ក្រុមហ៊ុនចិនជាង ៤២ សម្លឹងឃើញឱកាស​វិនិយោគបន្ថែមនៅកម្ពុជា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រុមហ៊ុនចិនជាង ៤២ សម្លឹងឃើញឱកាស​វិនិយោគបន្ថែមនៅកម្ពុជា

ក្រុមហ៊ុនចិនជាង ៤២ សម្លឹងឃើញឱកាស​វិនិយោគបន្ថែមនៅកម្ពុជា

ក្រុមហ៊ុនចិនប្រមាណ ៤២ បានសម្លឹងឃើញពីឱកាស​វិនិយោគបន្ថែមនៅក្នុងប្រទេសកម្ពុជា ដោយបានបញ្ជាក់ពីគោលបំណងក្នុងការបោះទុនវិនិយោគជាមួយទំហំវិនិយោគដ៏ច្រើន នៅក្នុង​ខេត្តកំពង់ស្ពឺ។ នេះបើតាមការលើកឡើងរបស់ថ្នាក់ដឹកនាំខេត្តកំពង់ស្ពឺ។
 
កាលពីពេលថ្មីៗ ឯកឧត្តម ជាម ចន្ទ័សោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានរួមដំណើរជាមួយគណៈប្រតិភូកម្ពុជា ជាច្រើនរូបផ្សេងទៀត ដើម្បីចូលរួមកិច្ចប្រជុំផ្លាស់ប្តូរកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មអាស៊ាន – ហួយហ្វា នៅទីក្រុងណាននីង ប្រទេសចិន។
 
ក្នុងអំឡុងកិច្ចប្រជុំនេះ អភិបាលខេត្តកំពង់ស្ពឺបានជួបជាមួយតំណាងក្រុមហ៊ុន សហគ្រាសប្រមាណ ៤២ នៅក្នុងវិស័យចំនួន ៩ ដែលបានសន្យាថា នឹងមកធ្វើទស្សនកិច្ចស្វែងយល់ និងបោះទុនវិនិយោគក្នុងខេត្តកំពង់ស្ពឺ ក្នុងពេលឆាប់ៗខាងមុខ។ ក្នុងចំណោមក្រុមហ៊ុន សហគ្រាស ដែលចាប់អារម្មណ៍លើខេត្តកំពង់ស្ពឺនេះ មានមួយចំនួនជាអ្នកវិនិយោគដែលមានស្រាប់ ហើយកំពុងស្វែងរកឱកាសពង្រីកប្រតិបត្តិការរបស់ខ្លួន ខណៈដែលក្រុមហ៊ុនខ្លះទៀតជាអ្នកចំណូលថ្មី ហើយគ្រោងបង្កើតរោងចក្រនៅក្នុងខេត្តនេះ។
 
វិស័យសំខាន់ៗដែលក្រុមហ៊ុនទាំងនេះចាប់អារម្មណ៍មានដូចជា កសិកម្ម និងកែច្នៃកសិផល, ឧស្សាហកម្ម និងផលិតកម្ម, សំណង់ និងសម្ភារៈសំណង់, ទេសចរណ៍ និងវប្បធម៌, វិនិយោគ និងពាណិជ្ជកម្ម, បច្ចេកវិទ្យា និងឌីជីថល, រ៉ែ, ឡូជីស្ទីក និងដឹកជញ្ជូន ព្រមទាំងថាមពលថ្មី និងបរិស្ថាន។
 
កត្តាដែលធ្វើឲ្យខេត្តកំពង់ស្ពឺ ទទួលបានក្រុមអ្នកវិនិយោគចូលមកបណ្ដាក់ទុនកាន់តែច្រើនជាបន្តបន្ទាប់ គឺដោយសារខេត្តនេះមានសក្ដានុពលជាច្រើនលើវិស័យឧស្សាហកម្ម កសិកម្ម ទេសចរណ៍ និងមានហេដ្ឋារចនាសម្ព័ន្ធល្អប្រសើរ។ វត្តមានឧស្សាហកម្មក្នុងខេត្តកំពង់ស្ពឺ មិនត្រឹមតែជួយលើកស្ទួយមុខមាត់ និងលើកកម្ពស់សេដ្ឋកិច្ចរបស់ពលរដ្ឋក្នុងខេត្តប៉ុណ្ណោះទេ ប៉ុន្តែវាក៏បាននិងកំពុងស្រូបយកកម្លាំងពលកម្មយ៉ាងច្រើនពីតាមបណ្តាខេត្តជុំវិញ ដែល ជួយពង្រឹងសេដ្ឋកិច្ចក្នុងតំបន់ផងដែរ។
 
បច្ចុប្បន្ន ខេត្តកំពង់ស្ពឺមានរោងចក្រ សហគ្រាសប្រមាណជិត ៣ពាន់ និងមានកម្មករ កម្មការិនី ជាង ៤០ម៉ឺននាក់។ អភិបាលខេត្តកំពង់ស្ពឺ រំពឹងថា ខេត្តនេះនឹងក្លាយជាទិសដៅសំខាន់សម្រាប់គម្រោងឧស្សាហកម្ម និងផលិតកម្មនៅកម្ពុជា ដែលនឹងបង្កើតឱកាសការងារបន្ថែមរាប់ម៉ឺនកន្លែង ហើយពង្រឹងខេត្តនេះទៅជាមជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏សំខាន់មួយនៅកម្ពុជា៕

ខន ណារី AMS

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា