កាតា ៖ ផលប៉ះពាល់សេដ្ឋកិច្ចពីសង្គ្រាមអាមេរិក-អ៊ីស្រាអែល និង អ៊ីរ៉ង់ ប្រៀបដូចគ្រោះរញ្ជួយដី | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កាតា ៖ ផលប៉ះពាល់សេដ្ឋកិច្ចពីសង្គ្រាមអាមេរិក-អ៊ីស្រាអែល និង អ៊ីរ៉ង់ ប្រៀបដូចគ្រោះរញ្ជួយដី

កាតា ៖ ផលប៉ះពាល់សេដ្ឋកិច្ចពីសង្គ្រាមអាមេរិក-អ៊ីស្រាអែល និង អ៊ីរ៉ង់ ប្រៀបដូចគ្រោះរញ្ជួយដី

ដូហា ៖ នាយករដ្ឋមន្ត្រីប្រទេសកាតា កាលពីថ្ងៃអាទិត្យ បានប្រកាសប្រៀបធៀបផលប៉ះពាល់សេដ្ឋកិច្ចកើតចេញពីសង្គ្រាមរវាងអាមេរិកនិងអ៊ីស្រាអែល ប្រឆាំងទៅលើប្រទេសអ៊ីរ៉ង់ ទៅនឹង «គ្រោះរញ្ជួយដី» ។ នេះបើតាមការចេញផ្សាយរបស់ Aljazeera។

ថ្លែងនៅក្នុងពិធីបើកព្រឹត្តិការណ៍មួយរបស់វេទិកាសេដ្ឋកិច្ចថ្នាក់ជាតិ, នាយករដ្ឋមន្ត្រីកាតា លោក Sheikh Mohammed bin Abdulrahman bin Jassim Al Thani បានអំពាវនាវឱ្យបណ្តារដ្ឋនានាគោរពអធិបតេយ្យភាព ដែលជាលក្ខខណ្ឌចាំបាច់សម្រាប់សន្តិសុខ នៅមជ្ឈិមបូព៌ា។

លោកថា តំបន់មួយនេះត្រូវការ «ក្របខ័ណ្ឌមួយដែលអធិបតេយ្យភាពត្រូវបានគោរព» ហើយគ្មានរដ្ឋណាមួយអាចបង្ក «ការគំរាមកំហែងដល់រដ្ឋមួយទៀត» បានឡើយ។

លោក ពណ៌នាផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចពីជម្លោះ រវាងអាមេរិក-អ៊ីស្រាអែល និងអ៊ីរ៉ង់ថា ជាគ្រោះរញ្ជួយដី ដែលមានរលកនៃការប៉ះទង្គិច ឬ shock waves រីករាលដាលហួសពីព្រំដែននៃតំបន់មជ្ឈិមបូព៌ា ដោយបង្កជាបញ្ហាប្រឈមដល់ការយល់ឃើញនានាអំពីសន្តិសុខ និងស្ថិរភាព។

បើតាមលោកនាយករដ្ឋមន្ត្រី, ប្រទេស កាតា ដែលធ្លាប់ត្រូវបានអ៊ីរ៉ង់វាយប្រហារទុកជាការសងសឹកលើអាមេរិកមួយនេះ បានឆ្លងកាត់ការសាកល្បងលើ «គ្រឹះនៃសេដ្ឋកិច្ច និងសន្តិសុខ» របស់ខ្លួនដោយជោគជ័យ ប៉ុន្តែ លោកក៏បានទទួលស្គាល់ថា ជម្លោះដែលកំពុងបន្តនៅក្នុងតំបន់នេះពិតជាមានផលប៉ះពាល់ធ្ងន់ធ្ងរ។

លោក Sheikh Mohammed បានថ្លែងថា «សន្តិសុខដ៏រឹងមាំ និងយូរអង្វែងមិនអាចកសាងឡើង តាមរយៈការរៀបចំដែលទុកឱ្យរដ្ឋណាមួយប្រឈមមុខនឹងអសន្តិសុខជាប្រចាំនោះទេ។ យើងត្រូវតែដោះស្រាយប្រភពនៃភាពតានតឹង និងកសាងទំនុកចិត្ត»។

នៅថ្ងៃអាទិត្យដដែលនោះដែរ, លោក Majed Al-Ansari អ្នកនាំពាក្យក្រសួងការបរទេសកាតា បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយអាមេរិក នៅទីក្រុងញូវយ៉កថា កិច្ចខិតខំប្រឹងប្រែងសម្របសម្រួលរបស់រដ្ឋាភិបាលរបស់លោកកំពុងបន្ត ដើម្បីចាប់ផ្តើមឡើងវិញនូវកិច្ចចរចារវាងទីក្រុងតេហេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន ក្នុងគោលបំណងបញ្ចប់សង្គ្រាម របស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល ប្រឆាំងនឹងអ៊ីរ៉ង់៕

ប្រភព ៖ Aljazeera ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា