ប្រាសាទតុបខាងលិច៖ បេតិកភណ្ឌប្រវត្តិសាស្ត្រឆ្លងកាត់ ១,០០០ ឆ្នាំ កណ្តាលក្រុងអង្គរធំ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ប្រាសាទតុបខាងលិច៖ បេតិកភណ្ឌប្រវត្តិសាស្ត្រឆ្លងកាត់ ១,០០០ ឆ្នាំ កណ្តាលក្រុងអង្គរធំ

ប្រាសាទតុបខាងលិច៖ បេតិកភណ្ឌប្រវត្តិសាស្ត្រឆ្លងកាត់ ១,០០០ ឆ្នាំ កណ្តាលក្រុងអង្គរធំ

ស្ថិតនៅស្ងប់ស្ងាត់ក្នុងព្រៃទិសនិរតីនៃប្រាសាទបាយ័ន បរិវេណក្រុងអង្គរធំ ខេត្តសៀមរាប «ប្រាសាទតុបខាងលិច» គឺជាសាក្សីប្រវត្តិសាស្ត្រដ៏រស់រវើកមួយនៃការប្រែប្រួលសាសនា និងវប្បធម៌ខ្មែរ។ ប្រាសាទបុរាណមួយនេះ មិនមែនត្រូវបានសាងសង់បញ្ចប់ក្នុងរជ្ជកាលតែមួយនោះទេ ប៉ុន្តែបានឆ្លងកាត់ការសាងសង់បន្ថែម កែប្រែពីទីសក្ការបូជាព្រហ្មញ្ញសាសនា មកជាព្រះពុទ្ធសាសនា និងបន្តប្រើប្រាស់ចាប់ពីសតវត្សរ៍ទី៩ រហូតដល់សតវត្សរ៍ទី១៩។
 
ប្រាសាទតុបខាងលិច ត្រូវបានចុះបញ្ជីសារពើភណ្ឌស្ថាបត្យកម្មបុរាណដោយសាលាបារាំងចុងបូព៌ា ក្រោមលេខ ៤៨៦ គឺជាប្រាសាទបុរាណមួយដែលមានទីតាំងស្ថិតនៅទិសនិរតីនៃប្រាសាទបាយ័ន ចន្លោះប្រាសាទបាយ័ន និងខ្លោងទ្វារតាកាវ ក្នុងបរិវេណក្រុងអង្គរធំ ខេត្តសៀមរាប។ តាមរយៈការសិក្សាស្រាវជ្រាវផ្នែកបុរាណវិទ្យា ស្ថាបត្យកម្ម និងសិលាចារឹក បានបង្ហាញថាប្រាសាទនេះមិនមែនត្រូវបានសាងសង់បញ្ចប់ក្នុងរជ្ជកាលតែមួយនោះទេ ប៉ុន្តែមានការសាងសង់បន្ថែម កែប្រែ និងបន្តប្រើប្រាស់យ៉ាងមានជីវិតចាប់ពីសតវត្សរ៍ទី៩ រហូតដល់សតវត្សរ៍ទី១៩។
 
ក្នុងដំណាក់កាលដំបូងរវាងចុងសតវត្សរ៍ទី៩ ដល់សតវត្សរ៍ទី១០ នាគ្រាសម័យអង្គរដើម ភស្តុតាងសិលាចារឹក K.576 ចារជាភាសាសំស្ក្រឹត និងភាសាខ្មែរបុរាណ ដែលរកឃើញនៅជ្រុងអាគ្នេយ៍នៃខឿនប្រាសាទខាងជើងក្នុងឆ្នាំ១៩២៤ បានបញ្ជាក់ថា ប្រាសាទនេះត្រូវបានកសាងឡើងនៅចន្លោះឆ្នាំ ៨៨៩ ដល់ ៩០៨ នៃគ.ស. ក្នុងរជ្ជកាលព្រះបាទយសោវម៌ទី១។ ដើមឡើយ ប្រាសាទនេះជាតួប្រាសាទទោល ដោយមានគ្រឿងលម្អស្ថាបត្យកម្មនៅតួកណ្តាល ដូចជា សសរពេជ្រ និងផ្តែរទ្វារ ធ្វើអំពីថ្មភក់ពណ៌ផ្កាឈូកសាច់រឹង ដែលមានលក្ខណៈបច្ចេកទេស និងរចនាបថស្រដៀងគ្នានឹងសិល្បៈប្រាសាទបន្ទាយស្រី។
 
លុះឈានដល់ដំណាក់កាលទីពីរ ចាប់ពីសតវត្សរ៍ទី១៣ ដល់សតវត្សរ៍ទី១៩ ប្រាសាទនេះត្រូវបានប្រែប្លែកពីសំណង់ព្រហ្មញ្ញសាសនា មកជាទីសក្ការបូជាព្រះពុទ្ធសាសនាវិញ។ គេបានសង់ខឿនថ្មភក់បន្ថែម និងកសាងកូនប្រាសាទអមសងខាងចំនួនពីរ រហូតធ្វើឱ្យរចនាសម្ព័ន្ធប្រាសាទប្រែជាមានតួក្តីចំនួនបីតម្រៀបគ្នានៅលើខឿនរួមតែមួយ។
 
យោតាមឯកសារ លោក Henri Marchal បានកត់សម្គាល់ក្នុងឆ្នាំ១៩២៥ ថា ផ្តែរ និងសសរពេជ្រនៅក្តីកណ្តាល ត្រូវបានគេយកមកពីទីតាំងផ្សេងដោយកាត់តម្រឹមទំហំឱ្យត្រូវនឹងទ្វារប្រាសាទ ឯទ្វារបញ្ឆោតនៃក្តីអមសងខាងពុំមានបំពាក់សសរពេជ្រ ឬផ្តែរដូចប្រាសាទបុរាណទូទៅឡើយ ប៉ុន្តែមានបំពាក់ចម្លាក់ជារូបព្រះពុទ្ធទ្រង់ឈរ មានកេសចតុរង្គស្រួចវែងដូចអណ្តាតភ្លើងជំនួសវិញ។ លើសពីនេះ នៅខាងកើតមុខក្តីកណ្តាល មានខឿនលើកខ្ពស់ភ្ជាប់ដោយជណ្តើរឡើង មានបល្ល័ង្កព្រះធំ និងសំណល់ក្បឿងរាយប៉ាយ ដែលជាភស្តុតាងនៃឧបោសថាគារព្រះពុទ្ធសាសនាថេរវាទសង់អំពីឈើប្រកក្បឿង ព្រមទាំងមានខឿនថ្មបាយក្រៀមទាប និងសីមាទិសទាំង៨ ព័ទ្ធជុំវិញយ៉ាងត្រឹមត្រូវ។
 
ចំពោះប្រវត្តិការស្រាវជ្រាវ និងការអភិរក្សវិញ មានសកម្មភាពជាបន្តបន្ទាប់យ៉ាងសកម្មក្នុងរយៈពេល ១០០ ឆ្នាំកន្លងមកនេះ។ នៅក្នុងឆ្នាំ១៩២៤–១៩២៥ លោក Henri Marchal នៃមន្ទីរអភិរក្សអង្គរ បានដឹកនាំការកាយដីលុបបាត់បង់ និងសិក្សាពីស្ថាបត្យកម្មប្រាសាទយ៉ាងលម្អិត ព្រមទាំងបានរកឃើញសិលាចារឹក K.576។ បន្ទាប់មកនៅចន្លោះឆ្នាំ១៩៥៤–១៩៦២ លោក Bernard Philippe Groslier បានធ្វើកំណាយស្រាវជ្រាវ និងប្រមូលវត្ថុសិល្បៈសំខាន់ៗ ដូចជា ចម្លាក់គោលសីមា បដិមាទោល ព្រះកេស និងបំណែកស្ថាបត្យកម្ម យកទៅរក្សាទុកនៅអភិរក្សដ្ឋានអង្គរ។
 
លុះក្រោយសម័យខ្មែរក្រហម នាទសវត្សរ៍ឆ្នាំ១៩៨០–១៩៩០ មន្ត្រីជំនាញនៃអភិរក្សដ្ឋានអង្គរបានបន្តប្រមូល និងចុះបញ្ជីសារពើភណ្ឌវត្ថុសិល្បៈបន្ថែម មានផ្តែរទ្វារ ចម្លាក់តោ ក្បាលនាគ កញ្ចែង កំពូលប្រាសាទ សសរពេជ្រ និងហោជាង ដើម្បីការពារពីការបាត់បង់។ រហូតមកដល់ដំណាក់កាលចុងក្រោយ ចាប់ពីឆ្នាំ២០០១ ដល់បច្ចុប្បន្ន ក្រោយពេលទទួលបានចំណាត់ថ្នាក់ជាបេតិកភណ្ឌពិភពលោក តាមរយៈការសម្របសម្រួលពីលោកសាស្ត្រាចារ្យ អាំង ជូលាន អាជ្ញាធរជាតិអប្សរាបានសហការជាមួយវិទ្យាស្ថានជាតិស្រាវជ្រាវបេតិកភណ្ឌវប្បធម៌ណារ៉ា (Nara) នៃប្រទេសជប៉ុន ដើម្បីធ្វើការស្រាវជ្រាវបុរាណវិទ្យា និងជួសជុលអភិរក្សប្រាសាទតុបខាងលិចនេះឡើងវិញ តាមលក្ខណៈបច្ចេកទេសសម័យទំនើប និងឆ្លើយតបយ៉ាងត្រឹមត្រូវតាមអនុសាសន៍របស់អ្នកជំនាញអាយស៊ីស៊ីអង្គរ៕

ទួន សុផល

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា