ប្រមុខការទូតកម្ពុជាចូលរួមក្នុងមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៨១ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ប្រមុខការទូតកម្ពុជាចូលរួមក្នុងមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៨១

ប្រមុខការទូតកម្ពុជាចូលរួមក្នុងមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៨១

ក្រសួងការបរទេសប្រកាសថា ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងអញ្ជើញចូលរួមកិច្ចពិភាក្សាទូទៅ នៃសម័យប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៨១ នៅទីក្រុងញូយ៉ក។

ឯកឧត្តម ប្រាក់ សុខុន នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចូលរួមកិច្ចពិភាក្សាទូទៅនៃសម័យប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៨១ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្នាក់ការអង្គការសហប្រជាជាតិ នាទីក្រុងញូវយ៉ក ក្រោមមូលបទ «ការស្តារទំនុកចិត្តឡើងវិញ ការគ្រប់គ្រងការធ្វើបរិវត្តកម្ម៖ អង្គការសហប្រជាជាតិដែលផ្តល់ផលប្រយោជន៍សម្រាប់ទាំងអស់គ្នា»។

យោងតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស ក្នុងអំឡុងកិច្ចពិភាក្សាទូទៅនេះ ប្រមុខការទូតកម្ពុជា នឹង ចូលរួមធ្វើសេចក្តីថ្លែងការណ៍ ដោយគូសបញ្ជាក់ពីទស្សនៈរបស់កម្ពុជា ចំពោះបញ្ហាសំខាន់ៗក្នុងតំបន់ និងសកលលោក ព្រមទាំងសង្កត់ធ្ងន់ លើសារៈសំខាន់នៃការប្រកាន់ខ្ជាប់នូវពហុភាគីនិយម និងភាពចាំបាច់ក្នុងការពង្រឹងបន្ថែមនូវតួនាទី និង ប្រសិទ្ធភាព របស់ប្រព័ន្ធអង្គការសហប្រជាជាតិ ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមដ៏ស្មុគស្មាញ និងការវិវត្ត ជាបន្តបន្ទាប់ ដែលសហគមន៍អន្តរជាតិកំពុងជួបប្រទះ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក៏នឹងលើកឡើងផងដែរអំពីអាទិភាព និងយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់កម្ពុជា ព្រមទាំងការប្តេជ្ញាចិត្ត ក្នុងការបន្តជំរុញការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្ន។

ដោយឡែក ក្នុងសម័យប្រជុំនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន គ្រោងនឹងមានជំនួបពិភាក្សាទ្វេភាគីនានា ដើម្បីផ្លាស់ប្តូរទស្សនៈលើការពង្រឹងទំនាក់ទំនងទ្វេភាគី និងការបង្កើនការចូលរួមចំណែករបស់កម្ពុជា នៅក្នុងការរក្សាសន្តិភាព និងសន្តិសុខ និងការអភិវឌ្ឍប្រកបដោយចីរភាពនៅលើឆាកអន្តរជាតិ៕

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា