ក្រុមហ៊ុនអាកាសចរណ៍ IndiGo ឥណ្ឌា នឹងចាប់ផ្តើមហោះហើរត្រង់ឡើងវិញមកកាន់ខេត្តសៀមរាប | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រុមហ៊ុនអាកាសចរណ៍ IndiGo ឥណ្ឌា នឹងចាប់ផ្តើមហោះហើរត្រង់ឡើងវិញមកកាន់ខេត្តសៀមរាប

ក្រុមហ៊ុនអាកាសចរណ៍ IndiGo ឥណ្ឌា នឹងចាប់ផ្តើមហោះហើរត្រង់ឡើងវិញមកកាន់ខេត្តសៀមរាប

អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ត្រៀមខ្លួនទទួលការវិលត្រឡប់មកវិញនៃជើងហោះហើរត្រង់របស់ក្រុមហ៊ុនអាកាសចរណ៍ IndiGo ដើម្បីជំរុញវិស័យទេសចរណ៍ និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងឥណ្ឌា។
 
អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បានត្រៀមខ្លួនស្វាគមន៍ការតភ្ជាប់ជើងហោះហើរត្រង់ឡើងវិញ របស់ក្រុមហ៊ុនអាកាសចរណ៍ IndiGo ក្រោមការដឹកនាំ និងការត្រួតពិនិត្យជាប្រចាំពីរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ដើម្បីធានានូវប្រតិបត្តិការហោះហើរ ប្រកបដោយសុវត្ថិភាព ប្រសិទ្ធភាព និងទំនុកចិត្តខ្ពស់បំផុត។
 
ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលកម្ពុជា បានប្រាប់បណ្តាញសារព័ត៌មាន AMS ថា ការតភ្ជាប់ជើងហោះហើរឡើងវិញនេះ នឹងដំណើរការចាប់ពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៦ ដោយ​មានកាលវិភាគហោះហើររវាងទីក្រុងកុលកាតា និង ខេត្តសៀមរាបចំនួន ៣ ជើងក្នុងមួយសប្តាហ៍ គឺរៀងរាល់ថ្ងៃចន្ទ ព្រហស្បតិ៍ និងសៅរ៍។ ក្រុមហ៊ុននឹងប្រើប្រាស់យន្តហោះប្រភេទ Airbus A320 ដែលមានសមត្ថភាពផ្ទុកពី ១៨០ ទៅ ១៨៦ កៅអី។
 
បើតាមអ្នកនាំពាក្យដដែល​ បន្ទាប់ពីបានផ្អាកជាបណ្ដោះអាសន្នតាមរដូវកាល ការវិលត្រឡប់​របស់ IndiGo គឺជាសញ្ញាវិជ្ជមានយ៉ាងសំខាន់ ក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងឥណ្ឌា។ ការតភ្ជាប់សារជាថ្មីនេះ នឹងផ្តល់នូវកម្លាំងចលករក្នុងការជំរុញកំណើនភ្ញៀវទេសចរ មកទស្សនារមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ ព្រមទាំងរឹតចំណងសាមគ្គីភាព និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន រួមមានសិស្ស និស្សិត ធុរជន និងអ្នកស្រឡាញ់វប្បធម៌នៃប្រទេសទាំងពីរ។
 
បន្ថែមពីនេះ ការបង្កើតសហថាមពលពាណិជ្ជកម្មតាមរយៈការផ្សព្វផ្សាយទេសចរណ៍រួមគ្នា និងការពង្រីកការតភ្ជាប់ឆ្លងកាត់ទីក្រុងកុលកាតា នឹងក្លាយជាឱកាសស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។ ជាមួយគ្នានេះដែរ កិច្ចសហការជិតស្និទ្ធរវាងភាគីពាក់ព័ន្ធក្នុងវិស័យអាកាសចរណ៍ និងទេសចរណ៍ ព្រមទាំងការផ្តល់សេវាកម្មប្រកបដោយទំនុកចិត្ត នឹងក្លាយជាគន្លឹះដ៏សំខាន់​ក្នុងការទាញយកសក្តានុពល​សេដ្ឋកិច្ច​ផ្លូវអាកាស​មួយនេះឱ្យ​បានពេញលេញ និងមាននិរន្តរភាពយូរអង្វែង​៕ ទួន សុផល

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា