ប្រទេស G7 រួមគ្នាថ្កោលទោស ហ៊ូធី ដែលវាយប្រហារអារ៉ាប៊ី សាអូឌីត និង ព្រមាន អ៊ីរ៉ង់ ឲ្យឈប់ផ្តល់សព្វាវុធជាបន្ទាន់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ប្រទេស G7 រួមគ្នាថ្កោលទោស ហ៊ូធី ដែលវាយប្រហារអារ៉ាប៊ី សាអូឌីត និង ព្រមាន អ៊ីរ៉ង់ ឲ្យឈប់ផ្តល់សព្វាវុធជាបន្ទាន់

ប្រទេស G7 រួមគ្នាថ្កោលទោស ហ៊ូធី ដែលវាយប្រហារអារ៉ាប៊ី សាអូឌីត និង ព្រមាន អ៊ីរ៉ង់ ឲ្យឈប់ផ្តល់សព្វាវុធជាបន្ទាន់

បរទេស ៖ បណ្តាប្រទេស G7 កាលពីថ្ងៃអង្គារ បានរួមគ្នាថ្កោលទោស ពួកប្រដាប់អាវុធ ហ៊ូធី នៅប្រទេសយេម៉ែន ដែលបានវាយប្រហារ ទៅលើប្រទេសអារ៉ាប៊ី សាអូឌីត ខណៈក្រុមប្រយុទ្ធគេជឿថាគាំទ្រដោយអ៊ីរ៉ង់មួយនេះ បានបង្កើនការគំរាមកំហែងថ្មីមួយទៀត ដល់សង្គ្រាម នៅតំបន់មជ្ឈិមបូព៌ា។

បើតាម CNA, ការថ្កោលទោសនេះ បានធ្វើឡើង ចំពេលដែលក្រុមហ៊ូធីបានបើកប្រតិបត្តិការវាយលុកយ៉ាងឆាប់រហ័ស នាប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដើម្បីដណ្តើមគ្រប់គ្រងតំបន់ឆ្នេរសមុទ្រក្រហមទាំងមូល រួមទាំង ទីក្រុង ម៉ូកា ផងដែរ ដែលសកម្មភាពនេះបានគំរាមកំហែងដល់ពាណិជ្ជកម្មពិភពលោក និង ធ្វើឱ្យតម្លៃថាមពលកើនឡើង។

ជោគជ័យរបស់ក្រុមហ៊ូធីយេម៉ែនបានពង្រឹងការគ្រប់គ្រងរបស់អ៊ីរ៉ង់ និង សម្ព័ន្ធមិត្តរបស់ខ្លួនលើផ្លូវទឹកសំខាន់ៗចំនួនពីរ រួមទាំង ច្រកសមុទ្រហ័រមូស ដោយគេដឹងថា តំបន់ឈូងសមុទ្រ និងប្រទេសអារ៉ាប៊ីសាអូឌីត ដែលជាអ្នកនាំចេញប្រេងឆៅដ៏សំខាន់ ពឹងផ្អែកលើផ្លូវទឹកទាំងនេះសម្រាប់ការដឹកជញ្ជូនប្រេងចេញទៅក្រៅប្រទេស។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ, មេដឹកនាំ G7 ដែលតំណាងឱ្យប្រទេសកាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក បានលើកឡើងថា «យើងអំពាវនាវឱ្យក្រុមហ៊ូធីបញ្ឈប់រាល់សកម្មភាពយោធាជាបន្ទាន់»។

សេចក្តីថ្លែងការណ៍បានបន្ថែមថា «ត្រូវបញ្ឈប់រាល់ការគំរាមកំហែង និងការវាយប្រហារប្រឆាំងនឹងនាវាដឹកជញ្ជូនរបស់ជនស៊ីវិល ហើយត្រឡប់ទៅរកដំណើរការនយោបាយវិញដោយស្មោះត្រង់»។

ក្រៅពីនេះ ពួកគេក៏បានអំពាវនាវឱ្យ អ៊ីរ៉ង់ បញ្ឈប់ការផ្តល់អាវុធ និងការគាំទ្រដល់ក្រុមហ៊ូធី ជាបន្ទាន់ ដោយចោទប្រកាន់ថា ទីក្រុងតេហេរ៉ង់កំពុងរំលោភលើសេចក្តីសម្រេចចិត្តពីមុនៗ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។

សង្គ្រាមនៅក្នុងប្រទេសយេម៉ែន ដែលកំពុងជួបវិបត្តិភាពក្រីក្រនេះស្រាប់ បានចាប់ផ្តើមនៅឆ្នាំ ២០១៤ ជាមួយនឹងការដែលក្រុម ហ៊ូធី ដណ្តើមបានរដ្ឋធានី សាណា។ ភ្លើងសង្គ្រាមនេះស្ទើរតែរលត់ តាំងពីឆ្នាំ២០២២ មក ប៉ុន្តែ បានផ្ទុះឡើងវិញ នៅខែកក្កដា ឆ្នាំ២០២៦។

អារ៉ាប៊ី សាអូឌីត បានដឹកនាំសម្ព័ន្ធភាពមួយ ដើម្បីគាំទ្ររដ្ឋាភិបាលដែលទទួលស្គាល់ដោយអន្តរជាតិ ចាប់តាំងពីឆ្នាំ ២០១៥ មក។ ការចូលរួមអន្តរាគមន៍របស់ខ្លួនបានធ្វើឱ្យសង្គ្រាមកាន់តែធ្ងន់ធ្ងរឡើង ដែលបង្កឱ្យមានវិបត្តិមនុស្សធម៌ដ៏អាក្រក់បំផុតមួយ នៅលើពិភពលោក។

ជាក់ស្តែង ក្រុម Houthis បានបើកការវាយប្រហារទៅលើទីតាំងនានារបស់ក្រុមហ៊ុនប្រេងយក្សអារ៉ាប៊ីសាអូឌីត គឺ ក្រុមហ៊ុន Aramco នៅក្នុងទីក្រុងកំពង់ផែ Yanbu ដែលស្ថិតនៅជាប់សមុទ្រក្រហម។

យោងតាមទីក្រុងរីយ៉ាដ, បំពង់បង្ហូរប្រេង East-West ដែលជាផ្លូវដឹកជញ្ជូនប្រេងឆៅដ៏សំខាន់សម្រាប់ការនាំចេញ ក៏ត្រូវបានបិទដំណើរការផងដែរ បន្ទាប់ពីមានការវាយប្រហារដោយ drone ដែលត្រូវបានបាញ់ចេញពីប្រទេសអ៊ីរ៉ាក់៕

ប្រភព ៖ CNA ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា