រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ៖ គ្មានជម្រក​សុវត្ថិភាព គ្មានច្រកចេញសម្រាប់លំហូរប្រាក់ខុសច្បាប់ និងគ្មានការលើកលែងសម្រាប់មេខ្លោង ឬបណ្តាញ​ឧក្រិដ្ឋក​ម្មឆ្លងដែនណាមួយទេ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ៖ គ្មានជម្រក​សុវត្ថិភាព គ្មានច្រកចេញសម្រាប់លំហូរប្រាក់ខុសច្បាប់ និងគ្មានការលើកលែងសម្រាប់មេខ្លោង ឬបណ្តាញ​ឧក្រិដ្ឋក​ម្មឆ្លងដែនណាមួយទេ

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ៖ គ្មានជម្រក​សុវត្ថិភាព គ្មានច្រកចេញសម្រាប់លំហូរប្រាក់ខុសច្បាប់ និងគ្មានការលើកលែងសម្រាប់មេខ្លោង ឬបណ្តាញ​ឧក្រិដ្ឋក​ម្មឆ្លងដែនណាមួយទេ

ភ្នំពេញ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយ​ក​រដ្ឋមន្ត្រី រដ្ឋមន្តរីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា គ្មានជម្រក​សុវត្ថិភាព គ្មានច្រកចេញសម្រាប់លំហូរប្រាក់ខុសច្បាប់ និងគ្មានការលើកលែងសម្រាប់មេខ្លោង ឬបណ្តាញ​ឧក្រិដ្ឋក​ម្មឆ្លងដែនណាមួយទេ។ ទោះក្នុងទម្រង់​ណាក៏ដោយ ក៏ស្មារតី និងកម្លាំងសាមគ្គីភាពអន្តរជាតិ នឹងតាមបង្ក្រាបរហូតឈានទៅបញ្ចប់បទល្មើសនេះឱ្យទាល់តែបាន។ ការបញ្ជាក់នេះ ក្នុងសន្និសីទអន្តរជាតិ ស្តីពី «ការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា»ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ទៀតថា សន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គឺជាសារប្រាប់ទៅក្រុមឧក្រិដ្ឋ​ជនទាំងអស់ ឱ្យបានដឹងថា កម្ពុជារួមជាមួយ​ពិភពលោកទាំងមូល មិនអនុញ្ញាតឱ្យមានការឆបោក​តាមប្រព័ន្ធបច្ចេកវិទ្យា នៅលើផែនដីនេះតទៅទៀត​នោះឡើយ។ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានលើកគោលគំនិតចំនួន១០ចំណុច ជូនអង្គសន្និសីទអន្តរជាតិពិចារណាក្នុងន័យលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិ នៃការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

ចំណុចសំខាន់ៗទាំង១០ រួមមាន ទី១.លើកកម្ពស់ការចែករំលែក និងផ្លាស់ប្តូរព័ត៌មានទាន់ពេល។ ២.បន្តពង្រឹងការស្រាវជ្រាវបណ្តាញហិរញ្ញវត្ថុ។ ៣.រឹតបន្តឹងការគ្រប់គ្រងការចេញចូលឆ្លងដែន។ ៤.លើកកម្ពស់ភាពជាដៃគូរវាងរដ្ឋ និងវិស័យឯកជន។ ៥.ជំរុញការផ្លាស់ប្តូរជំនាញ បទពិសោធ បច្ចេកទេស និងការបណ្តុះបណ្តាល។ ៦.លើកកម្ពស់ការការពារជនរងគ្រោះ។ ៧.ការធ្វើសកម្មភាពរួមគ្នា និងព្រមៗគ្នាក្នុងពេលតែមួយ។ ៨.ការបង្កើតក្របខណ្ឌច្បាប់ និងលិខិតបទដ្ឋានយុត្តិធម៌រួមជាសកល។ ៩.ការលើកកម្ពស់ការយល់ដឹង និងអប់រំសាធារណជនជាសកល និងទី១០.ការស្រាវជ្រាវ និងអភិវឌ្ឍបច្ចេកវិទ្យាឆ្លាតវៃសម្រាប់បង្ក្រាបបទល្មើស។

ឯកឧត្តមអភិសន្តិបណ្ឌិត បានចាត់ទុកវត្តមាននៃការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ និងតំណាងស្ថាប័នអន្តរជាតិនានា ជាសក្ខីភាពស្តែងឱ្យឃើញយ៉ាងច្បាស់ពីសុច្ឆន្ទៈដ៏មុតមាំ និងការប្តេជ្ញាចិត្តរួមគ្នាប្រយុទ្ធប្រឆាំង និងលុបបំបាត់ឧក្រិដ្ឋកម្មឆ្លងដែនជាបទល្មើសសកលមួយនេះឱ្យកាន់តែមានប្រសិទ្ធភាព សំដៅធានាបាននូវសន្តិសុខ សុវត្ថិភាព និងផលប្រយោជន៍ជូនមនុស្សជាតិក្នុងពិភពលោក។

ឆ្លើយតបទៅនឹងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ប្រមុខក្រសួងមហាផ្ទៃ បានគូសបញ្ជាក់អំពីលទ្ធផល ដែលអាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ បានចាត់វិធានការបង្ក្រាប ដោយគិតចាប់ពីខែកក្កដា ឆ្នាំ២០២៥ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ សមត្ថកិច្ចបង្ក្រាបបោសសម្អាតសរុបចំនួន៦៦៥ទីតាំង និងបានអនុវត្តវិធានការបង្ការតាមរយៈការចុះត្រួតពិនិត្យរដ្ឋបាលសរុបចំនួន២៨.៥១២ទីតាំង។ តាមរយៈវិធានការខាងលើនេះ សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចំនួន ២៦៨សំណុំរឿង មានជនសង្ស័យជិត ២.៧៧៣នាក់ ដែលក្នុងនោះកំពុងជាប់ឃុំ ចំនួន២.២០០នាក់ ព្រមទាំងបានបណ្តេញជនបរទេសពាក់ព័ន្ធនឹងបទល្មើសនេះចំនួន ២១.១០២នាក់ មាន៣៨សញ្ជាតិ។

សន្និសីទនេះមានគោលបំណងសំខាន់ៗចំនួន៣ រួមមាន ទី១. ស្វែងយល់ឱ្យកាន់តែស៊ីជម្រៅអំពីការវិវត្តនៃប្រព័ន្ធអេកូឡូស៊ីដ៏ស្មុគស្មាញរបស់បណ្តាញឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ទី២.ពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ការសម្របសម្រួល និងភាពជាដៃគូពហុភាគី ក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងទី៣. លើកកម្ពស់ការផ្លាស់ប្តូរបទពិសោធន៍និងឧត្តមានុវត្តន៍ និងបង្កើតការអំពាវនាវឱ្យមានសកម្មភាពរួមគ្នា ក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

សន្និសីទនេះដែរ នឹងអនុម័តលើឯកសារលទ្ធផលមួយ ដែលនឹងផ្តល់នូវក្របខ័ណ្ឌសម្រាប់ការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ការចែករំលែកព័ត៌មាន ការកសាងសមត្ថភាព ការបង្ការ ការអនុវត្តច្បាប់ ការការពារជនរងគ្រោះ និងការសម្របសម្រួលគ្នាក្នុងការឆ្លើយតបចំពោះការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងឧក្រិដ្ឋកម្មឆ្លងដែនដែលប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា៕
ដោយ៖ពលជ័យ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា