កុមារជាង១២ម៉ឺននាក់បានទទួលវ៉ាក់សាំងការពារជំងឺរាកដោយឥតគិតថ្លៃ ​​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កុមារជាង១២ម៉ឺននាក់បានទទួលវ៉ាក់សាំងការពារជំងឺរាកដោយឥតគិតថ្លៃ ​​

កុមារជាង១២ម៉ឺននាក់បានទទួលវ៉ាក់សាំងការពារជំងឺរាកដោយឥតគិតថ្លៃ ​​

វ៉ាក់សាំងការពារជំងឺរាកដែលបង្កដោយវីរុសរ៉ូតា ត្រូវបានក្រសួងសុខាភិបាលដាក់បញ្ចូលក្នុងកម្មវិធីជាតិផ្តល់ថ្នាំបង្ការ របស់មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក តាំងពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ ហើយបាននិងកំពុងផ្តល់ជូននៅតាមមណ្ឌលសុខភាពទូទាំងប្រទេសជាប្រចាំដោយឥតគិតថ្លៃ។ គិតមកដល់ពេលបច្ចុប្បន្ន ​កុមារចំនួនជាង១២ម៉ឺន១ពាន់នាក់ បានទទួលវ៉ាក់សាំងការពារជំងឺរាកនេះ។
 
លោកស្រីសាស្ត្រាចារ្យ គឹម រ័ត្ននា នាយកមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក នៃក្រសួងសុខាភិបាល បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន AMS ថា កុមារម្នាក់ត្រូវមកទទួលវ៉ាក់សាំងបង្ការជំងឺរាកនេះចំនួន២ដូស ដោយដូសទី១ ផ្តល់នៅពេលកុមារមានអាយុ១ខែកន្លះ និងដូសទី២ នៅអាយុ២ខែកន្លះ។
 
លោកស្រីសាស្ត្រាចារ្យ គឹម រ័ត្ននា បានលើកឡើងថា នៅពេលកុមារទទួលបានវ៉ាក់សាំងនេះគ្រប់ដូសហើយ អាចការពារកុមារពីការរលោកក្រពះ និងពោះវៀនធ្ងន់ធ្ងរ ជាមួយប្រសិទ្ធភាពពី ៩០ ទៅ១០០ភាគរយ ដែលជួយ​កាត់បន្ថយការចូលសម្រាកពេទ្យ និងការស្លាប់ដោយសារវីរុសរ៉ូតា។
 
បើតាមអ្នកជំនាញរូបនេះ ជំងឺរាកនៅតែជាបញ្ហាសុខភាពសំខាន់មួយចំពោះកុមារ និងការស្លាប់របស់កុមារនៅកម្ពុជា។ យោងតាមរបាយការណ៍របស់មន្ទីរពេទ្យកុមារជាតិ ក្នុងចំណោមកុមារ ៧ ០០៧ នាក់ អាយុក្រោម ៥ឆ្នាំ ដែលបានសម្រាកនៅមន្ទីរពេទ្យ ចន្លោះពីឆ្នាំ ២០១០ ដល់ឆ្នាំ ២០១៦ មានកុមារជាង ៣ពាន់នាក់ ឬប្រមាណ៥០ភាគរយ កើតជំងឺរាក ដោយសារវីរុសរ៉ូតា ដែលភាគច្រើនកើតលើកុមារអាយុក្រោម ២ ឆ្នាំ។
 
វីរុសរ៉ូតាគឺជាមេរោគដែលងាយឆ្លង ហើយអាចចម្លងតាមផ្លូវពីលាមកទៅមាត់ ដោយផ្ទាល់ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត ឬដោយប្រយោលតាមរយៈអាហារ ទឹក និងវត្ថុ ឬផ្ទៃដែលមានមេរោគ ដូចជារបស់ក្មេងលេងជាដើម។ ទារក និងកុមារតូចៗងាយប្រឈមនឹងការឆ្លង ដោយសារពួកគេច្រើនយកដៃ និងវត្ថុផ្សេងៗដាក់ចូលក្នុងមាត់។
 
វីរុសរ៉ូតា អាចបង្កឱ្យកុមាររាកធ្ងន់ធ្ងរ ក្អួត គ្រុនក្តៅ ឈឺពោះ និងរមូលក្រពើ បាត់បង់ចំណង់អាហារ ​ទន់ខ្សោយ និងអស់កម្លាំង ហើយជួនកាលកុមារអាចមានរោគសញ្ញាផ្លូវដង្ហើម ឈឺក្បាល រហូតប្រកាច់ផងដែរ ប៉ុន្តែជាករណីកម្រប៉ុណ្ណោះ។​ ក្នុងករណីបាត់បង់ជាតិទឹកធ្ងន់ធ្ងរ កុមារអាចមានការថយចុះកម្តៅ និងថយចុះសម្ពាធឈាមយ៉ាងគំហុកដែលអាចបណ្តាលឱ្យកុមារអាចស្លាប់បាន។
 
ដើម្បីការពារកុមារពីជំងឺរាកធ្ងន់ធ្ងរ លោកស្រីសាស្ត្រាចារ្យ គឹម រ័ត្ននា បានអំពាវនាវឱ្យឪពុកម្តាយ នាំកូនទៅទទួលវ៉ាក់សាំងការពារជំងឺរាកឱ្យបានគ្រប់ដូសតាមកាលវិភាគរបស់កម្មវិធីជាតិ ហើយត្រូវធ្វើអនាម័យឱ្យកូន ​ត្រូវលាងដៃជាមួយសាប៊ូ​ជាប្រចាំមុន​ឱ្យកុមារបរិភោគអាហារ និងក្រោយពេលបន្ទោរបង់រួច៕

ទាវ សារៈមុនី

ទាវ សារៈមុនី

ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា