ផ្លូវថ្មីពីបឹងកក់មកព្រះមុនីវង្ស រួមចំណែកខ្លាំងដល់ការកាត់បន្ថយការកកស្ទះចរាចរណ៍ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ផ្លូវថ្មីពីបឹងកក់មកព្រះមុនីវង្ស រួមចំណែកខ្លាំងដល់ការកាត់បន្ថយការកកស្ទះចរាចរណ៍

ផ្លូវថ្មីពីបឹងកក់មកព្រះមុនីវង្ស រួមចំណែកខ្លាំងដល់ការកាត់បន្ថយការកកស្ទះចរាចរណ៍

តម្រាយផ្លូវថ្មី R4 ដែលតភ្ជាប់ពីតំបន់អភិវឌ្ឍន៍បឹងកក់ មកមហាវិថីព្រះមុនីវង្ស ដោយឆ្លងកាត់ព្រះវិហារឥស្លាមបឹងកក់ អាល់សារកាល់ និងសណ្ឋាគារភ្នំពេញ ​ត្រូវបានស្ថាបនារួចរាល់ និងបើកឱ្យប្រជាពលរដ្ឋប្រើប្រាស់ហើយនៅពេលនេះ។
 
ផ្លូវកាត់ថ្មីនេះ មានប្រវែង ១៧១.៣០ម៉ែត្រ និងទទឹង ១៤ម៉ែត្រ ស្ថាបនាឡើងដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងជួយកាត់បន្ថយការកកស្ទះចរាចរណ៍ ជាពិសេសនៅតាមមហាវិថីព្រះមុនីវង្ស។

ឯកឧត្តម ខ្លូត រតនា រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌ មាន AMS ថា ផ្លូវកាត់ថ្មីនេះបានចាប់ផ្តើមសាងសង់កាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៦ និងសាងសង់រួចរាល់នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦ ដោយបានបើកឱ្យប្រជាពលរដ្ឋប្រើប្រាស់។​
 
ទោះបីយ៉ាងណា ​​​នៅសល់​ការងារសាងសង់​​ផ្លូវថ្មើរជើង​នៅអមសងខាង​ផ្លូវថ្មីនេះ ដែលកំពង់សំរុកធ្វើបន្ត។ បើតាមឯកឧត្តម ខ្លូត រតនា ហេដ្ឋារចនាសម្ព័ន្ធផ្លូវនឹងត្រូវបញ្ចប់ជាស្ថាពរក្នុងរយៈពេលប្រមាណមួយខែខាងមុខ។​​
 
ឯកឧត្តម ខ្លូត រតនា បានបញ្ជាក់ថា ផ្លូវវាងមួយខ្សែនេះ មិនត្រឹមតែជួយកាត់បន្ថយការកកស្ទះចរាចរណ៍ និងចំណេញពេលវេលាប៉ុណ្ណោះទេ តែថែមតែជួយបង្កើនសេដ្ឋកិច្ចនៅក្នុងតំបន់នោះផងដែរ។​
 
ឯកឧត្តម ខ្លូត រតនា បានបន្តដូច្នេះថា ​៖ «កន្លងមកយើងត្រូវការចូលមកតំបន់អភិវឌ្ឍន៍បឹងកក់ គឺយើងត្រូវឆ្លងកាត់រហូតដល់ព្រះសក្យមុនីចេតិយ បានយើងបត់ចូលមកតំបន់អភិវឌ្ឍបឹងកក់ ហើយយើងចេញទៅតំបន់ទួលគោក ប៉ុន្តែឥឡូវនេះពេលដែលបងៗចុះពីស្ពានជ្រោយចង្វារ ផុតមន្ទីរពេទ្យកាល់ម៉ែត្រ មានស្តុបសណ្ឋាគារភ្នំពេញ បត់ចុះមក គឺងាយស្រួលតែម្តង ចំណេញទាំងពេលវេលា ចំណេញទាំងថវិកា ហើយនឹងមានភាពងាយស្រួលក្នុងការធ្វើដំណើរផងដែរ។​ »
 
ឯកឧត្តម ឯក ឃុនឌឿន អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ បានបន្ថែមថា ផ្លូវមួយខ្សែនេះ​ក៏នឹងផ្តល់ភាពងាយស្រួលដល់ពលរដ្ឋដែល​និយមមកហាត់ប្រាណពេលល្ងាចផងដែរ។
 
បើតាមឯកឧត្តម ឯក ឃុនឌឿន ៖ «ពេលយើងរៀបចំស្ថាបនាបើក បងប្អូនដើរហាត់ប្រាណ គឺយើងដើរតាមផ្លូវវាង គាត់អត់មានផ្លូវចេញទេ គាត់ចង់ទៅ ត្រូវជិះមួយជុំ បានចូលហាត់ប្រាណបាន បច្ចុប្បន្ននេះយើងបើកទៅ បងប្អូនគាត់អាចដើរឆ្លងបាន។​ »
 
ឯកឧត្តម ឯក ឃុនឌឿន បានបញ្ជាក់ថា សម្រាប់ការរៀបចំតម្រាយផ្លូវនេះ គឺមានការចូលរួម និងឯកភាពគ្នាពីតំបន់បឹងកក់ ដោយដីមួយផ្នែកត្រូវបានសណ្ឋាគារភ្នំពេញបរិច្ចាគ ខណៈដីមួយផ្នែកទៀត ត្រូវបានរៀបចំតាមរយៈការចរចាជាមួយព្រះវិហារឥស្លាមបឹងកក់ អាល់សារកាល់ រាជធានីភ្នំពេញ។
 
បើតាមឯកឧត្តម ឯក ឃុនឌឿន នៅតាមបណ្តោយផ្លូវថ្មីនេះ អាជ្ញាធរបានរៀបចំប្រព័ន្ធលូ និងបណ្តាញហេដ្ឋារចនាសម្ព័ន្ធក្រោមដីរួចរាល់ហើយ រួមមានប្រព័ន្ធទឹក អគ្គិសនី និងខ្សែកាប។
 
លោក ចាយ វាងគៀង អ្នករត់កង់បីនៅតំបន់បឹងកក់ សង្កេតឃើញថា ចាប់តាំងពីមានការស្ថាបនាផ្លូវវាងថ្មីនេះមក ការធ្វើដំណើររបស់ប្រជាពលរដ្ឋមានភាពងាយស្រួល ហើយមានភាពស្រឡះជាងមុន។
 
លោកបន្តថា «កាលពីមិនទាន់មានផ្លូវរដ្ឋាភិបាលធ្វើហ្នឹង គឺវារៀងចង្អៀតចង្កល់ដែរ ទិសចង្អៀតខ្លាំង​ ឥឡូវធូរស្រាលខ្លាំងដែរ សប្បាយចិត្តបានរាជរដ្ឋាភិបាលយើងបានជួយប្រជាជនយើងច្រើន។ »
 
ដោយឡែក អ្នករត់ម៉ូតូឌុប នៅតំបន់បឹងកក់​ម្នាក់ទៀត គឺលោក អួង សឿន ក៏​​មើលឃើញដូច្នេះផងដែរ។  
 
អ្នករត់កង់បីដដែលនេះ ថ្លែងដូច្នេះថា «ខ្ញុំសប្បាយចិត្ត នៅពេលដែលរាជរដ្ឋាភិបាលអភិវឌ្ឍផ្លូវឱ្យប្រជាជនធ្វើដំណើរ ជាការពិសេសមួយហើយដោះស្រាយនូវបញ្ហាការកកស្ទះតាមផ្លូវ។»
 
ជាមួយផ្លូវថ្មីនេះ ដើម្បីរួមចំណែកកាត់បន្ថយការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍ អាជ្ញាធររាជធានីភ្នំពេញបានអំពាវនាវដល់ប្រជាពលរដ្ឋបើកបរដោយប្រុងប្រយ័ត្ន គោរពច្បាប់ចរាចរណ៍ និងប្រកាន់ខ្ជាប់នូវស្មារតីទទួលខុសត្រូវ៕

សៅ សុខអេង

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា