ប្អូនស្រីលោក គីម ជុងអ៊ុន ទាត់ចោលសេចក្តីសម្រេចរបស់ UN និង ប្តេជ្ញារក្សាអាវុធនុយក្លេអ៊ែរកូរ៉េខាងជើង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ប្អូនស្រីលោក គីម ជុងអ៊ុន ទាត់ចោលសេចក្តីសម្រេចរបស់ UN និង ប្តេជ្ញារក្សាអាវុធនុយក្លេអ៊ែរកូរ៉េខាងជើង

ប្អូនស្រីលោក គីម ជុងអ៊ុន ទាត់ចោលសេចក្តីសម្រេចរបស់ UN និង ប្តេជ្ញារក្សាអាវុធនុយក្លេអ៊ែរកូរ៉េខាងជើង

ព្យុងយ៉ាង ៖ កូរ៉េខាងជើង កាលពីថ្ងៃសៅរ៍ បានប្រកាសបដិសេធសេចក្តីសម្រេចចិត្តថ្មីមួយរបស់ទីភ្នាក់ងារឃ្លាំមើលនុយក្លេអ៊ែរ អង្គការសហប្រជាជាតិ ហៅកាត់ IAEA និងប្តេជ្ញារក្សាកម្លាំងនុយក្លេអ៊ែរ ចំពេលដែលមានការគំរាមកំហែងពីសហរដ្ឋអាមេរិក។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលផ្សព្វផ្សាយដោយទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ KCNA, លោកស្រី Kim Yo-jong ដែលជាប្អូនស្រីដ៏មានឥទ្ធិពលរបស់មេដឹកនាំកូរ៉េខាងជើង បានបដិសេធសេចក្តីសម្រេចចិត្តថ្មី របស់ទីភ្នាក់ងារ IAEA ដែលប្រឆាំងនឹងកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងព្យុងយ៉ាង។

លោកស្រីបានប្តេជ្ញាថា នឹងរក្សានូវសមត្ថភាពនុយក្លេអ៊ែររបស់ប្រទេសខ្លួនឱ្យនៅតែមានប្រសិទ្ធភាព និងគួរឱ្យជឿជាក់ ទោះបីជាមានអ្វីដែលលោកស្រីហៅថា ជាការគំរាមកំហែងនុយក្លេអ៊ែរពីសហរដ្ឋអាមេរិក និងភាគីផ្សេងទៀតក៏ដោយ។

បើតាម Yonhap , ទីភ្នាក់ងារ IAEA បានអនុម័តសេចក្តីសម្រេចចិត្តនេះ នៅក្នុងកិច្ចប្រជុំពេញអង្គលើកទី ៧០ របស់ខ្លួននៅទីក្រុងវីយែន កាលពីថ្ងៃព្រហស្បតិ៍ ដោយបញ្ជាក់ឡើងវិញថា កូរ៉េខាងជើងមិនអាចមានឋានៈជារដ្ឋដែលមានអាវុធនុយក្លេអ៊ែរឡើយ ក្រោមសន្ធិសញ្ញាមិនរីករាលដាលអាវុធនុយក្លេអ៊ែរ ហៅកាត់ NPT និងបានអំពាវនាវឱ្យទីក្រុងព្យុងយ៉ាងបញ្ឈប់រាល់សកម្មភាពពាក់ព័ន្ធទាំងអស់ជាបន្ទាន់។

យ៉ាងណា លោកស្រី Kim Yo-jong ធ្លាប់បានបញ្ជាក់ នៅ២ថ្ងៃមុនមានការអនុម័តនេះថា ឋានៈរបស់ប្រទេសលោកស្រី ក្នុងនាមជារដ្ឋដែលមានអាវុធនុយក្លេអ៊ែរ គឺជារឿង «ដាច់ខាត» និងមិនអាចផ្លាស់ប្តូរត្រឡប់ក្រោយបានឡើយ។

លោកស្រី ក៏បានរិះគន់ IAEA ចំពោះការមិនលើកឡើងពីក្តីបារម្ភជុំវិញការដាក់ពង្រាយ និងការចែករំលែកអាវុធនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក នៅក្នុងតំបន់អឺរ៉ុប ការរៀបចំយន្តការទប់ស្កាត់ការវាយប្រហារតាមរយៈការការពាររួមគ្នា ឬ extended deterrence ដែលពាក់ព័ន្ធនឹងកូរ៉េខាងត្បូង និងជប៉ុន និងផែនការរបស់ទីក្រុងវ៉ាស៊ីនតោនក្នុងការផ្តល់បច្ចេកវិទ្យាសម្រាប់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរដល់កូរ៉េខាងត្បូង។

លោកស្រី Kim Yo-jong បានមានប្រសាសន៍ថា «យើងនឹងមិនយកអធិបតេយ្យភាព និងសិទ្ធិទទួលបានសន្តិសុខរបស់យើង ទៅដាក់ក្នុងដៃនៃ “ការអត់ឱន” របស់សហរដ្ឋអាមេរិក និងលោកខាងលិចជាដាច់ខាត មិនថាក្នុងកាលៈទេសៈណាក៏ដោយ»។

លោកស្រីបានបន្ថែមថា «ការធានាថា ភាពជឿជាក់នៃកម្លាំងនុយក្លេអ៊ែររបស់យើងមិនត្រូវបានគេដាក់ជាសំណួរ ឬ មន្ទិលសង្ស័យឡើយ មិនថាក្នុងកាលៈទេសៈណាក៏ដោយ គឺជាបញ្ហាសំខាន់បំផុតសម្រាប់សន្តិសុខជាតិ»៕

ប្រភព ៖ Yonhap, ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា