លេសនៃសង្គ្រាមរបស់ថៃ ៖ អាវុធមុខពីរនៃការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លេសនៃសង្គ្រាមរបស់ថៃ ៖ អាវុធមុខពីរនៃការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ

លេសនៃសង្គ្រាមរបស់ថៃ ៖ អាវុធមុខពីរនៃការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ

ជាថ្មីម្តងទៀត លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា បានរិះគន់ប្រទេសថៃ ដែលបានយកលេសនៃការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីធ្វើសង្រ្គាមឈ្លានពានទឹកដីកម្ពុជា។

ជាជាងការឆ្លើយតបស្របច្បាប់ចំពោះបញ្ហាឧក្រិដ្ឋកម្ម ឬការគំរាមកំហែងពិតប្រាកដដល់សន្តិសុខជាតិ ភាគីថៃបានប្រើប្រាស់មជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធអនឡាញនៅក្នុងទឹកដីកម្ពុជា ជាលេសដើម្បីបង្ហាញអំពីភាពត្រឹមត្រូវក្នុងការកាន់កាប់ទឹកដីកម្ពុជា ដែលខ្លួនបានព្យាយាមចង់បានមកគ្រប់គ្រង អស់រយៈពេលជាច្រើនសតវត្សរ៍មកហើយ។ នេះគឺជាការលើកឡើងរបស់លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា ដែលមើលឃើញថា លេសនៃសង្គ្រាមនេះ គឺជារបៀបវារៈនយោបាយពិតប្រាកដរបស់ថៃ។

អ្នកស្រាវជ្រាវឯករាជ្យរូបនេះបន្ថែមថា មជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធអនឡាញ មិនមានវត្តមាននៅក្នុងតំបន់ប្រាសាទព្រះវិហារឡើយ ប៉ុន្តែកងកម្លាំងប្រដាប់អាវុធថៃបានធ្វើប្រតិបត្តិការយោធានៅក្នុងតំបន់នេះ ព្រមទាំងនៅតំបន់ប្រាសាទបុរាណជាទីសក្ការៈច្រើនទីតាំងរបស់កម្ពុជា។

លោក ឆាំង យុ បានគូសបញ្ជាក់ថា សកម្មភាពឆបោកតាមប្រព័ន្ធអនឡាញដែលមានអង្គការចាត់តាំង និងបណ្តាញពាក់ព័ន្ធ គឺជាទម្រង់ឧក្រិដ្ឋកម្មធ្ងន់ធ្ងរ និងគួរឱ្យស្អប់ខ្ពើមបំផុត ព្រោះបានកេងប្រវ័ញ្ចលើក្រុមមនុស្សងាយរងគ្រោះ និងជនចាស់ជរា ព្រមទាំងពឹងផ្អែកយ៉ាងខ្លាំងលើការជួញដូរមនុស្ស និងការកេងប្រវ័ញ្ចកម្លាំងពលកម្ម។

ដូច្នេះ រាល់សកម្មភាពឧក្រិដ្ឋកម្មទាំងនេះ ត្រូវតែទទួលបានចំណាត់ការជាអាទិភាពបំផុតពីស្ថាប័នអនុវត្តច្បាប់ ខណៈរដ្ឋាភិបាលនានា និងសហគមន៍អន្តរជាតិ ត្រូវតែមានការទទួលខុសត្រូវរួមគ្នាក្នុងការលុបបំបាត់ជំងឺមហារីកសង្គមមួយនេះ។

ទោះជាយ៉ាងណា លោក ឆាំង យុ បានពន្យល់ថា មជ្ឈមណ្ឌលឆបោកតាមអនឡាញ គ្រាន់តែជាផ្នែកមួយនៃប្រព័ន្ធប្រតិបត្តិការឧក្រិដ្ឋកម្មសកលប៉ុណ្ណោះ។ សកម្មភាពទាំងនេះគឺជារោគសញ្ញានៃវិបត្តិនៃអភិបាលកិច្ច និងការឆ្លើយតបយឺតយ៉ាវនៃក្របខណ្ឌគ្រប់គ្រង ទាំងថ្នាក់មូលដ្ឋាន និងសកល លើយុគសម័យបច្ចេកវិទ្យាដែលកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។

ចំពោះស្ថានភាពនៅកម្ពុជា លោកបានទទួលស្គាល់ថា កម្ពុជាពិតជាបានប្រឈមមុខនឹងការកើនឡើងនៃមជ្ឈមណ្ឌលឆបោកអនឡាញ និងបណ្តាញឧក្រិដ្ឋកម្មឆ្លងដែនមែន ហើយការបង្ក្រាបនាពេលថ្មីៗនេះ គឺជាកិច្ចការដ៏សំខាន់។ ប៉ុន្តែកំហុសឆ្គងធំមួយនាពេលបច្ចុប្បន្ន គឺការដែលប្រទេសថៃទាញយកបទល្មើសឆ្លងដែននេះទៅប្រើប្រាស់ក្នុងគោលបំណងនយោបាយដោយមិនត្រឹមត្រូវ។ ​

ទោះបីជាថៃមានផលប្រយោជន៍ស្របច្បាប់ក្នុងការបង្ក្រាបឧក្រិដ្ឋកម្មតាមព្រំដែនរបស់ខ្លួនក៏ដោយ ប៉ុន្តែការប្រើប្រាស់កងទ័ពលើទឹកដីកម្ពុជា និងការផ្លាស់ប្តូរសាច់រឿងបំភាន់សាធារណជន បានស្តែងឱ្យឃើញយ៉ាងច្បាស់ថា ថៃមានរបៀបវារៈនយោបាយលាក់កំបាំង ក្រៅពីការអនុវត្តច្បាប់។ ស្ថានភាពនេះកាន់តែច្បាស់ តាមរយៈការបន្តកាន់កាប់ទឹកដីកម្ពុជាពីសំណាក់កងទ័ពថៃនាពេលបច្ចុប្បន្ន។

អ្នកស្រាវជ្រាវឯករាជ្យ បានព្រមានថា នៅពេលការប្រយុទ្ធប្រឆាំងបទល្មើសអនឡាញត្រូវបានយកទៅប្រើប្រាស់ជាលេសដើម្បីបម្រើរបៀបវារៈនយោបាយ វានឹងបំផ្លាញទំនុកចិត្ត សុចរិតភាព និងសាមគ្គីភាពអន្តរជាតិ ដែលជាកត្តាចាំបាច់បំផុតសម្រាប់សណ្តាប់ធ្នាប់ពិភពលោក។ លទ្ធផលនៃការបង្ក្រាបនឹងអាចស្ថិតស្ថេរយូរអង្វែងបាន លុះត្រាតែត្រូវបានកសាងឡើងលើមូលដ្ឋាននៃយុទ្ធសាស្ត្រច្បាស់លាស់ និងភាពជាដៃគូដ៏រឹងមាំ ដោយមិនពាក់ព័ន្ធនឹងរបៀបវារៈនយោបាយឡើយ។

ជាមួយគ្នានេះ អ្នកជំនាញមើលឃើញថា «សន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធអនឡាញ» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣-២៤ ខែកញ្ញា ឆ្នាំ២០២៦ ខាងមុខនេះ នៅរាជធានីភ្នំពេញ គឺជាឱកាសដ៏សំខាន់សម្រាប់ការកំណត់ទិសដៅឡើងវិញ ស្តារកិច្ចសន្ទនា និងកសាងមូលដ្ឋានគ្រឹះនៃកិច្ចសហប្រតិបត្តិការរវាងបណ្តាប្រទេសនានា ស្ថាប័នអនុវត្តច្បាប់ និងអង្គការសង្គមស៊ីវិល។ ព្រឹត្តិការណ៍នេះនឹងក្លាយជាស្ពានស្តារកិច្ចសន្ទនារវាងរដ្ឋាភិបាលនានា ជាពិសេសរវាងកម្ពុជា និងថៃ ដើម្បីរួមគ្នាដោះស្រាយវិវាទអូសបន្លាយ និងជួយដោះស្រាយបញ្ហាប្រឈមរួម ដែលប្រទេសទាំងពីរកំពុងជួបប្រទះ៕ ទួន សុផល  

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា