កម្ពុជាបញ្ជាក់ជំហរច្បាស់លាស់ នឹងមិនឱ្យក្លាយជាជម្រកសុវត្ថិភាពសម្រាប់អំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឡើយ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជាបញ្ជាក់ជំហរច្បាស់លាស់ នឹងមិនឱ្យក្លាយជាជម្រកសុវត្ថិភាពសម្រាប់អំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឡើយ

កម្ពុជាបញ្ជាក់ជំហរច្បាស់លាស់ នឹងមិនឱ្យក្លាយជាជម្រកសុវត្ថិភាពសម្រាប់អំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឡើយ

នៅចំពោះមុខសហគមន៍អន្តរជាតិ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ជំហរយ៉ាងម៉ឺងម៉ាត់ថា កម្ពុជាដាច់ខាតមិនអនុញ្ញាតឱ្យបណ្តាញឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធអនឡាញ មកជ្រកកោន ឬប្រើប្រាស់ទឹកដីកម្ពុជា ដើម្បីបំផ្លាញវឌ្ឍនភាពជាតិ និងសេចក្តីសុខសាន្តរបស់ប្រជាជនកម្ពុជា ១៧លាននាក់នោះឡើយ។
​ 
ក្នុងពិធីបើកសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជា​ណា​ចក្រ​កម្ពុជា បានបញ្ជាក់ជាថ្មីថា ឧស្សាហកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា មិនបានចាប់ផ្ដើមនៅក្នុងប្រទេសកម្ពុជានោះទេ ហើយក៏មិនបានកើតឡើងតែនៅក្នុងប្រទេសកម្ពុជានោះដែរ។

សម្តេចសង្កត់ធ្ងន់ថា ការពាក់ព័ន្ធដំបូងរបស់កម្ពុជាជាមួយបញ្ហានេះ ត្រូវបានផ្សាភ្ជាប់ទៅនឹងកំណើននៃល្បែងបច្ចេកវិទ្យា និងធុរកិច្ចនានាជាប់ទាក់នឹងឧស្សាហកម្មកាស៊ីណូ។ បណ្តាញឧក្រិដ្ឋកម្មបានវិវត្តខ្លួនសម្របខ្លួនឆ្លងកាត់ព្រំដែនយ៉ាងឆាប់រហ័ស ក្រោមរូបភាពអចលនទ្រព្យ ពាណិជ្ជកម្ម ចន្លោះប្រហោងនៃបទប្បញ្ញតិ និងបណ្តាញទុរគមនាគមយ៉ាងស្មុគស្មាញ ដើម្បីបង្កើតប្រព័ន្ធអេកូឡូស៊ីនៃការឆបោកឆ្លងដែន។

សម្ដេចនាយករដ្ឋមន្រ្ដី ក៏បានបញ្ជាក់ជំហរច្បាស់លាស់ថា កម្ពុជានឹងមិនក្លាយជាជម្រកសុវត្ថិភាពសម្រាប់អំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឡើយ។ សម្ដេចចាត់ទុកថា ឧក្រិដ្ឋកម្មឆ្លងដែននេះ គឺជាបាតុភូតថ្មីមួយក្រោយជំងឺកូវីដ-១៩ ដែលមានលក្ខណៈខុសប្លែកទាំងស្រុងពីវប្បធម៌ គុណតម្លៃ និងអត្តសញ្ញាណជាតិរបស់កម្ពុជា ហើយកម្ពុជា នឹងមិនអនុញ្ញាតឱ្យបណ្ដាញឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា មកបំផ្លាញវឌ្ឍនភាពរបស់ប្រទេស និងជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាជាង១៧លាននាក់នោះឡើយ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានមានប្រសាសន៍ផងដែរថា ការប្រឆាំងការឆបោកតាមអនឡាញមិនគួរប្រើជាឧករណ៍សម្រាប់ប្រឆាំងប្រទេសណាមួយផ្សេងទេ ហើយក៏មិនត្រូវប្រើជាលេសសម្រាប់វាយប្រហារ ឬកាន់កាប់ដែនអធិបតេយ្យរបស់ប្រទេសណាមួយផ្សេងទៀតដែរ ព្រោះនេះគឺជាការរំលោភបំពានយ៉ាងច្បាស់លាស់លើគោលការណ៍ច្បាប់អន្តរជាតិ។ រឿងអកុសលនេះ​បានកើតឡើងលើប្រទេស​កម្ពុជា​ក្នុង​ជម្លោះ​ព្រំដែន​ជាមួយ​ប្រទេស​ថៃ។

ដោយឡែក ឯកឧត្តម ឆៃ ស៊ីណារិទ្ធ ប្រធាន​លេខាធិការដ្ឋាន​នៃ​គណៈកម្មាការ​ចំពោះ​កិច្ច​ប្រយុទ្ធ​ប្រឆាំង​ការ​ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានបញ្ជាក់ថា ប្រទេសកម្ពុជាមិន​មែន​ជា​ប្រភព​ដើម​នៃ​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យានោះទេ។ ប៉ុន្តែកម្ពុជា​ត្រូវ​បាន​ជ្រើស​រើស​គោល​ដៅមួ​យក្នុ​ង​ចំណោម​ប្រទេសផ្សេងទៀត ក្នុងការប្រព្រឹត្តសកម្មភាពឆបោក ។

ឯកឧត្តមលើកឡើងថា បណ្តា​ញឧក្រិដ្ឋកម្ម​ឆ្លង​ដែន​ដែល​ជា​ជន​បរទេស ​បា​ន​ប្រើ​ប្រាស់​ប្រទេស​កម្ពុជា ​ដើម្បី​​ឆបោក​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យា ​ទៅ​លើ​ជន​រង​គ្រោះនៅក្រៅប្រទេស រួមទាំងប្រជាជនកម្ពុជាផងដែរ។ ផល​ប៉ះពាល់​អវិជ្ជមាន​បាន​កើត​ឡើង​លើគ្រប់វិស័យ ទាំងលើផ្នែកសន្តិសុខជាតិ និងសណ្តាប់​ធ្នាប់សាធារណៈ ​ទេសចរណ៍​ ការ​វិនិយោគ និងសេដ្ឋកិច្ចទាំងមូល ជាពិសេសកេរ្តិ៍ឈ្មោះ មុខមាត់ សេចក្តីថ្លៃថ្នូរ​របស់​កម្ពុជា​លើ​ឆាកអន្តរជាតិ ។

ចំណែកលោកស្រី Delphine Schantz អ្នកតំណាង​ប្រចាំតំបន់​នៃ​ការិយាល័យ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​គ្រឿង​ញៀន និងឧក្រិដ្ឋកម្មប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក បានថ្លែងថា កម្ពុជាគឺ​ជា​ប្រទេស​គំរូ​មួយ​ក្នុង​ការ​បង្រ្កាបការឆបោកតាមអនឡាញ ចំពោះមុខ​ការ​កើន​ឡើង​នូវ​មជ្ឈ​មណ្ឌល​ឆបោក​ថ្មីៗ​នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ​ការណ៍បា​ន​បង្ហាញ​តាម​រយៈ​ប្រតិបត្តិការ​បង្ក្រាប​​ទីតាំងមជ្ឈមណ្ឌលឆបោកបានជាច្រើន ។

​​សូមបញ្ជាក់ថា សន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា រៀបចំឡើងនៅថ្ងៃទី២៣ និង២៤ ខែកញ្ញា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ក្រោមប្រធានបទ៖ “រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា”៕

ដោយ៖ ទួន សុផល + វណ្ណលុក

ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក

ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា