អ្នកនាំពាក្យ៖ សន្តិភាពជាដង្ហើមរស់សម្រាប់កម្ពុជា សន្តិភាពបានផ្ដល់ឱកាសមាសឱ្យប្រទេសយើងអាចស្តារ និងកសាងជាតិឡើងវិញ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ្នកនាំពាក្យ៖ សន្តិភាពជាដង្ហើមរស់សម្រាប់កម្ពុជា សន្តិភាពបានផ្ដល់ឱកាសមាសឱ្យប្រទេសយើងអាចស្តារ និងកសាងជាតិឡើងវិញ

អ្នកនាំពាក្យ៖ សន្តិភាពជាដង្ហើមរស់សម្រាប់កម្ពុជា សន្តិភាពបានផ្ដល់ឱកាសមាសឱ្យប្រទេសយើងអាចស្តារ និងកសាងជាតិឡើងវិញ

ភ្នំពេញ ៖ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានថ្លែងថា ថ្ងៃទី២១ ខែកញ្ញានេះ គឺជា «ទិវាសន្តិភាពអន្តរជាតិ» ដែលក្នុងឆ្នាំ២០២៦នេះប្រារព្ធឡើងក្រោមប្រធានបទ «វិនិយោគលើសន្តិភាព៖ សម្រាប់គ្រប់គ្នា គ្រប់ទីកន្លែង និងគ្រប់ពេលវេលា»។ ក្នុងសារឧទ្ទិសចំពោះទិវាដ៏វិសេសវិសាលនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានអំពាវនាវឱ្យភាគីថៃគោរពកិច្ចព្រមព្រៀងដែលបានឯកភាពគ្នា និងចូលរួមដោះស្រាយបញ្ហាព្រំដែនតាមសន្តិវិធី ដោយផ្អែកលើច្បាប់អន្តរជាតិដើម្បីកាត់បន្ថយភាពតានតឹង និងដើម្បីកសាងទំនុកចិត្ត ឈានទៅរកការស្ដារសន្តិភាពនៅតាមព្រំដែន ក៏ដូចជាការរួមរស់ប្រកបដោយភាពសុខដុមរមនារវាងប្រជាជននៃប្រទេសជិតខាងទាំងពីរ។
អ្នកនាំពាក្យបានបន្តថា សម្តេចធិបតីបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តប្រកាន់ខ្ជាប់នូវគោលការណ៍គ្រឹះនៃសន្តិភាព ការគោរពអធិបតេយ្យ និងការដោះស្រាយវិវាទដោយសន្តិវិធី ដោយអនុលោមតាមច្បាប់អន្តរជាតិដើម្បីភាពសុខសាន្តរបស់ប្រជាជន និងសូមឱ្យកម្លាំងសាមគ្គីភាពរបស់យើងក្លាយជាគ្រឹះយ៉ាងរឹងមាំក្នុងការជួយពង្រឹងសន្តិភាព។ ក្នុងឱកាស «ទិវាសន្តិភាពអន្ដរជាតិ» នេះដែរ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះយុទ្ធជន យុទ្ធនារី កងកម្លាំងប្រដាប់អាវុធគ្រប់រូបដែលបានបូជាសាច់ស្រស់ ឈាមស្រស់ និងលះបង់អាយុជីវិត ក្នុងការការពារជាតិមាតុភូមិ និងសុខសន្តិភាពជូនប្រជាជននៅគ្រប់ដំណាក់កាល និងសូមអរគុណចំពោះស្មារតីសាមគ្គីរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគាំទ្របុព្វហេតុដ៏ឧត្ដុង្គឧត្តមនេះ។

សម្តេចធិបតីបានគូសបញ្ជាក់ថា បទពិសោធប្រវត្តិសាស្ត្រដ៏ជូរចត់ និងស្ថានភាពជាក់ស្តែងនៃពិភពលោកនាពេលបច្ចុប្បន្នបានបង្ហាញយ៉ាងច្បាស់ថា ច្បាប់អន្តរជាតិមិនអាចធានាសន្តិភាពបានឡើយ ប្រសិនបើខ្វះឆន្ទៈនយោបាយពិតប្រាកដ និងខ្វះការអនុវត្តជាក់ស្ដែងប្រកបដោយការប្ដេជ្ញាចិត្តខ្ពស់។ ដើម្បីឱ្យសន្តិភាពអាចចាក់ឫសយ៉ាងជ្រៅ មានភាពរឹងមាំនិងចីរភាព ប្រមុខរាជរដ្ឋាភិបាលកម្ពុជាគូសបញ្ជាក់ជំហរច្បាស់លាស់របស់កម្ពុជា ក្នុងការគោរពអធិបតេយ្យ ការលុបបំបាត់វប្បធម៌ប្រើប្រាស់កម្លាំង និងការអនុវត្តកាតព្វកិច្ចអន្តរជាតិដោយស្មោះត្រង់ ព្រមទាំងការលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងយន្តការពហុភាគី ជាពិសេសការជ្រើសរើសយកវិធីសាស្ត្រដោះស្រាយវិវាទដោយសន្តិវិធី និងអនុលោមតាមច្បាប់អន្តរជាតិ។

«សន្តិភាពជាដង្ហើមរស់សម្រាប់កម្ពុជា។ សន្តិភាពបានផ្ដល់ឱកាសមាសឱ្យប្រទេសយើងអាចស្តារ និងកសាងជាតិឡើងវិញ ការកាត់បន្ថយភាពក្រីក្រ ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច-សង្គម និងការធ្វើសមាហរណកម្មកាន់តែស៊ីជម្រៅទៅក្នុងតំបន់និងសកលលោក» នេះជាការគូសរំលេចរបស់សម្តេចនាយករដ្ឋមន្ត្រី។

សម្តេចបានរម្លឹកថា បើទោះបីជាជ័យជម្នះ ៧មករា ១៩៧៩ បានសង្គ្រោះប្រជាជនយើងផុតពីជ្រោះមរណៈ និងពីក្តីវិនាសអន្តរាយក្នុងរបបខ្មែរក្រហមដ៏សាហាវព្រៃផ្សៃ និងសូម្បីតែក្រោយមានកិច្ចព្រមព្រៀងសន្តិភាពឆ្នាំ១៩៩១ ដែលសម្រេចបានតាមការចរចាយ៉ាងស្វិតស្វាញនិងប្រតិបត្តិការរក្សាសន្តិភាពរបស់ អ.ស.ប.ក៏ដោយ ក៏ប្រជាជាតិយើងមិនទាន់បានឆ្លងផុតពីសង្គ្រាមនិងជម្លោះផ្ទៃក្នុងនៅឡើយទេ។ រហូតដល់ចុងឆ្នាំ១៩៩៨ តាមរយៈ «នយោបាយឈ្នះ-ឈ្នះ» ដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានយកជីវិតទៅធានាការអនុវត្តប្រកបដោយជោគជ័យត្រចះត្រចង់ ទើបកម្ពុជាអាចបញ្ចប់បានទាំងស្រុងនូវសង្គ្រាមស៊ីវិលដែលបានអូសបន្លាយជិត៣ទសវត្សរ៍។ នយោបាយ «ឈ្នះ-ឈ្នះ» នេះហើយសម្រេចបានសន្តិភាពពេញលេញ និងឯកភាពជាតិជាធ្លុងមួយ និងជាសមិទ្ធផលប្រវត្តិសាស្ត្រដ៏ថ្លៃថ្លាបំផុត មិនធ្លាប់មានក្នុងរយៈពេលជាង៥០០ឆ្នាំចុងក្រោយនៃដំណើរជាតិកម្ពុជា៕
ដោយ៖ពលជ័យ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា