អាមេរិកប្រកាសពីការជួយដឹកប្រេងឆៅ បានជាង១ពាន់លានបារ៉ែល ចេញពីឈូងសមុទ្រ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាមេរិកប្រកាសពីការជួយដឹកប្រេងឆៅ បានជាង១ពាន់លានបារ៉ែល ចេញពីឈូងសមុទ្រ

អាមេរិកប្រកាសពីការជួយដឹកប្រេងឆៅ បានជាង១ពាន់លានបារ៉ែល ចេញពីឈូងសមុទ្រ

វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិកប្រកាស កាលពីថ្ងៃសៅរ៍ថា ខ្លួនបានជួយឲ្យមានសកម្មភាពដឹកជញ្ជូនប្រេងឆៅ ចំនួនជាង១ពាន់លានបារ៉ែល ចេញពីតំបន់ឈូងសមុទ្រ។

មេបញ្ជាការ CENTCOM គឺឧត្តមនាវីឯក Brad Cooper បានចែករំលែកវីដេអូមួយ ដែលបង្ហាញពីសកម្មភាពរបស់កងទ័ពអាមេរិក នៅក្នុងច្រកសមុទ្រ Hormuz បង្ហោះលើបណ្តាញសង្គម X។

នៅក្នុងវីដេអូនោះ, លោក Cooper បានបញ្ជាក់ថា «ផ្លូវដឹកជញ្ជូនសំខាន់ៗឆ្លងកាត់ច្រកសមុទ្រនេះត្រូវបានបោសសម្អាតគ្រាប់មីនរួចរាល់ហើយ។ នាវាជាច្រើនពាន់គ្រឿងបានឆ្លងកាត់ច្រកសមុទ្រនេះ»។

លោកបន្តថា «ខណៈពេលដែលដៃគូរបស់យើងនៅក្នុងតំបន់ឈូងសមុទ្របានដឹកជញ្ជូនប្រេងឆៅជាង ១ ពាន់លានបារ៉ែលឆ្លងកាត់ច្រកសមុទ្រ Hormuz នោះ ប្រទេសអ៊ីរ៉ង់វិញមិនបាននាំចេញប្រេងសូម្បីតែមួយបារ៉ែលឡើយ ដោយសារតែការបិទខ្ទប់ដ៏រឹងមាំរបស់យើង»។

លោក Cooper បានលើកឡើងថា ការអនុវត្តវិធានការតឹងរ៉ឹងនៅក្នុងតំបន់នេះបានផ្តល់លទ្ធផលល្អ ដោយលោកបានរាយការណ៍ថា បរិមាណប្រេងឆៅ ទំនិញ និងឧស្ម័នធម្មជាតិរាវ LNG ក្នុងរយៈពេលពីរសប្តាហ៍ចុងក្រោយនេះ គឺមានកម្រិតខ្ពស់ជាងគេ ក្នុងរយៈពេល៦ខែចុងក្រោយនេះ។

យ៉ាងណាមិញ ប្រទេសអ៊ីរ៉ង់បានបដិសេធការអះអាង របស់សហរដ្ឋអាមេរិកដែលថា មានប្រេងឆៅជាង ១ ពាន់លានបារ៉ែលបានឆ្លងកាត់ច្រកសមុទ្រ Hormuz។

យោងតាមប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់, លោកឧត្តមសេនីយ៍ត្រី Abolfazl Shikarji ដែលជាអ្នកនាំពាក្យអគ្គសេនាធិការអ៊ីរ៉ង់ សង្កត់ធ្ងន់ថា ច្រកសមុទ្រ Hormuz នៅតែស្ថិតក្រោមការគ្រប់គ្រងរបស់អ៊ីរ៉ង់ ។

លោកបានថ្លែងពាក់ព័ន្ធនឹងការអះអាងរបស់អាមេរិក ដោយបញ្ជាក់ថា «ការអះអាងដ៏គួរឱ្យអស់សំណើច និងគ្មានមូលដ្ឋានទាំងនេះ គឺជាប្រតិបត្តិការសង្គ្រាមចិត្តសាស្ត្រដ៏បរាជ័យមួយ ដែលត្រូវបានរៀបចំឡើងដើម្បីលើកទឹកចិត្តកងទ័ពអាមេរិក ដែលកំពុងធ្លាក់ចុះខ្សោយ និងអស់កម្លាំង»៕

ប្រភព ៖ anadolu, ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា