ខេត្តព្រៃវែងលែងមានទីតាំងប្រព្រឹត្តបទល្មើសឆបោកតាមអនឡាញទៀតហើយ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ខេត្តព្រៃវែងលែងមានទីតាំងប្រព្រឹត្តបទល្មើសឆបោកតាមអនឡាញទៀតហើយ

ខេត្តព្រៃវែងលែងមានទីតាំងប្រព្រឹត្តបទល្មើសឆបោកតាមអនឡាញទៀតហើយ

មជ្ឈមណ្ឌលពាណិជ្ជកម្មម៉ឺនជ័យ ឬ 8 Park ស្ថិតនៅឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង ដែលធ្លាប់ត្រូវបានឧក្រិដ្ឋជនប្រើប្រាស់ជាទីតាំងប្រព្រឹត្តបទល្មើសឆបោកតាមអនឡាញយ៉ាងសកម្មនាពេលកន្លងមក ពេលនេះបានបិទទ្វារទាំងស្រុងហើយ។
 
នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង បានអះអាងប្រាប់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមកពី ៣៩អង្គភាពថា នៅមជ្ឈមណ្ឌលពាណិជ្ជកម្មម៉ឺនជ័យ និងនៅទីតាំងផ្សេងៗទៀតទូទាំងខេត្តព្រៃវែង លែងមានការប្រព្រឹត្តបទល្មើសឆបោកតាមអនឡាញទៀតហើយ។
 
ឯកឧត្តម ហាយ មករា អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានមជ្ឈមណ្ឌលព័ត៌មានវិទ្យា បានឱ្យដឹងថា មជ្ឈមណ្ឌលពាណិជ្ជកម្មម៉ឺនជ័យត្រូវបានសាងសង់ឡើងនៅឆ្នាំ២០២៣។ នៅឆ្នាំ២០២៤ មានជនបរទេសប្រមាណ ៧ពាន់នាក់បានចូលមកបម្រើការងារនៅទីតាំងនេះ ហើយមួយឆ្នាំក្រោយមក ចំនួននេះបានកើនឡើងដល់ជិត២ម៉ឺននាក់ ក្នុងនោះមានជនជាតិចិន ប៉ាគីស្ថាន ឥណ្ឌា និងនេប៉ាល់។
 
ឯកឧត្តមបានបន្ថែមថា នៅខែតុលា ឆ្នាំ២០២៥ សមត្ថកិច្ចបានបើកការស៊ើបអង្កេតលើបុគ្គល ចេន ហ្ស៊ី រហូតឈានដល់ការដកសញ្ជាតិ និងបញ្ជូនបុគ្គលរូបនេះទៅកាន់ប្រទេសចិនវិញ។ បន្ទាប់មក ជនបរទេសនៅទីតាំង 8 Park បានចាកចេញជាបន្តបន្ទាប់។ តាមរយៈការស្រាវជ្រាវ ​សមត្ថកិច្ចជំនាញបានរកឃើញថា ទីតាំង 8 Park ជាកម្មសិទ្ធិរបស់ក្រុមហ៊ុន ព្រីន គ្រុប។
 
ចំពោះអ្នកពាក់ព័ន្ធ សមត្ថកិច្ចបានកសាងសំណុំរឿងប្រឆាំងនឹងមេក្លោងម្នាក់ ហើយ​បានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារ PJ រាជធានីភ្នំពេញ។ ចំណែកជនល្មើសផ្សេងទៀតដែលកំពុងរត់គេចខ្លួន សមត្ថកិច្ចកម្ពុជាបានសហការជាមួយសមត្ថកិច្ចអន្តរជាតិ ដើម្បីតាមចាប់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់។
 
គួរបញ្ជាក់ថា ការចុះយកព័ត៌មានរបស់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជាច្រើននេះ ធ្វើឡើងមុនពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំ «សន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» ដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ដោយមានការចូលរួមពីតំណាងប្រទេសជាង២០ និងអង្គការអន្តរជាតិធំៗចំនួន ៣ផងដែរ។
 
ចាប់ពីខែកក្កដា ឆ្នាំ២០២៥ ដល់ខែសីហា ឆ្នាំ២០២៦ អាជ្ញាធរមានសមត្ថកិច្ចកម្ពុជាបានបើកប្រតិបត្តិការស៊ើបអង្កេតលើទីតាំងសង្ស័យជាង ៨៣០កន្លែង និងបានចុះបង្ក្រាបជាក់ស្តែងចំនួន ៦៦៣ទីតាំង។ ក្នុងនោះ អាជ្ញាធរបានគ្រប់គ្រង និងកម្ទេចទីតាំងឆបោកតាមអនឡាញទ្រង់ទ្រាយធំចំនួន ៨៦កន្លែង ព្រមទាំងបានបណ្តេញជនបរទេសដែលជាមុខសញ្ញាសង្ស័យជាង ២ម៉ឺននាក់ចេញពីកម្ពុជា។ ​
 
កម្ពុជាចាត់ទុកការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា​ ជាបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរ ហើយកម្ពុជាខ្លួនឯងក៏ជាជនរងគ្រោះផងដែរ។ ទោះជាយ៉ាងណា កម្ពុជាបាននិងកំពុងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ដើម្បីប្រយុទ្ធប្រឆាំង និងបង្ក្រាបបទល្មើសនេះឱ្យដល់ឫសគល់ ព្រមទាំងសហការយ៉ាងជិតស្និទ្ធជាមួយបណ្តាប្រទេសនានា រួមមាន ចិន អាមេរិក កូរ៉េខាងត្បូង ជប៉ុន អូស្ត្រាលី និងបណ្តាប្រទេសក្នុងតំបន់អាស៊ាន ដើម្បីរួមគ្នាដោះស្រាយបញ្ហានេះឱ្យមានប្រសិទ្ធភាព៕
 
ដោយ៖ ង៉ាន់ ទិត្យ
រូបភាព៖ រិន រចនា

ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា