលពិតប្រាកដគឺ ធ្វើឱ្យរូបភាពការទូតរបស់ថៃមើលទៅ «ធ្លាក់ចុះ» ជាងប្រទេសកម្ពុជាយ៉ាងខ្លាំង ដែលគ្មានផលល្អដល់ប្រទេសជាតិនោះឡើយ។

ទោះជាយ៉ាងណា ទំនាក់ទំនងតាមរយៈការ ជេរប្រមាថ មិនបានជួយគាំទ្រឱ្យកើតមានរូបភាពថា ថៃត្រូវបានកម្ពុជាធ្វើបាបនោះទេ ព្រោះឥរិយាបថថៃមានលក្ខណៈនិយាយបែប «ឈ្លានពាន» ចំណែកឯកម្ពុជាលេងតួអង្គនិយាយបែបស្រទន់ និងនិយាយចំគោលការណ៍។ រូបភាពដែលកើតឡើងគឺជួយបញ្ជាក់ថា ថៃគឺជា «ភាគីអ្នកធ្វើបាប» និងកម្ពុជាគឺជា «ភាគីអ្នករងគ្រោះ» ដែលជាការបញ្ជាក់ចេញពីឥរិយាបថរបស់ថៃផ្ទាល់។

ប្រសិនបើយើងចាប់អារម្មណ៍លើទិសដៅនៃការសម្តែងចេញនៅលើវេទិកាអន្តរជាតិ យើងអាចនឹងមានអារម្មណ៍ម្យ៉ាងថា ថៃលេងល្បែងបែបដើម. ថៃលេងល្បិចដើម ដូច្នេះភាគីកម្ពុជាគឺអាចប៉ាន់ស្មានបានមិនពិបាកឡើយថា រដ្ឋមន្ត្រីការបរទេសថៃនឹងនិយាយអ្វីខ្លះនៅប្រទេសសឹង្ហបុរី។ ហើយប្រសិនបើយើងតាមដានរឿងនេះជានិច្ចកាលតមក យើងនឹងឃើញថា ប្រធានបទនៃការបង្ហាញរបស់តំណាងភាគីថៃគឺគ្មានអ្វីក្រៅពីធ្លាប់បានសម្តែងចេញតាមប្រព័ន្ធផ្សព្វផ្សាយក្នុងផ្ទះតាមបែបបំផុសចលនាជាតិនិយមនោះទេ៕

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា