ឆបោកអនឡាញ៖ អាជ្ញាធររាជធានីភ្នំពេញឃាត់ខ្លួនជនសង្ស័យជាង ៣ ០០០នាក់ និងបង្កកទ្រព្យសម្បត្តិជាង ៨០ម៉ឺនដុល្លារ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឆបោកអនឡាញ៖ អាជ្ញាធររាជធានីភ្នំពេញឃាត់ខ្លួនជនសង្ស័យជាង ៣ ០០០នាក់ និងបង្កកទ្រព្យសម្បត្តិជាង ៨០ម៉ឺនដុល្លារ

ឆបោកអនឡាញ៖ អាជ្ញាធររាជធានីភ្នំពេញឃាត់ខ្លួនជនសង្ស័យជាង ៣ ០០០នាក់ និងបង្កកទ្រព្យសម្បត្តិជាង ៨០ម៉ឺនដុល្លារ

ក្នុងយុទ្ធនាការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា រយៈពេល១ឆ្នាំកន្លងទៅនេះ អាជ្ញាធរមានសមត្ថកិច្ចរាជធានីភ្នំពេញ បានបើកប្រតិបត្តិការទ្រង់ទ្រាយធំ ដោយឃាត់ខ្លួនជនសង្ស័យប្រមាណ ៣ ០០០នាក់ មកពី ២២សញ្ជាតិ និងបង្កកទ្រព្យសម្បត្តិពាក់ព័ន្ធនឹងបទល្មើសប្រមាណ ៨០ម៉ឺនដុល្លារអាមេរិក។
 
លោកឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា ស្នងការរងរាជធានីភ្នំពេញ ទទួលផែនការងារសន្តិសុខ បានឱ្យដឹងថា ក្នុងរយៈពេល១ឆ្នាំកន្លងទៅនេះ អាជ្ញាធរបានចុះបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាចំនួន ១៨៤ករណីនៅរាជធានីភ្នំពេញ ដោយឃាត់ខ្លួនជនសង្ស័យជាង ៣ ០០០នាក់ និងបង្កកទ្រព្យសម្បត្តិបានប្រមាណ ៨០ម៉ឺនដុល្លារ។ ជនសង្ស័យជាង ២០០នាក់ត្រូវបានបញ្ជូនទៅតុលាការ។
 
វត្ថុតាងមួយចំនួនត្រូវបានបញ្ជូនទៅតុលាការផងដែរ ខណៈមួយចំនួនទៀតត្រូវបានរក្សាទុក ដើម្បីស្រាវជ្រាវ ស៊ើបអង្កេត និងបន្តនីតិវិធីតាមជំនាញ។
  
ក្នុងរយៈពេលនៃយុទ្ធនាការនេះ សមត្ថកិច្ចរាជធានីភ្នំពេញបានដកហូតសម្ភារៈជាច្រើន រួមមាន កុំព្យូទ័រលើតុចំនួន ១ ០៦១គ្រឿង, កុំព្យូទ័រយួរដៃចំនួន ៩២៣គ្រឿង, CPU ចំនួន ២ ០៦៤គ្រឿង, អេក្រង់ Monitor ចំនួន ៣ ៩៥២គ្រឿង, កុំព្យូទ័រ All-in-One ចំនួន ៣ ១៧០គ្រឿង, iMac និង MacBook ចំនួន ២៣គ្រឿង ព្រមទាំង iPad និង Tablet ចំនួន ៦៤គ្រឿង។ ក្រៅពីនេះ សមត្ថកិច្ចក៏បានដកហូតទូរស័ព្ទដៃចំនួន ២៩ ៩០០គ្រឿង ស៊ីមកាតបរទេស និងឯកសណ្ឋានក្លែងបន្លំជាសមត្ថកិច្ចនគរបាលនៃបណ្តាប្រទេសនានា។
 
លោកឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា បានសង្កត់ធ្ងន់ថា ប្រតិបត្តិការដ៏មុតស្រួចនេះ បានបង្ហាញពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន និងការពារសុវត្ថិភាពសង្គម។
 
សូមបញ្ជាក់ថា គិតចាប់ពីខែកក្កដា ឆ្នាំ២០២៥ ដល់ខែសីហា ឆ្នាំ២០២៦ អាជ្ញាធរមានសមត្ថកិច្ចកម្ពុជា បានបើកប្រតិបត្តិការស៊ើបអង្កេតលើទីតាំងសង្ស័យជាង ៨៣០កន្លែងនៅទូទាំងប្រទេស និងបានចុះបង្ក្រាបជាក់ស្តែងចំនួន ៦៦៣ទីតាំង។ ក្នុងនោះ បានគ្រប់គ្រង និងកម្ទេចទីតាំង Online Scam ទ្រង់ទ្រាយធំចំនួន ៨៦កន្លែង និងបានបណ្តេញចេញមុខសញ្ញាជនសង្ស័យជាជនបរទេសជាង ២ម៉ឺននាក់។
 
បច្ចុប្បន្ន ទីតាំង Scam Online ទ្រង់ទ្រាយធំ ត្រូវបានគ្រប់គ្រង និងកម្ទេចទាំងស្រុងនៅកម្ពុជា៕
 
ដោយ៖ ង៉ាន់ ទិត្យ
រូប៖ រិន រចនា

ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា