ក្រោយរថភ្លើងធ្លាក់ផ្លូវនៅបាត់ដំបង អាជ្ញាធរ និងក្រុមហ៊ុន Royal Railway បើកការស៊ើបអង្កេត ​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រោយរថភ្លើងធ្លាក់ផ្លូវនៅបាត់ដំបង អាជ្ញាធរ និងក្រុមហ៊ុន Royal Railway បើកការស៊ើបអង្កេត ​

ក្រោយរថភ្លើងធ្លាក់ផ្លូវនៅបាត់ដំបង អាជ្ញាធរ និងក្រុមហ៊ុន Royal Railway បើកការស៊ើបអង្កេត ​

ក្រុមហ៊ុន Royal Railway Cambodia អះអាងថា ខ្សែរថភ្លើងដឹកប្រេងនៅបាត់ដំបង ត្រូវបានជួសជុល និងបើកចរាចរណ៍ឡើងវិញបណ្តោះអាសន្ន ខណៈអាជ្ញាធរ និងក្រសួងជំនាញ បន្តស៊ើបអង្កេត និងគ្រប់គ្រងផលប៉ះពាល់បរិស្ថាន។

ខ្សែរថភ្លើងដែលជួបឧបទ្ទវហេតុក្រឡាប់ទូធ្លាក់ផ្លូវនៅក្នុងខេត្តបាត់ដំបង ត្រូវបានជួសជុល និងបើកឱ្យដំណើរការចរាចរណ៍ជាធម្មតាវិញ ដោយមិនបណ្តាលឱ្យមានមនុស្សណាម្នាក់រងរបួសនោះឡើយ។

លោក ចន កឺរី (John Guiry) អគ្គនាយកក្រុមហ៊ុន Royal Railway Cambodia បានប្រាប់បណ្តាញព័ត៌មាន AMS ថា ហេតុការណ៍រថភ្លើងបើកធ្លាក់ផ្លូវនេះ កំពុងស្ថិតក្រោមការស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ ដើម្បីស្វែងរកមូលហេតុពិតប្រាកដ។ លោកបានបញ្ជាក់ថា៖ គ្មានអ្នករងរបួសនោះទេ ហើយទីតាំងកើតហេតុបច្ចុប្បន្ន មានសុវត្ថិភាពហើយ។

ខ្សែរថភ្លើងត្រូវបានបើកឱ្យដំណើរការចរាចរណ៍ជាធម្មតាវិញ ចាប់តាំងពីម៉ោង ១០:០០ យប់ថ្ងៃទី ១៩ កញ្ញា។ កងកម្លាំងនគរបាល និងមន្ត្រីពន្លត់អគ្គិភ័យ បានចុះអន្តរាគមន៍ផ្ទាល់នៅទីតាំងកើតហេតុ ដើម្បីធានាថាគ្មានគ្រោះថ្នាក់ដល់សាធារណជន ឬកម្មករឡើយ។

បន្ថែមលើនេះ ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងថា កំណាត់ផ្លូវដែកដែលរងការខូចខាតត្រូវបានជួសជុលរួចរាល់ និងដាក់ឱ្យដំណើរការបណ្តោះអាសន្ននៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦ ខណៈទូរថភ្លើងចំនួន ៤ ដែលរអឹលធ្លាក់ផ្លូវ ត្រូវបានកម្លាំងអន្តរាគមន៍ស្ទូចលើកចេញជាបន្តបន្ទាប់។

យោងតាមទិន្នន័យផ្លូវការពីក្រសួងសាធារណការ ឧបទ្ទវហេតុនេះបានកើតឡើងនៅវេលាម៉ោង ១២:៣៧ នាទីរសៀល ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦ នៅត្រង់ចំណុចគីឡូម៉ែត្រលេខ២៧៧ ខ្សែរថភ្លើងភាគខាងជើង ស្ថិតក្នុងភូមិអណ្ដូងចេញ សង្កាត់អូចារ ក្រុងបាត់ដំបង។

រថភ្លើងលេខ៦៦៩៧ ដែលដឹកជញ្ជូនប្រេងម៉ាស៊ូត ១៣ទូ និងប្រេងសាំង ១៣ទូ ធ្វើដំណើរចេញពីស្ថានីយតេលាក្រុងព្រះសីហនុ ឆ្ពោះទៅកាន់ស្ថានីយតេលាបឹងព្រីង ខេត្តបាត់ដំបង បានជួបគ្រោះថ្នាក់ធ្លាក់ផ្លូវដែក បណ្តាលឱ្យទូប្រេងចំនួន ៤ទូ ក្រឡាប់ ប្រេងម៉ាស៊ូត ៣ទូ និងប្រេងសាំង ១ទូ។

ភ្លាមៗបន្ទាប់ពីកើតហេតុ អាជ្ញាធរ សមត្ថកិច្ចក្រុងបាត់ដំបង និងរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង បានចុះប្រចាំការនៅទីតាំងកើតហេតុជាបន្ទាន់ ដើម្បីអន្តរាគមន៍ បង្ការ និងទប់ស្កាត់ហានិភ័យនៃការឆាបឆេះ។

ទន្ទឹមនឹងនេះ ក្រុមការងារជំនាញនៃមន្ទីរ និងក្រសួងបរិស្ថាន បានចុះពិនិត្យ និងគ្រប់គ្រងស្ថានភាពបរិស្ថានយ៉ាងយកចិត្តទុកដាក់ ដោយរបាយការណ៍បង្ហាញថា ទូប្រេងម៉ាស៊ូតចំនួន ៣ទូ បានលេចធ្លាយប្រេងចេញអស់ ចំណែកទូសាំង ២ទូទៀត មិនមានការលេចធ្លាយឡើយ។ មន្ត្រីជំនាញបរិស្ថានកំពុងបន្តចាត់វិធានការបច្ចេកទេស ដើម្បីទប់ស្កាត់កុំឱ្យប្រេងដែលលេចធ្លាយនោះ ហូរចូលទៅក្នុងប្រភពទឹកធម្មជាតិ ក្នុងគោលបំណងកាត់បន្ថយផលប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ី និងការរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕ ទួន សុផល និងម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ

អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា