ភាពទន់ខ្សោយនៃវិស័យទេសចរណ៍ធ្វើឲ្យធនាគារ ADB បន្ទាបការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជាពី ៤,១%មកនៅត្រឹម៣,៩%វិញ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ភាពទន់ខ្សោយនៃវិស័យទេសចរណ៍ធ្វើឲ្យធនាគារ ADB បន្ទាបការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជាពី ៤,១%មកនៅត្រឹម៣,៩%វិញ

ភាពទន់ខ្សោយនៃវិស័យទេសចរណ៍ធ្វើឲ្យធនាគារ ADB បន្ទាបការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជាពី ៤,១%មកនៅត្រឹម៣,៩%វិញ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានបន្ទាបការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជា ពី ៤,១ភាគរយ មកនៅត្រឹម ៣,៩ភាគរយវិញសម្រាប់ឆ្នាំ២០២៦ ដោយសារសកម្មភាពខ្សោយជាងការរំពឹងទុកក្នុងវិស័យទេសចរណ៍ និងសេវាកម្មពាក់ព័ន្ធនានា។
 
ប៉ុន្តែកំណើនសេដ្ឋកិច្ចត្រូវបានរំពឹងថា នឹងកើនឡើងដល់ ៤,៧ភាគរយវិញក្នុងឆ្នាំ២០២៧ ដោយសារភាពធន់នៃវិស័យកម្មន្តសាល ការធ្វើពិពិធកម្មការនាំចេញ និងការវិនិយោគផ្ទាល់ពីបរទេសជាបន្តបន្ទាប់។ នេះបើយោងតាមការព្យាករធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលបានចេញផ្សាយនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦។
 
លោកស្រី Yasmin Siddiqi នាយិកាប្រចាំប្រទេសកម្ពុជារបស់ ADB មានប្រសាសន៍ថាសេដ្ឋកិច្ចកម្ពុជាបន្តបង្ហាញភាពធន់។ កំណើនដ៏រឹងមាំនៃការនាំចេញផលិតផលកម្មន្តសាល និងការបន្តមានលំហូរចូលទុនវិនិយោគពីបរទេស កំពុងជួយប៉ះប៉ូវបញ្ហាប្រឈមក្នុងវិស័យទេសចរណ៍។
 
សម្រាប់លោកស្រី កិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ច ការបង្កើនសមត្ថភាពប្រកួតប្រជែង ការគាំទ្រគ្រួសារងាយរងគ្រោះ ក៏ដូចជាការពង្រឹងភាពធន់នឹងការប្រែប្រួលអាកាសធាតុ មានសារៈសំខាន់ណាស់ សម្រាប់ការទ្រទ្រង់កំណើនប្រកបដោយបរិយាបន្ន។
 
របាយការណ៍ទស្សនវិស័យអភិវឌ្ឍន៍អាស៊ី ខែកញ្ញា ឆ្នាំ២០២៦ ដែលចេញផ្សាយថ្ងៃនេះដោយធនាគារ ADB បានបង្ហាញថា ការព្យាករអតិផរណាត្រូវបានដំឡើង ដែលនេះឆ្លុះបញ្ចាំងពីការកើនឡើងនៃថ្លៃប្រេងពិភពលោក និងការកើនឡើងថ្លៃដើមនៃការនាំចូល។ អតិផរណាបានកើនឡើងពីអត្រា ២,៦ភាគរយ ក្នុងខែកុម្ភៈ ទៅដល់ ៧,២ភាគរយ ក្នុងខែឧសភា មុនពេលថមថយមកត្រឹម ៥,៥ភាគរយ ក្នុងខែកក្កដា។
 
ជារួម ធនាគារ ADB ព្យាករថា អតិផរណាជាមធ្យមនឹងស្ថិតនៅកម្រិតប្រមាណ ៤,៧ភាគរយ សម្រាប់ឆ្នាំ២០២៦ និង ២,៨ភាគរយ ក្នុងឆ្នាំ២០២៧ ដោយសារវិធានការបន្ធូរបន្ថយពន្ធលើប្រេងឥន្ធនៈ និងតម្លៃប្រាក់រៀល ដែលជាទូទៅមានស្ថិរភាព ជួយបន្ធូរបន្ថយសម្ពាធថ្លៃទំនិញ។
 
យោងតាមធនាគារ ADB ​ វិស័យឧស្សាហកម្មនៅតែជាកត្តាជំរុញដ៏សំខាន់នៃកំណើនសេដ្ឋកិច្ច។ ការនាំចេញផលិតផលកម្មន្តសាលក្រៅពីសម្លៀកបំពាក់ បានកើនឡើង ៣៨,៤ភាគរយ ក្នុងឆមាសទី១ នៃឆ្នាំ២០២៦ ដែលឆ្លុះបញ្ចាំងពីការកើនឡើងនៃការធ្វើពិពិធកម្មលើផលិតផលដែលមានតម្លៃបន្ថែមខ្ពស់ជាងមុន រួមមានគ្រឿងបង្គុំអគ្គិសនី គ្រឿងបន្លាស់រថយន្ត សំបកកង់ឡាន ព្រមទាំងសម្ភារៈនិងសង្ហារឹមធ្វើពីឈើ។ ការនាំចេញសម្លៀកបំពាក់បានកើនឡើង ៦,៣ភាគរយ ដល់ ៨ពាន់លានដុល្លារ ខណៈដែលវិស័យសំណង់ និងអចលនទ្រព្យនៅបន្តជួបការលំបាក។
 
កំណើនវិស័យសេវាកម្ម ត្រូវបានរំពឹងថា នឹងមានភាពទន់ខ្សោយជាងការរំពឹងទុក ដោយសារសកម្មភាពទេសចរណ៍បានធ្លាក់ចុះ។ ការមកដល់របស់ភ្ញៀវទេសចរអន្តរជាតិបានថយចុះ ៤៧,៩ភាគរយ មកនៅត្រឹម ១លាន ៨សែននាក់ ក្នុងឆមាសទី១ ឆ្នាំ២០២៦ ឬត្រឹមតែជាងពាក់កណ្តាលនៃកម្រិតមុនមានជំងឺរាតត្បាតកូវីដ១៩។
 
ភាពតានតឹងភូមិសាស្ត្រនយោបាយដែលកំពុងបន្ត និងការបិទព្រំដែនគោកកម្ពុជា-ថៃ បានបន្ថែមបន្ទុកលើសកម្មភាពទាក់ទងនឹងវិស័យទេសចរណ៍ រួមមាន សេវាដឹកជញ្ជូន បដិសណ្ឋារកិច្ច និងពាណិជ្ជកម្ម។
 
ទន្ទឹមនេះ វិស័យកសិកម្មត្រូវបានរំពឹងថានឹងរួមចំណែកខ្លះៗផងដែរដល់កំណើនសេដ្ឋកិច្ច ជាពិសេសតាមរយៈការនាំចេញគ្រាប់ស្វាយចន្ទី ដំឡូងមី និងអង្ករ។ ប៉ុន្តែ​វិស័យនេះនៅតែប្រឈមនឹងហានិភ័យ និងការរំខានពីអាកាសធាតុអាក្រក់បង្កដោយបាតុភូតអែលនីញ៉ូ (El Niño) ដែលអាចកើតមាននៅចុងឆ្នាំ២០២៦ និងដើមឆ្នាំ២០២៧៕

ខន ណារី AMS

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា