ប្រមុខក្រសួងមហាផ្ទៃ ជំរុញឱ្យស្ត្រីឡើងកាន់តំណែងដឹកនាំ និងដាក់ចេញវិធានការទប់ស្កាត់អំពើហិង្សាលើស្ត្រី | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ប្រមុខក្រសួងមហាផ្ទៃ ជំរុញឱ្យស្ត្រីឡើងកាន់តំណែងដឹកនាំ និងដាក់ចេញវិធានការទប់ស្កាត់អំពើហិង្សាលើស្ត្រី

ប្រមុខក្រសួងមហាផ្ទៃ ជំរុញឱ្យស្ត្រីឡើងកាន់តំណែងដឹកនាំ និងដាក់ចេញវិធានការទប់ស្កាត់អំពើហិង្សាលើស្ត្រី

ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា ក្នុងនីតិកាលទី៧ នៃរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្រសួងមហាផ្ទៃបានបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការជំរុញកំណើនស្ត្រីក្នុងមុខតំណែងដឹកនាំ ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ។

ថ្លែងក្នុងពិធីប្រកាសផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រី លើកទី៤ ឆ្នាំ២០២៥-២០៣០» នារសៀលថ្ងៃទី២១ ខែកញ្ញា ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានលើកឡើងថា នៅក្នុងនីតិកាលទី៧នេះ ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាល បានបន្តយកចិត្តទុកដាក់ជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ។

ឯកឧត្តមអភិសន្តិបណ្ឌិត បានរំលេចពីវឌ្ឍនភាពនៃការរៀបចំស្ត្រីឱ្យទទួលបានមុខតំណែងដឹកនាំ ដោយក្នុងនោះ វិស័យមហាផ្ទៃកំពុងខិតខំសម្រេចឱ្យបាននូវផែនការរៀបចំយ៉ាងហោចណាស់ឱ្យមានស្ត្រីម្នាក់កាន់មុខតំណែងរង ឬអនុប្រធាន នៅគ្រប់អង្គភាពចំណុះតាមឋានានុក្រម។ ឯកឧត្តមបានបញ្ជាក់ថា វត្តមានស្ត្រីក្នុងតួនាទីដឹកនាំ គឺជាផ្នែកមួយយ៉ាងសំខាន់មិនអាចខ្វះបាន ក្នុងការសម្រេចបាននូវបេសកកម្មទប់ស្កាត់អំពើហិង្សាលើស្ត្រី និងកុមារ។

ជាមួយគ្នានេះ ឯកឧត្តម ស សុខា បានអំពាវនាវដល់គ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ឱ្យបន្តផ្តល់ឱកាស វាយតម្លៃខ្ពស់លើសមត្ថភាពស្ត្រី និងបង្កើតលក្ខខណ្ឌអំណោយផលនានា ដើម្បីលើកទឹកចិត្តស្រ្តីឱ្យមានទំនុកចិត្តក្នុងការចូលរួមកសាង និងអភិវឌ្ឍន៍សង្គមជាតិ។

បន្ថែមពីនេះ ឯកឧត្តមក៏បានណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ឱ្យបង្កើនការផ្សព្វផ្សាយអប់រំ ពង្រឹងការអនុវត្តក្រមប្រតិបត្តិប្រព័ន្ធផ្សព្វផ្សាយ និងត្រូវយកចិត្តទុកដាក់ទប់ស្កាត់ឱ្យបានហ្មត់ចត់នូវរាល់ល្បិចកលបោកបញ្ឆោតផ្សេងៗ ដូចជា ការរៀបការ ឬការសន្យាផ្តល់ការងារប្រាក់ខែខ្ពស់ ដែលជាអន្ទាក់នាំទៅរកការជួញដូរមនុស្ស និងការបញ្ជូនទៅធ្វើការនៅក្រៅប្រទេសដោយខុសច្បាប់។

លោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានឱ្យដឹងថា ផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រី លើកទី៤ ឆ្នាំ២០២៥-២០៣០ ត្រូវបានរៀបចំឡើងដើម្បីបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់វប្បធម៌អហិង្សា និងភាពសុខដុមរមនាក្នុងសង្គម តាមរយៈការឆ្លើយតប និងអន្តរាគមន៍ទាន់ពេលវេលា។

ផែនការសកម្មភាពជាតិនេះផ្អែកលើអភិក្រម និងយុទ្ធសាស្ត្រគន្លឹះចំនួន៤ រួមមាន៖ ការបង្ការទប់ស្កាត់, កិច្ចការពារផ្លូវច្បាប់ និងសេវាពហុវិស័យ, ការបង្កើត និងអនុវត្តច្បាប់/គោលនយោបាយ និងការតាមដាន ត្រួតពិនិត្យ និងការវាយតម្លៃ៕ ទួន សុផល


ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា