សម្តេចតេជោ ហ៊ុន សែន ស្នើអតីតប្រធានរដ្ឋសភាកូរ៉េ ជំរុញអ្នកវិនិយោគមកបណ្តាក់ទុននៅកម្ពុជាកាន់តែច្រើន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សម្តេចតេជោ ហ៊ុន សែន ស្នើអតីតប្រធានរដ្ឋសភាកូរ៉េ ជំរុញអ្នកវិនិយោគមកបណ្តាក់ទុននៅកម្ពុជាកាន់តែច្រើន

សម្តេចតេជោ ហ៊ុន សែន ស្នើអតីតប្រធានរដ្ឋសភាកូរ៉េ ជំរុញអ្នកវិនិយោគមកបណ្តាក់ទុននៅកម្ពុជាកាន់តែច្រើន

សម្តេចតេជោ ហ៊ុន សែន បានស្នើអតីតប្រធានរដ្ឋសភាកូរ៉េ ជំរុញអ្នកវិនិយោគកូរ៉េ មកវិនិយោគនៅកម្ពុជាឱ្យបានកាន់តែច្រើន ស្របពេលដែលក្រុមហ៊ុនកូរ៉េខាងត្បូងជាច្រើនកំពុងបន្តចាប់អារម្មណ៍ និងត្រៀមខ្លួនមកសិក្សាឱកាសវិនិយោគថ្មីៗនៅកម្ពុជាក្នុងឆ្នាំ២០២៦។ ​គិតត្រឹមឆ្នាំ២០២៥ មានក្រុមហ៊ុនកូរ៉េប្រមាណ ២០០ បានដំណើរការអាជីវកម្មនៅក្នុងប្រទេសកម្ពុជា ។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា នារសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ ។

យោងតាមឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងការស្វាគមន៍ និងក្តីរីករាយដោយបានជួបជាមួយឯកឧត្តម គីម ជីនផ្យូ ជាថ្មីក្នុងដំណើរអញ្ជើញមកកាន់ប្រទេសកម្ពុជានៅពេលនេះ ដែលជាផ្នែកមួយនៃការពូនជ្រុំទំនាក់ទំនងរវាងកម្ពុជា និងកូរ៉េឲ្យកាន់តែរីកចម្រើន។ សម្ដេចតេជោ បានជំរុញឱ្យឯកឧត្តមអតីតប្រធានរដ្ឋសភាធ្វើយ៉ាងណាឱ្យអ្នកវិនិយោគរបស់ប្រទេសកូរ៉េមកបណ្តាក់ទុននៅកម្ពុជាកាន់តែច្រើន។

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងផងដែរថា កូរ៉េ គឺជាដៃគូសហប្រតិបត្តិការដ៏ល្អមួយរបស់កម្ពុជា នៅក្នុងក្របខណ្ឌសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ។

ចំណែក ឯកឧត្តម គីម ជីនផ្យូ បានលើកឡើងពីភាពល្អប្រសើរនៃទំនាក់ទំនងកម្ពុជា-កូរ៉េនៅពេលបច្ចុប្បន្ន ហើយ​សង្ឃឹមថា អ្នកទេសចររបស់កូរ៉េនឹងមកទស្សនាប្រទេសកម្ពុជាកាន់តែច្រើន។ ជាមួយគ្នានេះ ឯកឧត្តមក៏បានសង្កេតឃើញអ្នកវិនិយោគរបស់កូរ៉េចាប់អារម្មណ៍មកវិនិយោគនៅក្នុងប្រទេសកម្ពុជាជាបន្តបន្ទាប់ផងដែរ ។

គិតត្រឹមឆ្នាំ២០២៥ ​ក្រុមហ៊ុនកូរ៉េប្រមាណ ២០០ បានដំណើរការអាជីវកម្មនៅក្នុងប្រទេសកម្ពុជា ដែលភាគច្រើនផ្តោតលើវិស័យផលិតកម្ម សំណង់ ធនាគារ លក់រាយ និងសេវាកម្ម។

លើសពីនេះ នៅឆ្នាំ២០២៥ កម្ពុជា បានទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសសរុបប្រមាណ ៥,២ ពាន់លានដុល្លារ ដែលធ្វើឱ្យកម្ពុជាក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសដែលទទួលបានការវិនិយោគពីកូរ៉េច្រើនជាងគេ ជាពិសេសនៅក្នុងតំបន់ឧស្សាហកម្ម និងវិស័យផលិតកម្មសម្រាប់នាំចេញ ។ នេះបើតាមរបាយការណ៍ដកស្រង់ពីជំនួយអភិវឌ្ឍន៍ផ្លូវការរបស់កូរ៉េ ។

ដោយឡែក យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ទំហំពាណិជ្ជកម្មសរុបរវាងកម្ពុជា និងកូរ៉េខាងត្បូង ក្នុងរយៈពេល ៦ខែ ដើមឆ្នាំនេះ សម្រេចបានទឹកប្រាក់ប្រមាណ ៥៩៩លានដុល្លារអាម៉េរិក កើនឡើងជិត ៣៧% ក្នុងនោះការនាំចេញពីកម្ពុជា ទៅកូរ៉េ មានទំហំ ២០៩លានដុល្លារអាម៉េរិក ហើយការនាំចូលពីកូរ៉េ មកកម្ពុជាវិញមានទំហំ ៣៨៩ លានដុល្លារអាម៉េរិក៕
ដោយ៖ វណ្ណលុក

ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក

ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា