អាមេរិកគ្រោងបើកមូលដ្ឋានយោធានៅកោះហ្គ្រីនឡែន ខណៈលោក ត្រាំ មិនទាន់បោះបង់ការទាមទារគ្រប់គ្រង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាមេរិកគ្រោងបើកមូលដ្ឋានយោធានៅកោះហ្គ្រីនឡែន ខណៈលោក ត្រាំ មិនទាន់បោះបង់ការទាមទារគ្រប់គ្រង

អាមេរិកគ្រោងបើកមូលដ្ឋានយោធានៅកោះហ្គ្រីនឡែន ខណៈលោក ត្រាំ មិនទាន់បោះបង់ការទាមទារគ្រប់គ្រង

ហ្គ្រីនឡែន ៖ សហរដ្ឋអាមេរិកមានផែនការបើកដំណើរការ មូលដ្ឋានយោធាថ្មីៗ ចំនួន២នៅតំបន់អាក់តិច ហ្គ្រីនឡែន ខណៈដែលលោកប្រធានាធិបតី ដូណាល់ ត្រាំ មិនទាន់បោះបង់ការទាមទារគ្រប់គ្រង។ អំឡុងសម័យសង្គ្រាមត្រជាក់ ទីក្រុងវ៉ាស៊ីនតោនធ្លាប់មានមូលដ្ឋានយោធាចំនួន ១៧ កន្លែង និង កងកម្លាំងជាង ១ម៉ឺននាក់ នៅក្នុងដែនដីស្វយ័ត នៅប្រទេសដាណឺម៉ាកមួយនេះ ហើយ បច្ចុប្បន្ន នៅសល់តែមូលដ្ឋានអវកាស Pituffik ប៉ុណ្ណោះ ដែលមានកងកម្លាំងយោធាអាមេរិកប្រហែល ១៥០នាក់។ នេះបើតាមការចេញផ្សាយរបស់ straitstimes នៅថ្ងៃអង្គារនេះ។

យោងតាមបុគ្គលចំនួន៣នាក់ ដែលដឹងពីបញ្ហានេះ និងផ្អែកលើកិច្ចព្រមព្រៀងមួយដែលនឹងត្រូវចុះហត្ថលេខាដោយសហរដ្ឋអាមេរិក ដាណឺម៉ាក និងហ្គ្រីនឡែន នាថ្ងៃទី ២២ ខែកញ្ញានេះ នៅឯមហាសន្និបាតអង្គការសហប្រជាជាតិ ស្ថិតក្នុងទីក្រុងញូវយ៉ក។

បុគ្គលពីរនាក់ក្នុងចំណោមនោះបានឱ្យដឹងថា ទីតាំងទាំងនោះរួមមាន Narsarsuaq ដែលចំនួនប្រជាជនបានធ្លាក់ចុះមកនៅត្រឹមតែប៉ុន្មានសិបនាក់ប៉ុណ្ណោះ ចាប់តាំងពីសហរដ្ឋអាមេរិកបានបិទមូលដ្ឋានយោធា Bluie West One របស់ខ្លួន នៅទសវត្សរ៍ឆ្នាំ ១៩៥០ និង ទីតាំង Mestersvig ដែលជាប៉ុស្តិ៍យោធាមួយ បច្ចុប្បន្ន ប្រើប្រាស់ដោយកងល្បាតនៃអង្គភាពកងកម្លាំងពិសេសរបស់ដាណឺម៉ាក។

យ៉ាងណាមិញ ខ្លឹមសារនៃកិច្ចព្រមព្រៀងនេះមិនទាន់ត្រូវបានផ្សព្វផ្សាយជាសាធារណៈនៅឡើយទេ ហើយបុគ្គលទាំងបីនាក់ដែលដឹងពីកិច្ចព្រមព្រៀងនេះ និង និយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានឱ្យដឹងដែរថា ព័ត៌មានលម្អិតនឹងមិនទាន់ត្រូវបានសម្រេចជាស្ថាពរទេ ពោលគឺរហូតទាល់តែមានការចុះហត្ថលេខា។

រដ្ឋាភិបាលនៃប្រទេសដាណឺម៉ាក និងហ្គ្រីនឡែន មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយនោះទេ។ សេតវិមានក៏មិនបានឆ្លើយតបភ្លាមៗដែរ។

កិច្ចព្រមព្រៀងនេះ លេចលឺឡើង បន្ទាប់ពីមានសម្ពាធជាច្រើនខែ ពីលោកប្រធានាធិបតី Donald Trump ដែលបាននិយាយជាយូរមកហើយថា លោកចង់ឱ្យសហរដ្ឋអាមេរិកគ្រប់គ្រងកោះហ្គ្រីនឡែន ហើយធ្លាប់បានលើកឡើងពីលទ្ធភាពនៃការប្រើប្រាស់កម្លាំងយោធា ឬសេដ្ឋកិច្ចដើម្បីទទួលបានទឹកដីរបស់ដាណឺម៉ាក ដែលមានស្វ័យភាពមួយផ្នែកនេះ។

ការគំរាមកំហែងរបស់លោក ត្រាំ ដែលបានឈានដល់កម្រិតកំពូល នៅខែមករា បានបង្កឱ្យមានវិបត្តិការទូតនៅក្នុងអង្គការណាតូ (NATO) និងជំរុញឱ្យប្រទេសដាណឺម៉ាក និងដែនដីហ្គ្រីនឡែន (Greenland) ចូលរួមក្នុងការចរចាជាមួយទីក្រុងវ៉ាស៊ីនតោន ដើម្បីបន្ធូរបន្ថយសម្ពាធ៕

ប្រភព ៖ straitstimes, ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា