អ្នកឃ្លាំមើល ៖ មហាសន្និបាត UN ជាឱកាសល្អសម្រាប់កម្ពុជាលើកឡើងពីការឈ្លានពានរបស់យោធាថៃ​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ្នកឃ្លាំមើល ៖ មហាសន្និបាត UN ជាឱកាសល្អសម្រាប់កម្ពុជាលើកឡើងពីការឈ្លានពានរបស់យោធាថៃ​

អ្នកឃ្លាំមើល ៖ មហាសន្និបាត UN ជាឱកាសល្អសម្រាប់កម្ពុជាលើកឡើងពីការឈ្លានពានរបស់យោធាថៃ​

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួមកិច្ចពិភាក្សាទូទៅនៃសម័យប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៨១ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៨ កញ្ញា ឆ្នាំ២០២៦ នៅទីស្នាក់ការអង្គការសហប្រជាជាតិ នាទីក្រុងញូវយ៉ក។
 
អ្នកឃ្លាំមើលសង្គមយល់ថា មហាសន្និបាតអង្គការសហប្រជាជាតិនេះ គឺជាឱកាសដ៏ល្អមួយសម្រាប់កម្ពុជាប្រាប់ទៅសហគមន៍អន្តរជាតិ អំពីបញ្ហាព្រំដែន និងការរំលោភបំពានបូរណភាពទឹកដីខ្មែរពីសំណាក់យោធាថៃ។
 

លោកបណ្ឌិត មាស នី អ្នកឃ្លាំមើលការអភិវឌ្ឍសង្គម បានថ្លែងដូច្នេះថា ៖ ខ្ញុំគិតថាវាជាឱកាសមួយដែលកម្ពុជាមានពេល ដើម្បីឡើងទៅថ្លែងសន្ទរកថាអំពីការរំលោភឈ្លានពានរបស់ថៃមកលើទឹកដីកម្ពុជា ដែលធ្វើឲ្យអន្តរជាតិនឹងគេចាប់អារម្មណ៍មកលើកម្ពុជាយើង។


ចំណែកលោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា ក៏បង្ហាញការយល់ឃើញស្រដៀងគ្នានេះផងដែរ ដោយលោកបានលើកឡើងថា ៖ គួរតែត្រូវបានលើកឡើងនូវទិដ្ឋភាពជាក់ស្ដែងនៅកម្ពុជា ជាក់ស្ដែងទីមួយ គឺថៃនៅតែបន្តឈ្លានពានកម្ពុជា រំលោភកិច្ចព្រមព្រៀងសន្តិភាព រំលោភបទឈប់បាញ់ រំលោភសន្ធិសញ្ញាអន្តរជាតិស្ដីពីព្រំដែនបារាំងសៀម និងបញ្ហាផ្សេងៗទៀត នេះជាភាពជាក់ស្ដែងដែលកើតមាននៅកម្ពុជា ដែលថៃនៅតែរំលោភរុលយកកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ជាច្រើនទីតាំង ហើយរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ដោយប្រជាពលរដ្ឋស្លូតត្រង់របស់កម្ពុជាមិនអាចវិលទៅគេហដ្ឋានបាន។


ដោយឡែក ឯកឧត្តម ចាន់​ រតនា អ្នកនាំពាក្យស្ដីទីនៃក្រសួងការប្រទេសកម្ពុជា បានបញ្ជាក់ថា មហាសន្និ​បាត UN ពិតជាមានសារសំខាន់បំផុតសម្រាប់បណ្ដារដ្ឋនីមួយៗធ្វើសេចក្ដីថ្លែងការណ៍របស់ខ្លួន។

សូមបញ្ជាក់ថា សម័យប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៨១ នឹងធ្វើឡើងក្រោមមូលបទ «ការស្តារ​ទំនុកចិត្តឡើងវិញ ការគ្រប់គ្រងការធ្វើបរិវត្តកម្ម៖ អង្គការសហប្រជាជាតិដែលផ្តល់ផលប្រយោជន៍សម្រាប់ទាំងអស់គ្នា»។ ​
 
ប្រមុខការទូតកម្ពុជានឹងឡើងធ្វើសេចក្តីថ្លែងការណ៍អំពីទស្សនៈរបស់កម្ពុជា ចំពោះបញ្ហាសំខាន់ៗក្នុងតំបន់ និងសកលលោក ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃការប្រកាន់ខ្ជាប់នូវពហុភាគីនិយម និងភាពចាំបាច់ក្នុងការពង្រឹងបន្ថែមនូវតួនាទី និងប្រសិទ្ធភាពរបស់ប្រព័ន្ធអង្គការសហប្រជាជាតិ ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមដ៏ស្មុគស្មាញ និងការវិវត្តជាបន្តបន្ទាប់ ដែលសហគមន៍អន្តរជាតិកំពុងជួបប្រទះ៕

សេង បារាំង AMS

ទាវ សារៈមុនី

ទាវ សារៈមុនី

ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា