រដ្ឋមន្ត្រីអធិការកិច្ចប្រកាសដាក់ឱ្យដំណើរការតំបន់កសិកម្មចម្រុះ និងសេវាកម្មទេសចរណ៍ នៅស្វាយរៀង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រដ្ឋមន្ត្រីអធិការកិច្ចប្រកាសដាក់ឱ្យដំណើរការតំបន់កសិកម្មចម្រុះ និងសេវាកម្មទេសចរណ៍ នៅស្វាយរៀង

រដ្ឋមន្ត្រីអធិការកិច្ចប្រកាសដាក់ឱ្យដំណើរការតំបន់កសិកម្មចម្រុះ និងសេវាកម្មទេសចរណ៍ នៅស្វាយរៀង

ឯកឧត្តម សុខ សូកេន និង លោកជំទាវ ចម ក្រស្នា អញ្ជើញ ប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវតំបន់កសិកម្មចម្រុះ និងសេវាកម្មទេសចរណ៍ នៅខេត្តស្វាយរៀង។

ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករមាសហែក និងលោកជំទាវ ចម ក្រស្នា បានអញ្ជើញជាអធិបតីក្នុងពិធីបិទសិក្ខាសាលាស្តីពី «ការពង្រឹងអភិបាលកិច្ចគណៈកម្មការគ្រប់គ្រងសហគមន៍ព្រៃឈើត្រពាំងពិការ» នៅស្រុករមាសហែក ខេត្តស្វាយរៀង កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦។

ក្នុងពេលជាមួយគ្នានោះ ឯកឧត្តមរដ្ឋមន្ត្រី បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវតំបន់កសិកម្មចម្រុះ និងសេវាកម្មទេសចរណ៍នៃសហគមន៍ព្រៃឈើត្រពាំងពិការ ក្នុងឃុំអំពិល ស្រុករមាសហែក ដែលត្រូវបានប្រសិទ្ធនាមថា «ភូមិមិត្តភាព» ដើម្បីជានិមិត្តរូបនៃសាមគ្គីភាព ការចូលរួម ការជឿទុកចិត្ត និងការរួមគ្នាកសាងសហគមន៍ប្រកបដោយចីរភាព។

ឯកឧត្តមរដ្ឋមន្ត្រី បានរំលឹកអំពីប្រវត្តិសាស្ត្រនៃទីតាំងសហគមន៍ព្រៃឈើត្រពាំងពិការនេះ ទាំងផ្នែកសង្គម វប្បធម៌ និងធម្មជាតិ ដោយសារទីនេះគឺជាស្រុកកំណើតរបស់ឥស្សរជននយោបាយជាន់ខ្ពស់ គឺសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម អតីតប្រធានគណបក្សប្រជាជនកម្ពុជា។

ឯកឧត្តមក៏បានរំលេចឡើងវិញពីទស្សនវិស័យ និងកេរដំណែលដឹកនាំរបស់ សម្តេចវិបុលបញ្ញា សុខ អាន ដែលតែងតែផ្តល់តម្លៃខ្ពស់លើការអភិរក្ស និងការលើកតម្កើងបេតិកភណ្ឌ វប្បធម៌ ដោយភ្ជាប់ជាចំបងជាមួយការអប់រំ ការអភិវឌ្ឍសេដ្ឋកិច្ច និងការចូលរួមរបស់ប្រជាសហគមន៍។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ លោកជំទាវ ចម ក្រស្នា ប្រធាន Soma Initiative នៃក្រុមហ៊ុន សោម៉ាគ្រុប និងបុត្រសម្ព័ន្ធ ដែលបានផ្តួចផ្តើមគំនិត និងបន្តផ្តល់ការឧបត្ថម្ភគាំទ្រយ៉ាងសកម្មដល់ការអភិវឌ្ឍសហគមន៍។

ជាងនេះទៅទៀត ឯកឧត្តម បានសម្តែងការកោតសរសើរ ចំពោះគណៈកម្មការគ្រប់គ្រងសហគមន៍ អាជ្ញាធរដែនដី ក្រុមការងារចុះមូលដ្ឋាន អង្គការដៃគូ យុវជន និងប្រជាពលរដ្ឋទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្តចូលរួមរៀបចំសិក្ខាសាលា និងរួមចំណែកកសាងសមិទ្ធផលនានាក្នុងសហគមន៍រហូតទទួលបានលទ្ធផលយ៉ាងត្រចះត្រចង់។

ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ណែនាំសំខាន់ៗមួយចំនួន ដល់គណៈកម្មការសហគមន៍ក្នុងការពង្រឹងកិច្ចសហការជាមួយភាគីពាក់ព័ន្ធ កំណត់អាទិភាពនៃផែនការសកម្មភាព រក្សាសាមគ្គីភាព និងពង្រឹងអភិបាលកិច្ចផ្ទៃក្នុង និងអនុវត្តការងារដោយគោរពច្បាប់ និងបទប្បញ្ញត្តិជាធរមាន ព្រមទាំងរួមគ្នាថែរក្សា និងគ្រប់គ្រងទ្រព្យសម្បត្តិរបស់សហគមន៍ឱ្យបានគង់វង្សប្រកបដោយចីរភាពសម្រាប់កូនចៅជំនាន់ក្រោយ៕

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា